វ៉ាក់សាំងកូវីដ១៩

អង្គការ​សុខភាពពិភពលោក​សុំ​កុំ​ឱ្យ​ចាក់​វ៉ាក់សាំង​ដល់​ក្មេង សូម​ទុក​ថ្នាំ​ទៅជួយ​ប្រទេស​ក្រីក្រ

អង្គការ​សុខភាពពិភពលោក​ សុំ​កុំ​ឱ្យ​ចាក់​វ៉ាក់សាំង​ដល់​ក្មេង សូម​​ទុក​ថ្នាំជួយ​ប្រទេស​ក្រីក្រ
អង្គការ​សុខភាពពិភពលោក​ សុំ​កុំ​ឱ្យ​ចាក់​វ៉ាក់សាំង​ដល់​ក្មេង សូម​​ទុក​ថ្នាំជួយ​ប្រទេស​ក្រីក្រ AP - Robert F. Bukaty

ក្នុង​ខណៈ​ពេល​ដែល​បណ្តាប្រទេស​មួយ​ចំនួន មាន​អាទិ៍​សហរដ្ឋ​អាមេរិក ចាប់​ផ្តើម​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​លើ​ក្មេង​អាយុ​ពី ១២-១៥ឆ្នាំ នៅ​ថ្ងៃសុក្រ​ទី ១៤​ឧសភា​នេះ នាយកអង្គការ​សុខភាពពិភពលោក លោក តេដ្រូស អាដាណុម ហ្គេប្រេយេស៊ូស បាន​អំពាវនាវ​ឱ្យ​ប្រទេស​ទាំង​អស់​នោះ​ កុំ​ចាក់​វ៉ាក់សាំង​ដល់​ក្មេង និង​ក្មេង​ជំទង់។ កុំអាល​ចាក់វ៉ាក់សាំង​ដល់​ក្មេង ដើម្បី​ទុក​ថ្នាំ​យក​ទៅជួយ​ប្រទេស​ក្រីក្រ តាម​រយៈ​យន្តការ​កូវ៉ាក់ Covax។

ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ ​​លោក​នាយក​អង្គការ​សុខភាពពិភពលោក បាន​គូស​បញ្ជាក់​ថា​ លោក​យល់​អំពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​ដែល​ចង់​ថ្នាំបង្ការ​ប្រឆាំង​កូវីដ​១៩​លើ​ក្មេងៗ ប៉ុន្តែ​​ជំងឺ​កូវីដ​១៩ នឹង​សម្លាប់​ជីវិតមនុស្ស ​ នៅ​ឆ្នាំ​២០២១​នេះត្រូវ​ជា​ឆ្នាំ​ទី​ពីរនៃ​ការ​រាតត្បាតច្រើន​ជាងឆ្នាំ២០២០ ​ទៅ​ទៀត។ ជាង​មួយ​ឆ្នាំ​ដំបូង​នេះ កូវីដ​១៩​បានឆក់​ជីវិត​​មនុស្ស​អស់ ៣,៣​លាន​នាក់​រួច​ហើយ ដូច្នេះ គួរ​“កុំ​ទាន់អាល​ចាក់វ៉ាក់សាំងប្រឆាំង​ជំងឺកូវីដ១៩ឱ្យ​ក្មេងៗ ដោយ​សុំ​បង្វែរ​​​​ថ្នាំ​បង្ការ​ទាំងនេះ យក​ទៅធ្វើ​ជំនួយ​ សម្រាប់​យក​ទៅ​ចែកចាយដល់​ប្រទេសក្រី​ក្រ” តាម​រយៈ​យន្តការ​អន្តរជាតិ​ កូវ៉ាក់ ដែល​ធានា​សមភាព​នៃ​ចែកចាយ​ថ្នាំបង្ការ​។

សេចក្តី​អំពាវនាវ​របស់​នាយក​អង្គការ​សុខភាពពិភពលោក ធ្វើ​ឡើង​ក្នុងខណៈ​ដែល​សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ប្រទេស​ពីរ​ដែលមាន​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ទៅ​លឿន​ខ្លាំង​ជាង​គេ ចាប់​ចាក់​វ៉ាក់សាំង​លើ​ក្មេង​អាយុ​ពី ១២ ទៅ​១៥​ឆ្នាំ​ តាំង​ពី​ថ្ងៃព្រហស្បតិ៍​ទី ១៣​ឧសភា ២០២១មក។

តាំង​ពី​ប៉ុន្មាន​ខែមក​ហើយ ដែល​នាយកអង្គការ​សុខភាពពិភពលោក​ បាន​បរិហារ​នយោបាយ​​ជាតិ​និយមរបស់់ប្រទេសមួយ​ចំនួន។ ​ប្រឈម​នឹង​កង្វះ​ថ្នាំ​បង្ការ​ ប្រទេស​ខ្លះ​រក​តែថ្នាំ​សម្រាក់​ឱ្យ​​​ពលរដ្ឋ​ងាយ​រង​គ្រោះ និង​បុគ្គលិក​សុខាភិបាល​មិន​បាន​ផង។ សហរដ្ឋអាមេរិក ​ឬ​សហភាពអឺរ៉ុបវិញ សន្យាថា ​ប្រជាពលរដ្ឋភាគ​ច្រើននឹងទទួល​បាន​​ថ្នាំ​បង្ការ​ នៅ​រដូវ​ក្តៅ​ខាង​មុខ។ ចំណែក​នៅប្រទេស​ជា​ច្រើន​ផ្សេង​ទៀត កំពុង​ផ្ទុះ​ករណី​ឆ្លង​ថ្មី​កើន​ឡើង​យ៉ាង​ខ្លាំង​ ដូច​យ៉ាង ឥណ្ឌា នេប៉ាល់ ស្រីលង្កា ឬ​បណ្តា​ប្រទេស​នៅ​តំបន់​អាមេរិកឡាទីន។

​ប៉ុន្តែ​យន្តការ​កូវ៉ាក់ មាន​​​ថ្នាំយ៉ាង​​តិច​តួច​​ណាស់​ សម្រាប់​ចែក​ចាយ​នៅ​ត្រីមាស​ទី​២​នេះ។ ឥណ្ឌា​ដែល​ជា​ប្រទេស​អ្នក​ផលិត​វ៉ាក់សាំង​សម្រាប់​បំប៉ន​ប្រព័ន្ធ​កូវ៉ាក់ បាន​សម្រេច​ផ្អាក​ការ​នាំចេញ​វ៉ាក់សាំង​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរាតត្បាត​ក្នុង​ស្រុក។ ក្រោម​ការ​អំពាវនាវ​របស់​អង្គការ​សុខភាពពិភពលោក បារាំង​កាលពី​ដើម​ខែ​ឧសភា បាន​សន្យា​ចែករំលែក​វ៉ាក់សាំង​អាស្ត្រាហ្សេនីកា ដែល​ខ្លួនមាន​ចំនួន​ កន្លះ​លាន​ដូស​ដល់​កូវ៉ាក់។ ស៊ុយអែត​ ​ស្វីស ក៏​បាន​សន្យា​ចែក​រំលែក​ឱ្យ​​១​លាន​ដូសដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI