បារាំង-អាកាសធាតុ

Greenpeace៖ច្បាប់ស្តីពីអាកាសធាតុរបស់រដ្ឋាភិបាលបារាំងនៅមានភាពចន្លោះប្រហោងច្រើន

បាតុកម្ម​បរិហារ​នឹង​ច្បាប់ស្តីពី​អាកាសធាតុ​ក្នុង​ប្រទេស​បារាំង ថ្ងៃទី៩ ឧសភា ២០២១។
បាតុកម្ម​បរិហារ​នឹង​ច្បាប់ស្តីពី​អាកាសធាតុ​ក្នុង​ប្រទេស​បារាំង ថ្ងៃទី៩ ឧសភា ២០២១។ AP - Christophe Ena

នៅ​ក្នុង​ប្រទេស​បារាំង ក្រុម​អ្នក​បរិស្ថាន​បាន​រៀបចំ​ក្បួនបាតុកម្ម​នា​ថ្ងៃ​អាទិត្យ ទី៩ ឧសភា​ដើម្បី​បរិហារ​លើ​ច្បាប់​ស្តីពី​អាកាសធាតុ​ដែល​គួប​គេ​យល់​ថា នៅ​ទាន់​បាន​ឆ្លើយ​តប​គ្រប់គ្រាន់​នឹង​មហិច្ឆតា​នៅ​ឡើយ​ទេ។ តាម​ក្រុម​អ្នករៀបចំ​បាតុកម្ម មាន​មនុស្ស​ចូលរួម​ប្រមាណ​ជា ១១៥ ០០០នាក់​នៅ​ក្នុង​ក្បួនបាតុកម្ម តែ​ប៉ូលិស​ថា​មាន​ប្រមាណ​តែ​ជាង ៤៥ ០០០នាក់​ប៉ុណ្ណោះ។ គួរ​រម្លឹក​ថា បន្ទាប់​ពី​បាន​ឆ្លង​កាត់​នៅ​រដ្ឋសភា ច្បាប់​ស្តីពី​អាកាសធាតុ​នេះ​បញ្ជូន​ទៅ​កាន់​ព្រឹទ្ធសភា​នា​ថ្ងៃ​ចន្ទ ទី១០ ឧសភា។ កម្មវត្ថុ​របស់​ប្រធានាធិបតី​លោក​ម៉ាក្រុង គឺ​ដាក់​បញ្ចូល​ច្បាប់​ស្តីពី​អាកាសធាតុ​ទៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ។ តែ​ដើម្បី​អាច​ឈាន​ទៅ​ដល់​គោលដៅ​នេះ​បាន លោក​ម៉ាក្រុង​បាន​សន្យា​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រជាមតិ​ជា​មុន​សិន។ យ៉ាង​ណា​ក៏​ដោយ លោកហ្សង់ ហ្រ្វង់ស័រ យុយលីយ៉ា នាយក​អង្គការ Greenpeace ប្រចាំ​ប្រទេស​បារាំង​ដែល​បាន​ចូលរួម​នៅ​ក្នុង​ក្បួនបាតុកម្ម​បាន​យល់​ឃើញ​ថា ច្បាប់​ស្តីពី​អាកាសធាតុ​របស់​រដ្ឋាភិបាល​បារាំង​នៅ​មាន​ភាព​ចន្លោះ​ប្រហោង​ច្រើន។

ផ្សាយពាណិជ្ជកម្ម

« យើង​កំពុង​មាន​កំហឹង​ទល់​នឹង​អ្វី​ដែល​ក្រុម​អ្នកតំណាងរាស្រ្ត​បាន​ជជែក​លើ​ច្បាប់​ស្តីពី​អាកាសធាតុ។ មាន​កំហឹង ព្រោះ​អត្ថបទ​ច្បាប់​ដែល​ពួក​គេ​បាន​ជជែក​នោះ​ស្ថិត​នៅ​ឆ្ងាយ​ដោយ​មិន​បាន​ឆ្លើយ​តប​នឹង​ភាព​អាសន្ន​ក្នុង​រឿង​អាកាសធាតុ​ទេ។ យើង​មាន​អារម្មណ៍​ថា នៅ​គ្រប់​ចំណុច​ទាំង​អស់​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តីពី​អាកាសធាតុ ក្រុម​អ្នក​តំណាងរាស្រ្ត​ធ្វើ​ដូច​ជា​មិន​ដឹង ឬ​មិន​ចង់​ធ្វើ​អ្វី​ទៅ​តាម​មហិច្ឆតា​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​ស្តីពី​អាកាសធាតុ។

អ៊ីចឹង​ហើយ​បាន​ជា​ពួក​យើង​នាំ​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ពេល​នេះ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​គិតគូរ​រឿង​អាកាសធាតុ​ឲ្យ​បាន​ច្រើន​ជាង​នេះ។ គេ​ត្រូវ​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​ផ្លាស់ប្តូរ​សង្គម​ឲ្យ​បាន​លើស​ពី​នេះ​នៅ​ក្នុង​បុព្វហេតុ​អាកាសធាតុ។ បើ​មិន​ដូច្នេះ​ទេ គេ​នឹង​មិន​អាច​ឈាន​ទៅ​សម្រេច​គោលដៅ​នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​នៅ​ក្នុង​បរិយាកាស​បាន​ឡើយ។

ពិត​ណាស់​គេ​ត្រូវ​ការ​ច្បាប់​មួយ តែ​ជា​ច្បាប់​មួយ​ដ៏​ល្អ​ដែល​ឆ្លើយ​តប​នឹង​សំណើ​ចង់​បាន​របស់​ពលរដ្ឋ​ប្រុស ស្រី​ទាំង ១៥០នាក់​បាន​សម្រេច​នា​សមាជ​ពលរដ្ឋ​ស្តីពី​អាកាសធាតុ។ បើ​ច្បាប់​នេះ​ពិត​ជា​បាន​យក​តាម​សំណើ​របស់​សមាជ​ពលរដ្ឋ​មែន នោះ​គេ​អាច​និយាយ​បាន​ថា យើង​កំពុង​ស្ថិត​លើ​ផ្លូវ​ត្រូវ និង​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ចំ​គោលដៅ។ ធ្វើ​យ៉ាង​នេះ​ទើប​គេ​អាច​ឈាន​ទៅ​ប្រយុទ្ធប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ​បាន។ គេ​ត្រូវ​ធ្វើ​យ៉ាង​នេះ​នៅ​ក្នុង​ស្មារតី​យុត្តិធម៌សង្គម​ដោយ​ការពារ​ការងារ និង​ថែម​ទាំង​ការ​បង្កើត​ការងារ​ថ្មី​ទៀត​ផង »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI