អ.ស.ប.-សុខភាព

ការសិក្សា៖ធ្វើការជាង ៥៥ម៉ោងក្នុងមួយសប្តាហ៍បង្កើនហានិភ័យនៃការស្លាប់

ការសិក្សាមួយ​បង្ហាញថា ធ្វើការជាង ៥៥ម៉ោងក្នុងមួយសប្តាហ៍បង្កើនហានិភ័យនៃការស្លាប់
ការសិក្សាមួយ​បង្ហាញថា ធ្វើការជាង ៥៥ម៉ោងក្នុងមួយសប្តាហ៍បង្កើនហានិភ័យនៃការស្លាប់ AFP - JEAN-PHILIPPE KSIAZEK

នៅ​ថ្ងៃ​ចន្ទ ទី១៧ ឧសភា លទ្ធផល​នៃ​ការ​សិក្សា​រួម​គ្នា​រវាង​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​ពលកម្ម​អន្តរជាតិ​បាន​បង្ហាញ​ថា ធ្វើ​ការ​ជាង ៥៥ម៉ោង​ក្នុង​មួយ​សប្តាហ៍​បង្កើន​ហានិភ័យ​នៃ​ការ​ស្លាប់​ដោយ​ជំងឺ​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល។ ការ​សិក្សា​នេះ​មិន​បាន​រាប់បញ្ចូល​ពី​ការងារ​ដែល​មនុស្ស​បាន​ធ្វើ​នៅ​ក្នុង​សម័យ​កូវីដ១៩ ទេ។ លទ្ធផល​នៃ​ការ​សិក្សា​ដដែល​បាន​បង្ហាញ​ថា​បច្ចុប្បន្ន​នេះ ចំនួន​មនុស្ស​ធ្វើ​ការ​ច្រើន​ម៉ោង​កំពុង​បន្ត​កើន​ឡើង​ដោយ​មាន ៩% នៃ​ចំនួន​មនុស្ស​សរុប​នៅ​ទូទាំង​ពិភពលោក។

ផ្សាយពាណិជ្ជកម្ម

ធ្វើ​ការ​ច្រើន​ដើម្បី​ស្លាប់​ពី​ក្មេង?។ នេះ​ហើយ​ជា​ការ​ទាញ​សញ្ញា​អាសន្ន​របស់​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​ពលកម្ម​អន្តរជាតិ​តាម​រយៈ​ការ​សិក្សា​រួម​គ្នា​មួយ។ លទ្ធផល​នៃ​ការ​សិក្សា​បាន​សន្និដ្ឋាន​ថា ការ​ធ្វើ​ការងារ​ចំនួន ៥៥ម៉ោង ឬ​លើស​ពី ៥៥ម៉ោង​ក្នុង​មួយ​សប្តាហ៍​បង្កើន​ហានិភ័យ​នៃ​ការ​ស្លាប់​ដោយ​គ្រោះថ្នាក់​ដាច់​សរសៃ​ខួរក្បាល​ចំនួន ៣៥% និង​ដោយ​ជំងឺ​គាំង​បេះដូង​ចំនួន ១៧% បើ​ធៀប​នឹង​ការ​ធ្វើ​ការងារ​តែ​ពី ៣៥ម៉ោង​ទៅ ៤០ម៉ោង​ក្នុង​មួយ​សប្តាហ៍។ ការ​សិក្សា​បាន​មើល​ឃើញ​ថា​ក្នុង​ឆ្នាំ ២០១៦ មាន​មនុស្ស​ស្លាប់​ចំនួន ៣៩៨ ០០០នាក់​ដោយ​ដាច់​សរសៃ​ខួរក្បាល និង​ស្លាប់ ៣៤៧ ០០០នាក់​ដោយ​ជំងឺ​គាំងបេះដូង​ដោយសារ​តែ​ពួក​គេ​បាន​ធ្វើ​ការ​យ៉ាង​តិច ៥៥ម៉ោង​ក្នុង​មួយ​សប្តាហ៍។

ចន្លោះ​ឆ្នាំ ២០០០ និង​២០១៦ ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ​គាំង​បេះដូង​ដោយសារ​ធ្វើ​ការ​ច្រើន​ម៉ោង​បាន​កើន​ឡើង​ចំនួន ៤២% និង​ដោយ​គ្រោះថ្នាក់​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​បាន​កើន​ឡើង​ចំនួន ១៩%។ ចំនួន​អ្នក​ស្លាប់​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​មាន​វ័យ​ពី ៦០ឆ្នាំ​ទៅ ៧៩ឆ្នាំ​ដែល​បាន​ធ្វើ​ការ​ចំនួន ៥៥ម៉ោង ឬ​លើស​ពី ៥៥ម៉ោង​នៅ​ពេល​ដែល​ពួក​គាត់​មាន​អាយុ​ចន្លោះ ៤៥ឆ្នាំ និង​៧៤ឆ្នាំ។ ទន្ទឹម​គា្ន​នេះ អង្គការ​សុខភាពពិភពលោក​មាន​ការ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​នៅ​ពេល​ដែល​ចំនួន​មនុស្ស​ធ្វើ​ការ​ច្រើន​ម៉ោង​កំពុង​កើន​ឡើង។ បច្ចុប្បន្ន ចំនួន​មនុស្ស​ធ្វើ​ការ​ច្រើន​ម៉ោង​មាន​ដល់​ទៅ ៩% នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង​លោក។ គួរ​បញ្ជាក់​ថា ការ​សិក្សា​នេះ​បាន​ធ្វើ​ឡើង​នៅ​មុន​ផ្ទុះ​វិបត្តិ​កូវីដ១៩។

វិបត្តិ​កូវីដ១៩ ដែល​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​លោក​ទេដ្រូស​មើល​ឃើញ​ថា មិន​បាន​ចូល​រួម​ជួយ​កាត់​បន្ថយ​ចំនួន​ម៉ោង​ធ្វើ​ការ​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​មាន​តែ​កើន​ឡើង​ថែម​ទៀត។ ត្រង់​ចំណុច​នេះ លោក​ទេដ្រូស​បាន​លើក​ឡើង​ពី​ការ​ធ្វើ​ការងារ​ពី​ផ្ទះ​ដែល​បាន​ក្លាយ​ជា​ស្តង់ដារ​របស់​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន និង​ដែល​ចំនួន​ម៉ោង​ធ្វើ​ការងារ​ពី​ផ្ទះ​ពិត​ប្រាកដ និង​ចំនួន​ម៉ោង​ធ្វើ​ការងារ​ផ្ទះ​មាន​ភាព​ច្រឡំ​បល់​គ្នា។ មួយ​វិញ​ទៀត លោក​ទេដ្រូស​បាន​បញ្ជាក់​ថា មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​បង្ខំ​ចិត្ត​កាត់​បន្ថយ​ចំនួយ​បុគ្គលិក ឬ​ព្យួរ​សកម្មភាព​របស់​ខ្លួន​ដើម្បី​សន្សំ​លុយ ហើយ​ក្រុម​បុគ្គលិក​ដែល​ត្រូវ​បន្ត​ការងារ​បែរ​ជា​ត្រូវ​ធ្វើ​ការ​ច្រើន​ម៉ោង​ជាង​មុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI