បារាំង

ក្រុម​ទាហាន​​បារាំង ចេញ​លិខិត​អនាមិក​ជាលើក​​​ទី២ ថា​បារាំង​​កំពុង​​ប្រឈម​​នឹង​ «សង្រ្គាមស៊ីវីល»

លោកម៉ាក្រុង ប្រធានាធិបតីបារាំង កំពុងឈរជជែកជាមួយ​មេបញ្ជាការកងទ័ពបារាំង ក្នុងពិធីបុណ្យរំលឹកជ័យជំនះសង្គ្រាមលោក​លើកទី​២ ៨ឧសភា២០២១។
លោកម៉ាក្រុង ប្រធានាធិបតីបារាំង កំពុងឈរជជែកជាមួយ​មេបញ្ជាការកងទ័ពបារាំង ក្នុងពិធីបុណ្យរំលឹកជ័យជំនះសង្គ្រាមលោក​លើកទី​២ ៨ឧសភា២០២១។ AFP - CHRISTIAN HARTMANN

ថ្ងៃចន្ទទី​១០ឧសភា សារព័ត៌មានបារាំងមួយ បានចុះផ្សាយ​លិខិតអនាមិកមួយច្បាប់ទៀត របស់នាយទាហានបារាំង។ ក្រុមទាហានបារាំងដែលសរសេរលិខិតនេះ បានលើកឡើងថា ប្រទេសបារាំងកំពុងតែប្រឈមនឹង​ « សង្គ្រាមស៊ីវីល » និងបានអំពាវនាវឲ្យ​គ្រប់គ្នាចូលរួម​ ដើម្បី​សង្គ្រោះប្រទេសបារាំង។ គួរកត់សំគាល់ថា នេះគឺជាលើកទី២ហើយ ដែលមានលិខិតអនាមិករបៀបនេះ ធ្វើដោយតទាហានបារាំង។ រដ្ឋាភិបាល​បារាំង និងអ្នកនយោបាយ​ឆ្វេងនិយម បាន​បរិហារ​​ថាលិខិតនេះ គឺជា​ឧបករណ៍នយោបាយ​ប្រជាភិថុត របស់គណបក្សស្តាំនិយមជ្រុល​ ហើយថានាយទាហាន​ដែលសរសេរលិខិតនេះ​ បាន​ធ្វើខុសនឹងបទវិន័យ នៃការប្រកាន់អាព្យាក្រិត្យភាព។

ផ្សាយពាណិជ្ជកម្ម

លិខិតអនាមិកមួយច្បាប់​ សរសេរដោយជនមួយក្រុម អះអាងថាខ្លួនជា​នាយទាហាន ក្នុងជួរកងទ័ពបារាំង ត្រូវបាន​សារព័ត៌មានអភិរក្សនិយម Valeurs Actuelles ចុះផ្សាយ​នៅថ្ងៃចន្ទទី​១០ឧសភា។ លិខិតនេះ មានសរសេរលើកឡើងជាអាទិ៍ថា « ប្រទេសបារាំងកំពុងតែប្រឈមនឹង​សង្គ្រាមស៊ីវីល ដោយសារតែអំពើហិង្សា កំហឹងស្អប់ប្រទេសបារាំង ស្អប់វប្បធម៌ និងប្រវត្តិសាស្ត្របារាំង បានផុសផុលឡើងកាន់តែខ្លាំង។ បើសិនជាសង្រ្គាមស៊ីវីលផ្ទុះឡើងពិតមែន កងទ័ព និងចេញមុខប្រយុទ្ធដើម្បីសង្គ្រោះប្រទេសជាតិ »

គួរកត់សំគាល់ថា នេះគឺជាលើកទី២ហើយ ដែលមានលិខិតអនាមិករបៀបនេះ ចេញផ្សាយ​ដោយ​ក្រុមនាយទាហានបារាំង។ លិខិតទីមួយ បានចេញផ្សាយ​នៅថ្ងៃទី​២១មេសា ចុះហត្ថលេខាដោយ​ ឧត្តមសេនីយ៍បារាំងជាង២០នាក់ ភាគច្រើនចូលនិវត្តន៍ និងនាយទាហានស័ក្តិ៍ធំៗជាង១០០០នាក់ទៀត។ លិខិតទីមួយនេះ បានហៅឲ្យ​លោក​ម៉ាក្រុង​ ប្រធានាធិបតី​បារាំង ត្រូវតែការពារ "ទ្រឹស្តីជាតិនិយម"។

គួរបញ្ជាក់ថា ទាំងលិខិតលើកទី១និងលើកទី២ គឺត្រូវបាន​លោកស្រី ម៉ារីន ឡឺពែន ប្រធានគណបក្ស​ស្តាំនិយមជ្រុល ប្រកាសចូលរួមគាំទ្រ។ លោកស្រីបានលើកឡើងថា "ជាការពិតណាស់ គ្រោះថ្នាក់កើតមានសង្គ្រាមស៊ីវីល កំពុងតែ​សំងំពរពោះនៅលើទឹកដីបារាំង រងចាំតែថ្ងៃកើតតែប៉ុណ្ណោះ"​។ ដូចគ្នា​ដែរ​ អ្នកនយោបាយ​បក្សស្តាំនិយមខ្លះទៀត ក៏ទទួលស្គាល់ដែរ ថាពិតជាមានអំពើហិង្សា អសន្តិសុខ អស្ថិរភាព​សង្គម ខ្លាំងឡើងៗពិតមែន។

ដោយឡែក ក្រសួងការពារជាតិបារាំង បានច្រានចោលទាំងស្រុង នូវការធ្វើលិខិតអនាមិក របស់នាយទាហានបារាំងទាំង២លើកនេះ និងបានបញ្ជាក់ថា នឹងចាត់វិធានការពិន័យ។ ក្រសួង​ការពារជាតិ​បារាំង បអះអាងថា "កងទ័ពត្រូវតែគោរព​អព្យាក្រិត្យភាព មិនត្រូវលូកលាន់ក្នុងកិច្ចការនយោបាយទេ។ វិន័យកងទ័ពមិនហាមឃាត់ ឲ្យ​នាយទាហានម្នាក់ៗ មានការយល់ឃើញរៀងៗខ្លួននោះទេ តែបើចង់បញ្ចេញមតិជាសាធារណៈបែបនេះ គឺត្រូវតែចាកចេញពីជួរកងទ័ព"​។

លោក Jean Castex នាយករដ្ឋមន្ត្រីបារាំង បានលើកឡើងថា "ទង្វើបែបនេះ គឺជាការ​បំពាននឹងច្បាប់វិន័យ ដែលជាគោលការគ្រិះនៃរបបសាធារណៈរដ្ឋ។ លោកបានទំលាក់បន្ទុកផងដែរថា គណបក្សស្តាំនិយមជ្រុល ដែលជាបក្ស​ប្រជាភិថុត ចូលចិត្តឃោសនាបំប៉ោង បំភ័យប្រជាជន កំពុងតែ​កេងចំណេញជាមួយ​នឹងលិខិតទាំងនេះ ខណៈដែលការបោះឆ្នោតតំបន់ និងការបោះឆ្នោតប្រធានាធិបតី កំពុងតែខិតជិតមកដល់"​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI