អង្គការ​សុខភាពពិភពលោក-កូវីដ​១៩

ក្រុម​ជំនាញឯករាជ្យ​​អង្គការ​សុខភាពពិភពលោក​ថា វិបត្តិកូវីដ​គួរ​តែ​អាច​បញ្ចៀសបាន

លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាពពិភពលោក
លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាពពិភពលោក © VALENTIN FLAURAUD/AP/SIPA

ជំងឺ​រាតត្បាត​កូវីដ​១៩ បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង​៣​លាន​៣​សែន​នាក់ និង​ចម្លង​លើ​មនុស្ស​ជាង​១៦០​លាននាក់ ព្រមទាំង​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ក្រាប​ស្ទើរ​ដល់​ដី ប៉ុន្តែ​វិបត្តិ​នេះ​គួរ​តែ​អាច​បញ្ចៀស​បាន។ នេះ​បើ​តាម​របាយការណ៍​​របស់​ក្រុម​អ្នក​ជំនាញ​​ឯករាជ្យ​​ ​​អង្គការ​សុខភាពពិភពលោកចេញ​ផ្សាយ​នៅ​ថ្ងៃពុធ​ទី ១២​ឧសភា​២០២១ ដោយ​អំពាវនាវ​ឱ្យ​ពិភពលោក​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​សុខាភិបាល​អន្តរជាតិ។ ក្រុមអ្នក​ជំនាញបាន​​ព្រមាន ប្រសិន​បើ​យើង​មិន​ធ្វើ​អី​សោះ​នៅពេ​លនេះ យើង​មិន​អាច​ការពារ​ខ្លួន​ពី​ជំងឺ​រាតត្បាត​សកល​ក្រោយៗ​ទៀត​បាន​ឡើយ។

ផ្សាយពាណិជ្ជកម្ម

ធ្វើ​សេចក្តី​សម្រេច​មិន​ត្រឹម​ត្រូវ ខ្វះ​ឆន្ទៈ និង​គ្មាន​ប្រព័ន្ធ​សម្របសម្រួល​ការងារ​រវាង​ប្រទេសមួយ​ទៅ​ប្រទេស​មួយ ​គឺ​ជា​ធាតុ​ផ្សំ​នៃ​បរាជ័យ​នាំ​កើត​មាន​វិបត្តិ​រាតត្បាត​សកល​ និង​មហន្តរាយ​មនុស្សជាតិ​នាពេល​នេះ និង​ជា​មូលហេតុ​រារាំង​មិន​ឱ្យ​ពិភពលោក​អាច​ប្រយុទ្ធ​ប្រឆាំងប្រកប​ដោយ​ប្រសិទ្ធភាព​ទល់​នឹង​ជំងឺ​កូវីដ​១៩បាន។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រុម​អ្នក​ការងារ​​​ឯករាជ្យ​ដែល​បង្កើត​ឡើង​ដោយ​អង្គការ​សុខភាពពិភពលោក ដើម្បី​រៀប​ចំ​និង​ផ្តល់​ចម្លើយ​តប​ទៅ​នឹង​ជំងឺ​រាតត្បាត។

​មាន​សមាជិក​១៣​រូប​ជា​ឥស្សរជន​និង​អ្នក​ជំនាញ​ ​ក្រុម​អ្នកការងារ​​ឯករាជ្យដែល​បាន​ចំណាយ​ពេល​សិក្សា​អស់​៨​ខែ វិភាគ​ឃើញ​ថា​ ស្ថានភាព​​បច្ចុប្បន្ន​នេះ ​គួរ​តែ​អាច​បញ្ចៀស​បាន​ ប៉ុន្តែ​មិនមែន​ជា​កំហុស​របស់​បុគ្គល​ណា​តែ​ម្នាក់​ឬប្រទេស​​ជាតិណាមួយ​តែ​មួយ​ទេ។ គ្រប់​ភាគី​សុទ្ធ​​តែ​មាន​ចំណែក​ខុស ៖​​ ចិនដែល​ជាប់​ចោទ​ថា​ចង់​លាក់​​ ​ក្រ​ជូន​ដំណឹង ឯ​រដ្ឋាភិបាល​ប្រទេស​ផ្សេងៗ​ទៀត​ក្រ​​បញ្ចេញសកម្មភាព។ ​​សហប្រធាន​ក្រុម​អ្នក​ជំនាញ​ លោកស្រី​ Helen Clark អតីត​នាយក​រដ្ឋមន្ត្រី​ប្រទេស​នូវែលហ្សេឡង់​ ក៏​សោកស្តាយ​ចំពោះ​ជម្រើស​​របស់​អង្គការ​សុខភាព​ពិភពលោក​​ដែរ ដែល​ក្រ​ប្រកាស​អាសន្ន​មាន​ជំងឺ​រាតត្បាត​សកល និង​មិន​ផ្តល់​អនុសាសន៍​ច្បាស់លាស់ និង​ដាច់​ខាត ទាក់ទង​នឹង​​​ការ​ធ្វើ​ដំណើរ​ ឬ​ការ​ពាក់​ម៉ាស។ បើ​តាម​សេចក្តី​សន្និដ្ឋាន​ក្នុង​របាយការណ៍ ​​ភាព​យឺត​យ៉ាវ ស្ទាក់ស្ទើរ និង​ការ​ធ្វើ​មិន​ដឹង​ បាន​ទុក​ពេល១​ខែ​​ឱ្យ​ជំងឺ​​បានឱកាសសាយភាយរាតត្បាត។

ដូច្នេះរដ្ឋាភិបាល​និ​ងសហគមន៍​អន្តរជាតិ​ត្រូវ​តែ​ធ្វើ​កំណែទម្រង់ ស៊ីជម្រៅ ​ប្រព័ន្ធសុខភាពពិភពលោក​ ឱ្យ​មាន​លក្ខណៈ​​ត្រៀមជា​ស្រេចនឹង​​ប្រកាសអាសន្ន ហើយ​អាច​​បញ្ចេញ​សកម្មភាពតប​ទៅ​នឹង​ជំងឺ​រាតត្បាតភ្លាម​​​​ បើមិន​​ចង់ជួប​វិបត្តិ​ដូច​​យ៉ាង​កូវីដ​១៩​ទៀត។ ក្រុម​អ្នក​ជំនាញ​បានផ្តល់​តម្រុយអនុសាសន៍​​ជា​ច្រើន ដូច​ជា​អំពាវនាវ​ឱ្យ​ប្រទេសអ្នក​មាន​ និង​មន្ទីរពិសោធន៍​ឱសថ​ ព្រម​ផ្តល់​ការ​អនុញ្ញាត ​ឱ្យ​ប្រទេស​ផ្សេងៗ​ជួយ​ផលិត​វ៉ាក់សាំង និង​ស្នើ​ឱ្យ​អង្គការ​សុខភាពពិភពលោក​ បង្កើត​ក្រុមអធិការ​កិច្ច​អង្គការ​សុខភាពពិភពលោក ដែល​អាច​ចុះ​ ជា​ស្វ័យ​ប្រវត្តិ ទៅ​​កន្លែង​កើត​ហេតុ​ និង​បង្កើត​ក្រុមប្រឹក្សា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​​រោគ​រាតត្បាត​ដូច​មាន​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ មាន​សមត្ថភាព​អាច​ផ្តល់​ព័ត៌មាន​ភ្លាម​​ដោយ​មិន​រង់​ចាំ​ការ​យល់​ព្រម​ពី​ប្រទេស​ជាសមាជិក និ​ងមាន​តម្លាភាព​ និង​គ្មាន​ពណ៌សម្បុរ​នយោបាយ។ កំណែទម្រង់​ដែល​ទំនង​ជា​នឹង​ត្រូវ​លើក​មក​និយាយ​ច្រើន​ក្នុង​មហាសន្និបាត​​របស់​អង្គការ​សុខភាពពិភពលោក​ នៅ​​ចុង​ខែ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI