រុស្ស៊ី-អាមេរិក-អាកទិក

រដ្ឋមន្ត្រី​ការបរទេស​​អាមេរិក​អំពាវនាវ កុំឲ្យ​​យកតំបន់​អាកទិក ជា​ទីតាំង​ប្រកួតប្រជែង​កម្លាំងទ័ព

ទាហានរុស្ស៊ីឈរកាន់កាំភ្លើងយាម នៅមូលដ្ឋានទ័ពភាគខាងជើង ក្នុងតំបន់មហាសមុទ្រអាកទិក។ មូលដ្ឋានទ័ព ជិតតំបន់ Nagurskoye របស់រុស្ស៊ី មានបំពាក់ដោយ​ជើងទម្របាញ់មីស៊ីល ប្រព័ន្ធរ៉ាដា និងប្រព័ន្ធបាញ់គ្រាប់មីស៊ីលផង ដែលមានតួនាទីយាមសន្តិសុខ និងររារាំងចរាចរណ៍នាវា ដែលឆ្លងកាត់ច្រកផ្លូវមហាសមុទ្រទឹកកកអាកទិក។
ទាហានរុស្ស៊ីឈរកាន់កាំភ្លើងយាម នៅមូលដ្ឋានទ័ពភាគខាងជើង ក្នុងតំបន់មហាសមុទ្រអាកទិក។ មូលដ្ឋានទ័ព ជិតតំបន់ Nagurskoye របស់រុស្ស៊ី មានបំពាក់ដោយ​ជើងទម្របាញ់មីស៊ីល ប្រព័ន្ធរ៉ាដា និងប្រព័ន្ធបាញ់គ្រាប់មីស៊ីលផង ដែលមានតួនាទីយាមសន្តិសុខ និងររារាំងចរាចរណ៍នាវា ដែលឆ្លងកាត់ច្រកផ្លូវមហាសមុទ្រទឹកកកអាកទិក។ AP - Alexander Zemlianichenko

នៅថ្ងៃពុធទី​១៩ឧសភា នៅទីក្រុងរៃក្យ៉ាវីក រដ្ឋធានីប្រទេសអ៊ីស្លង់ នឹងមានការប្រជុំ នៃក្រុមប្រឹក្សា​តំបន់អាកទិក។ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែលនឹងចូលរួមកិច្ចប្រជុំនេះ បានថ្លែងអំពាវនាវថា សូមកុំឲ្យ​តំបន់សមុទ្រទឹកកក​អាកទិក ក្លាយជាទីប្រកួតប្រជែងកម្លាំងទ័ពឱ្យសោះ។ ការថ្លែងដូចនេះ គឺបន្ទាប់ពី​រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានលើកឡើងកាលពីថ្ងៃចន្ទថា តំបន់អាកទិក ដែលស្ថិតនៅប៉ូលខាងជើងនៃផែនដី គឺជាតំបន់ស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី។

ផ្សាយពាណិជ្ជកម្ម

មានការព្រួយបារម្ភកាន់តែធំឡើង អំពី​ការកើនឡើងនូវការចល័តទ័ព​ ការដាក់តាំងគ្រឿងសព្វាវុធ និងមូលដ្ឋានទ័ព នៅតំបន់សមុទ្រទឹកកកអាកទិក។ សកម្មភាពទាំងអស់នេះ នឹងបង្កើតឲ្យ​មានបញ្ហាប្រឈមទៅថ្ងៃក្រោយ ដែលអាចកើតឡើងដោយ​គ្រោះថ្នាក់ ផ្ទុះអាវុធ ជាយថាហេតុណាមួយ។ នេះគឺជាការលើកឡើង របស់​លោក អង់តូនី ប្លីងកិន រដ្ឋមន្ត្រីការបរទេសអាមេរិក ពេលទៅដល់ ក្រុងរៃក្យ៉ាវីក រដ្ឋធានីប្រទេសអ៊ីស្លង់ ដើម្បីចូលរួមប្រជុំ ក្រុមប្រឹក្សាតំបន់អាកទិក។

លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានអំពាវនាវថា គ្រប់គ្នាដែលមានចំណែកក្នុងតំបន់អាទិក ត្រូវតែគោរពគ្នា រួមគ្នា សហប្រតិបត្តិការនឹងគ្នា ដើម្បីស្ថិរភាព សន្តិភាព ហើយចៀសឲ្យ​បាន​ នូវការប្រជែងគ្នា ដែលធ្វើឲ្យតំបន់នេះក្លាយ​ជាកន្លែង​ប្រកួតប្រជែងកម្លាំងទ័ព។​

គួតក់សំគាល់ថា ទោះបីមិន​និយាយឲ្យចំ តែសម្តីរបស់​លោក​រដ្ឋមន្ត្រីការបរទេសអាមេរិក គឺចង់សំដៅទៅ​ដល់អាកប្បកិរិយា ព្រមទាំងគោលជំហររបស់រុស្ស៊ី។ កាលពីថ្ងៃចន្ទ ទី​១៧ឧសភា លោក រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយថា តំបន់អាកទិក គឺជាតំបន់ដែលស្ថិតក្នុង​ដែនអធិបតេយ្យភាព ព្រមទាំងឥទ្ធិពលរបស់រុស្ស៊ី ដែលនរណាៗក៏ដឹងដែរ។ ដូច្នេះទោះរុស្ស៊ីចង់ធ្វើអ្វីក៏ដោយ គឺជាសិទ្ធិរបស់រុស្ស៊ី។​ ក្រុមប្រទេសអូតង់ មិនអាចយកលេសនេះ មកបន្ថែមកម្លាំងទ័ព និងសព្វាវុធ គំរាមរុស្ស៊ីបានទេ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាតំបន់អាកទិក នឹងបើកកិច្ចប្រជុំពីរថ្ងៃចាប់ពីថ្ងៃទី​១៩ឧសភា នៅរដ្ឋធានីប្រទេសអ៊ីស្លង់។ ប្រទេស៨ សមាជិក​ក្រុមប្រឹក្សានេះ មានសហរដ្ឋអាមេរិក រុស្ស៊ី កាណាដា ស៊ុយអែត ហ្វាំងឡង់ ដាណឺម៉ាក ន័រវែស និងអ៊ីស្លង់ នឹងត្រូវជួបនិយាយគ្នា ដើម្បី​ស្វែងរក​ការស្រុះស្រួលគ្នា ក្នុងការគ្រប់គ្រង នឹងបែងចែកអត្ថប្រយោជន៍។ រុស្ស៊ីត្រូវបាន​ក្រុមប្រទេសទាំង​៧ផ្សេងទៀត ចោទថាបានអាងយ៉ាងតែម្នាក់ឯង ក្នុងការប្រមូលយកធនធានធម្មជាតិ ព្រមទាំងបាន​ដាក់​ឧបសគ្គ រារាំងចរាចរណ៍នាវា ដែលឆ្លងកាត់ច្រក​ផ្លូវប៉ូលខាងជើងនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI