អឺរ៉ុប-កូវីដ១៩

វ៉ាក់សាំងបង្ការកូវីដ១៩៖សហភាពអឺរ៉ុបសម្រេចមិនបន្តកុងត្រាជាមួយមន្ទីរពិសោធន៍ AstraZeneca

ស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្មផ្ទៃក្នុង លោកជារី ប្រឺតុង។
ស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្មផ្ទៃក្នុង លោកជារី ប្រឺតុង។ AP - John Thys

នៅ​ថ្ងៃ​អាទិត្យ ទី៩ ឧសភា ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​ពាណិជ្ជកម្ម​ផ្ទៃក្នុង លោក​ជារី ប្រឺតុង​បាន​ថ្លែង​ថា គណៈកម្មការ​អឺរ៉ុប​បាន​សម្រេច​មិន​បន្ត​កុងត្រា​ទិញ​វ៉ាក់សាំង​របស់​មន្ទីរពិសោធន៍ AstraZenaca ទៀត​ទេ​នៅ​ពេល​ដែល​កុងត្រា​សព្វថ្ងៃ​នឹង​ផុតកំណត់​នៅ​ដំណាច់​ខែ​មិថុនា​ខាង​មុខ។ ស្នងការ​អឺរ៉ុប​រូប​នេះ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ទេ។ គួរ​រម្លឹក​ថា​ថ្មីៗ​នេះ គណៈកម្មការ​អឺរ៉ុប​បាន​ប្តឹង​ប្រឆាំង​នឹង​មន្ទីរពិសោធន៍ AstraZenaca ពី​បទ​មិន​បាន​ផ្តល់​វ៉ាក់សាំង​ឲ្យ​អឺរ៉ុប​តាម​ពេល​វេលា និង​បរិមាណ​ដែល​បាន​កំណត់។ ទន្ទឹម​នឹង​មិន​បន្ត​កុងត្រា​ជាមួយ AstraZeneca គណៈកម្មការ​អឺរ៉ុប​បាន​ប្រកាស​ពី​ការ​ចុះ​កុងត្រា​ទិញ​វ៉ាក់សាំង​របស់​មន្ទីរពិសោធន៍ Pfizer-BioNtech ចំនួន ១ ៨០០លានដូស​សម្រាប់​រយៈពេល​ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៣។ លោក​ជារី ប្រឺតុង​បាន​បញ្ជាក់​ថា លោក​យល់​ពី​ក្តីបារម្ភ​របស់​អ្នក​ខ្លះ​ចំពោះ​វ៉ាក់សាំង AstraZeneca តែ​លោក​យល់​ថា AstraZeneca ជា​វ៉ាក់សាំង​ល្អ​ណាស់។

ផ្សាយពាណិជ្ជកម្ម

« គ្រប់​ទីកន្លែង​ទាំង​អស់​នៅ​អឺរ៉ុប មាន​ការ​ជឿ​ទុក​ចិត្ត​ខ្លាំង​ណាស់​លើ​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ដែល​ជា​រដ្ឋអំណាច​សុខាភិបាល​របស់​យើង។ យើង​ជឿ និង​អនុវត្ត​តាម​អនុសាសន៍​របស់​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប។ អនុសាសន៍​របស់​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​បាន​បញ្ជាក់​ច្បាស់ៗ​ថា AstraZeneca ជា​វ៉ាក់សាំង​ល្អ។ ពិតណាស់ វ៉ាក់សាំង AstraZeneca ក៏​ដូច​ជា​វ៉ាក់សាំង​ផ្សេង​ទៀត​ដែរ​តែង​តែ​មាន​ផល​រំខាន។ តែ​គ្រាន់​ជា​ផលរំខាន​តិចតួច​ស្តួងស្តើង​ដែល​គេ​ត្រូវ​តាមដាន​មើល។

អ៊ីចឹង​ហើយ​បាន​ជា​ការ​ចាក់​វ៉ាក់សាំង​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​បុគ្គលិក​ពេទ្យ។ ខ្ញុំ​យល់ និង​ឮ​ពី​ភាព​ប្រយ័ត្នប្រយែង និង​ការ​មិន​ទុកចិត្ត​របស់​ពលរដ្ឋ​ខ្លះ​ចំពោះ​វ៉ាក់សាំង AstraZeneca។ តែ​យើង​ទាំង​អស់​គ្នា​មាន​សំណាង​ដែល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ នេះ​មិនមែន​ជា​កាតព្វកិច្ច​ដូច​នៅ​ក្នុង​ប្រទេស​កាន់​អំណាច​ផ្តាច់ការ​មួយ​ចំនួន​ដែល​ខ្ញុំ​មិន​លើក​ឈ្មោះ​នោះ​ទេ។ ដូច្នេះ​សម្រាប់​យើង យើង​មាន​ជម្រើស និង​មាន​លទ្ធភាព​អាច​ជ្រើសរើស​ប្រភេទ​វ៉ាក់សាំង​ដោយ​ផ្អែក​តាម​ប្រភេទ និង​អាយុ​របស់​មនុស្ស​ម្នាក់ៗ។

យ៉ាង​ណា​ក៏​ដោយ យើង​មិន​បាន​បន្ត​កុងត្រា​ទិញ​វ៉ាក់សាំង​របស់​មន្ទីរពិសោធន៍ AstraZenaca ទៀត​ទេ​នៅ​ពេល​ដែល​កុងត្រា​សព្វថ្ងៃ​នឹង​ផុតកំណត់​នៅ​ដំណាច់​ខែ​មិថុនា​ខាង​មុខ។ យើង​នឹង​ចាំ​មើល​បន្ត​ទៀត »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI