សហភាពអឺរ៉ុប

ជំនួប​កំពូល​សង្គមអឺរ៉ុប ៖​ ជំហាន​ដំបូងនៃ​កសាង​​អឺរ៉ុប​មាន​សាមគ្គីភាព​ខ្លាំង​ជាង​មុន

លោកស្រី​ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen និង​នាយករដ្ឋមន្ត្រី​ព័រទុយហ្កាល់Antonio Costa
លោកស្រី​ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen និង​នាយករដ្ឋមន្ត្រី​ព័រទុយហ្កាល់Antonio Costa REUTERS - POOL

ជួបប្រជុំ​គ្នា​នៅព័រទុយហ្កាល់ នា​ថ្ងៃសុក្រ​ទី ៧​ឧសភា និង​ថ្ងៃសៅរ៍ទី​៨​ឧសភា​នេះ ប្រមុខ​ដឹកនាំ​នៃ​ក្រុមប្រទេស​ជា​សមាជិក​សហភាពអឺរ៉ុប ទាំង​២៧​ប្រទេស បានព្រមព្រៀង​គ្នា​កសាង​អឺរ៉ុប​មួយ ដែល​គិត​គូរ​អំពី​បញ្ហា​សង្គមជាង​មុន។ សហភាពអឺរ៉ុប​បាន​ប្តេជ្ញាចិត្ត តាម​រយៈ​​​​សេចក្តី​ថ្លែងការណ៍​រួម ​ដោយ​សង្ឃឹមថា​នឹង​អាច​នាំអឺរ៉ុប​ឱ្យ​ដើរ​ចេញ​ពី​វិបត្តិ​កូវីដ១៩​ តែ​ការ​ងារ​ជាក់​ស្តែង​នៅ​វែង​ឆ្ងាយ​ណាស់។

ផ្សាយពាណិជ្ជកម្ម

ដៃគូ​សង្គម និង​ប្រមុខ​ដឹកនាំ​អឺរ៉ុប​ បាន​អបអរ​សាទរ​គ្នា​ខ្លាំង​ណាស់ ព្រោះ​ពួកគេ​ទើប​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម ដែល​ជា​ផែនការ​សម្រាប់​កសាង​អឺរ៉ុប​មាន​លក្ខណៈ​សង្គម​ខ្លាំង។

ជា​ជំនួប​ជា​ប្រវត្តិសាស្ត្រ ដោយ​សម្រេច​ផែនការ​ដែល​ជាការ​​​ប្តូរ​គំរូ​ដឹកនាំអឺរ៉ុប​ ! នេះ​បើ​តាម​ប្រសាសន៍​របស់​លោកនាយករដ្ឋមន្ត្រី​ព័រទុយហ្កាល់​ ដែល​ពន្យល់​លម្អិត​ថា​ ទៅ​ថ្ងៃអនាគត អឺរ៉ុប​នឹង​មាន​សមភាព​ យុត្តិធម៌​ ជាងមុន មិនសូវ​គិត​តែអំពីហិរញ្ញវត្ថុ តែ​គិត​ខ្លាំង​ដល់​សង្គម​និង​សេដ្ឋកិច្ច។ អឺរ៉ុប​មិន​វាយតម្លៃ​ប្រទេស​មួយ​ដោយ​មើល​តែ​លើ​លទ្ធផល​នៃ​ឱនភាព​ជាតិ បំណុល ឬ​កំណើន​សេដ្ឋកិច្ចទេ តែអឺរ៉ុប​នឹង​ពិនិត្យ​មើល​អំពី​អត្រា​​នៃ​ភាព​ក្រីក្រ អំពី​សមត្ថភាព​នៃ​ការ​បំពាក់បំប៉ន​ និង​​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​។ បើ​តាមផែនការ​សកម្មនៅ​ឆ្នាំ​២០៣០ អឺរ៉ុប​មាន​កម្មវត្ថុ បង្កើន​​អត្រា​ការងារ​ឱ្យ​បាន​ដល់​៧៨%​ បង្កើន​​វគ្គ​បំពាក់​បំប៉ន​​វិជ្ជាជីវៈ​ដល់​​មនុស្ស​ធំ​ឱ្យ​បាន ៦០% និង​ ​ជួយ​​ពលរដ្ឋ​១៥​លាន​នាក់ ឱ្យ​ដើរ​ចេញ​​ភាព​ក្រីក្រ និង​ចូលសង្គម​វិញ។

សម្រាប់​ប្រធានសភា​អឺរ៉ុប​លោក ដាវីដ សាសូលី David Sassoli ​ ផែនការ​កសាង​អឺរ៉ុប​ថ្មី​ យក​បញ្ហា​សង្គម​​ជាអាទិភាព​ចំបង នឹង​មិន​ទុក​ឱ្យ​នរណាឱ្យ​នៅ​គន្លៀត​ជញ្ជាំង​ទេ។ អឺរ៉ុបត្រូវ​តែរកមធ្យោបាយ​ផ្តល់​ប្រាក់​ខែ​ដល់​បុគ្គលិក​ ឱ្យ​បាន​សមរម្យ និង​អាច​រស់​បាន​ សក្តិសម​នឹង​​ការ​​​ខិតខំបំ​ពេញ​ការងារ​របស់​ពួកគេ។ នេះ​បើ​តាម​សំដី​របស់​របស់​លោកស្រី​ប្រធាន​គណៈកម្មការ​អឺរ៉ុប ដោយ​ឆ្លៀត​រំលឹកថា ​​​ផែនការ​ផ្តល់​សន្ទុះសេដ្ឋកិច្ចរួម​​ តម្លៃ​៧៥០​ពាន់​លាន​អឺរ៉ូ  ដែល​អឺរ៉ុប​បាន​សម្រេចក្នុង​ពេលមានវិបត្តិ​កូវីដ​១៩​ ជា​និម្មិត្តរូប​ជាក់ស្តែង​នៃ​សាមគ្គីភាពអឺរ៉ុប។

ដើម្បីការពារ​ពលករ​ក្នុង​ផ្នែក​ឌីជីថល​ ឬ​ឱ្យ​មាន​​​ប្រាក់​ខែ​អប្បបរិមាខ្ពស់ក្នុង​រង្វង់​សហភាព អឺរ៉ុប​កំពុង​រៀប​ចំ​​តាក់តែង​ច្បាប់​ហើយ។ នេះ​បើ​តាម​ការ​ព្រលយ​ឱ្យដឹង​របស់​​លោក​ប្រធានាធិបតី​បារាំង ម៉ាក្រុង ដោយ​មិនលាក់​បាំង​ការ​លំបាក​ថា មាន​សំឡេង​ប្រឆាំង មាន​អ្នកមិនខ្វល់​ តែ​ជា​ច្បាប់​ដ៏​ចាំ​បាច់​ដែល​ត្រូវ​សម្រេច​ឱ្យ​បាននា​ពេលនេះ។

ជំនួប​កំពូល​សង្គម​អឺរ៉ុប​ប្រព្រឹត្ត​ទៅ​ចំពេល​ដែល​អឺរ៉ុប​កំពុង​​ចាប់​មើលឃើញ​ពន្លឺថា​ជិត​ដើរ​ចេញ​ផុត​ពី​វិបត្តិ​រាតត្បាត​កូវីដ​១៩​ហើយ។ វិបត្តិ​ដែល​បាន​បន្សល់​ទុក​នូវ​ភាព​អត់​ការងារ​ធ្វើ និង​ភាពក្រីក្រ​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ជាមួយ​នឹង​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​លឿន​ទៅមុខ  និង​ការ​លើក​បម្រាម​ជា​បណ្តើរៗ អឺរ៉ុប​សង្ឃឹម​ថា​​សេដ្ឋកិច្ច​នឹង​ចាប់​មាន​សន្ទុះ​ឡើង​វិញ។ ប្រមុខ​ដឹកនាំអឺរ៉ុប​ មិន​ចង់​ដើរ​ជាន់​ដាន​ចាស់ ដូច​កាលក្រោយ​វិបត្តិហិរញ្ញវត្ថុ​​ឆ្នាំ​២០០៨​ និងការ​ប្រកាន់​នយោបាយ​រិតត្បិត​ដែល​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ធ្លាក់​ខ្លួន​ក្រ និង​លេច​គំនិត​ប្រជាភិថុត​ទៀត​ទេ។ ឥលូវ​ត្រូវ​ប្រែ​ ​​ឆន្ទៈ​ល្អនេះ ទៅ​ជា​សកម្មភាព​ពិត !

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI