បារាំង-វិបត្តិកូវីដ

បារាំង​អនុម័ត​ច្បាប់​​​ប្រើ​បណ្ណ​សុខភាពប្រឆាំង​កូវីដ​១៩ ទាំង​ត្រដាបត្រដួស

សភា​បារាំង​អនុម័ត​ច្បាប់​ដើរ​ចេញ​ពី​វិបត្តិ​កូវីដ​១៩
សភា​បារាំង​អនុម័ត​ច្បាប់​ដើរ​ចេញ​ពី​វិបត្តិ​កូវីដ​១៩ AFP - THOMAS SAMSON

រដ្ឋាភិបាល​បារាំង ដែលសំឡឹង​ឃើញ​ពន្លឺ​នៃ​ការ​ដើរ​ចេញ​ពី​វិបត្តិ​កូវីដ​១៩​ បាន​លើក​គម្រោងច្បាប់​​លម្អិតស្តីពីវិធានការ​ដែលត្រូវអនុវត្ត ក្រោយពេល​ចាប់បើក​ប្រទេសឡើងវិញ។ នៅ​យប់​ថ្ងៃ​អង្គារ​ទី ១១​ ឧសភា ២០២១ សភាបារាំង​បាន​អនុម័តច្បាប់​នោះទាំង​ត្រដាប​ត្រដួស ព្រោះ​មាន​​វិធានការ​ខ្លះ​ ជួប​ភាព​ចម្រូងចម្រាសខ្លាំង នោះ​គឺ​ការ​ទាមទារ​ឲ្យ​បង្ហាញ​ភស្តុតាង​ចាក់វាំងសាំង ឬ​លទ្ធផលតេស្ត​អវិជ្ជមាន​កូវីដ ដើម្បី​អាច​ចូលរួម​ក្នុងពិធី​ជួបជុំ​នានា។

ផ្សាយពាណិជ្ជកម្ម

​​នៅ​ពេល​ថ្ងៃ សមាជិក​សភា​បក្ស​ប្រឆាំង​ អ្នក​ស្តាំ​និយម-​អ្នក​ឆ្វេង​និយម និងជាពិសេស​សមាជិក​សភា​​ក្នុង​បក្ស​ជាសម្ព័ន្ធមិត្ត ក្នុងជួរ​​រដ្ឋាភិបាល​ជាមួយ​គ្នា​ បាន​ច្រាល​ចោលសេចក្តី ព្រាង​ច្បាប់​​ស្តី​ពី​វិធានការ​ដែល​ត្រូ​វអនុវត្ត​ក្រោយ​ពេល​ចាប់​បើក​ប្រទេស​ឡើង​វិញ និង​ការ​បង្កើត​បណ្ណ​សុខភាព ដោយ​យល់​ថា​សេចក្តីព្រាង​ច្បាប់​មាន​លក្ខណៈ​ស្រពិចស្រពិលណាស់។ ​​ប្រឈម​នឹង​ការ​​ច្រាន​ចោលស្ទើរ​​ជា​ឯកច្ឆ័ន្ទ មធ្យោបាយ​គន្លឹះ​នៃផែនការ​រ​ដើរ​​ចេញ​ពីវិបត្តិ រដ្ឋាភិបាលត្រូវ​បង្ខំ​ចិត្ត​កែសម្រួល​និង​ប្តូរ​ផ្លាស់ ខ្លឹមសារ​នៃ​​មាត្រា​ខ្លះឡើង​វិញ ទម្រាំ​​​ទទួល​ការ​យល់​ព្រម​និង​ការ​អនុម័ត​ពី​សភា នៅវេលា​​ម៉ោង​១​ភ្លឺ​រំលង​អាធ្រាត្រយប់​ថ្ងៃ​អង្គារ​ឆ្លង​ចូល​ថ្ងៃ​ពុធ​ទី ១២​ឧសភា ក្នុង​សំឡេង​១០៨​គាំទ្រ​ទល់​នឹង​១០៣​ប្រឆាំង។

​ដើម្បី​ឱ្យ​មាត្រា​ដ៏​ចម្រូសចម្រាស​ខ្លាំង ​ដែល​​ចែងតម្រូវ​ឱ្យ​មាន​​បណ្ណ​សុខភាព មុន​នឹង​អាច​ចូល​រួម​ក្នុង​កម្មវិធី​ជួប​ជុំ​ផ្សេងអាច​ចេញរួច រដ្ឋាភិបាល​សុខ​ចិត្ត​បង្ខើចរយៈ​ពេល​​អន្តរកាលនៃ​ការ​ដើរ​ចេញ​ពី​វិបត្តិ​កូវីដ។ ​ ដំណាក់កាល​អន្តរកាល​ ដែលអាជ្ញាធរ​​អាច​​​កំរិត​សេរីភាព​ (ដាក់​បម្រាម​គោចរ ឬ​បិទ​ខ្ទប់​តំបន់​ទៅ​តាម​ស្ថានភាព​នៃ​ការ​រាតត្បាត​កូវីដ​១៩)  ត្រូវ​ស្ថិត​នៅ​ក្នុង​អំឡុង​ពេល​ចាប់​ពី​ថ្ងៃ​២មិថុនា ដល់​ដំណាច់​ខែ​កញ្ញា មិនមែន​ដល់​ខែ​តុលា ដូច​ពង្រាង​ដើម​ទេ ពោល​គឺ​បារាំង​នឹង​ដើរ​ចេញ​​ពី​ភាព​អាសន្ន​សុខភាព​នៅ​ថ្ងៃ​ទី ៣០​កញ្ញា។

តាម​រយៈ​ការ​អនុម័ត​ច្បាប់​នេះ បណ្ណ​សុខភាព​ ដែល ​​បញ្ជាក់​ថា​បាន​ចាក់​ថ្នាំបង្ការ​រួច​ហើយ ឬ​លទ្ធផល​អវិជ្ជមាន​កូវីដ​ ឬ​លិខិត​បញ្ជាក់​ថា​ទើប​បាន​ជា​សះស្បើយ​ពី​ជំងឺកូវីដ​១៩ នឹង​​ក្លាយ​ជា​​ភស្តុតាង​ចាំ​បាច់ ដើម្បី​អាច​ចូល​រួម​ក្នុង​កម្មវិធី​ជួប​ជុំ​ និង​ព្រឹត្តិការណ៍​ធំៗ​ ដូច​ជា​ការ​ជួប​ជុំ​មើល​កីឡា​ សិល្បៈ ឬ​​​ទីកន្លែង​សាធារណៈ​ផ្សេងៗ។ បើ​តាម​ការ​បង្ហើប​របស់​រដ្ឋាភិបាល តែ​គ្មាន​ចែង​ក្នុង​ច្បាប់ រាល់​ការ​ជួបជុំ​​ចាប់​១០០០នាក់​ឡើង​ទៅ ដាច់​ខាត​ត្រូវ​ទាមទារ​បណ្ណ​សុខភាព។

ច្បាប់​នេះ​​ត្រូវ​ឆ្លង​កាត់ការ​អនុម័ត​របស់​​ព្រឹទ្ធសភា​នៅ​ថ្ងៃទី ១៨​ឧសភា២០២១មុន​នឹង​ចាប់​អនុវត្ត​​ដើម្បី​អាច​បើក​ប្រទេស​ជា​ដំណាក់ៗ ដោយ​សន្សឹមៗ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI