AIE៖ដើម្បីឈានដល់គោលដៅ « សូន្យកាបោន » គេត្រូវបញ្ឈប់ការវិនិយោគថ្មីលើអណ្តូងប្រេង និងឧស្ម័ន

ទីភ្នាក់ងារ​ថាមពល​អន្តរជាតិថា ​ដើម្បី​ឈាន​ដល់​គោលដៅ « សូន្យ​កាបោន » បាន គេ​ត្រូវ​បញ្ឈប់​រាល់​ការ​វិនិយោគ​ថ្មី​លើ​អណ្តូង​ប្រេង និង​ឧស្ម័ន
ទីភ្នាក់ងារ​ថាមពល​អន្តរជាតិថា ​ដើម្បី​ឈាន​ដល់​គោលដៅ « សូន្យ​កាបោន » បាន គេ​ត្រូវ​បញ្ឈប់​រាល់​ការ​វិនិយោគ​ថ្មី​លើ​អណ្តូង​ប្រេង និង​ឧស្ម័ន ASSOCIATED PRESS - Hasan Jamali

នៅ​ថ្ងៃ​អង្គារ ទី១៨ ឧសភា ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ហៅ​កាត់​ជា​ភាសា​បារាំង AIE  បាន​ផ្សព្វផ្សាយ​នូវ​ផែនទី​ចង្អុល​ផ្លូវ​មួយ​ស្តីពី​អាកាសធាតុ។ AIE បាន​យល់​ឃើញ​ថា ដើម្បី​ឲ្យ​ពិភពលោក​ឈាន​ទៅ​សម្រេច​បាន​នូវ​គោលដៅ « អព្យាក្រឹត​កាបោន » ឬ « សូន្យ​កាបោន » នា​ពាក់កណ្តាល​សតវត្ស​ទី២១ និង​មាន​សំណាង​អាច​កម្រិត​ការ​ឡើង​កម្តៅ​នៅ​ក្នុង​បរិយាកាស​ត្រឹម ១,៥អង្សារ​បាន គេ​ត្រូវ​អនុវត្ត​នូវ​វិធានការ​ចាំ​បាច់​មួយ​ចំនួន​ចាប់​ពី​ពេល​នេះ​ទៅ។ ការ​ផ្សព្វផ្សាយ​ផែនទី​ចង្អុល​ផ្លូវ​របស់ AIE នេះ​បាន​ធ្លាក់​មក ៦ខែ​មុន​ការ​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ​ហៅ​កាត់ COP២៦។

ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ផែនទី​ចង្អុល​ផ្លូវ​មួយ​នេះ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ AIE ​បាន​មើល​ឃើញ​ថា ផ្លូវ​ឆ្ពោះ​ទៅ​កាន់​អព្យាក្រឹត​កាបោន​ហាក់​មាន​ភាព​តូច​ចង្អៀត និង​បត់បែន​បន្តិច​មែន តែ​គេ​នៅ​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​គោលដៅ​បាន និង​បាន​សម្លឹង​ឃើញ​ពី​អត្ថប្រយោជន៍​ធំធេង​ស្តីពី​សុខភាព កំណើន​សេដ្ឋកិច្ច ឬ​មួយ​ការ​បង្កើត​ការងារ។ សម្រាប់ AIE « អព្យាក្រឹត​កាបោន » មាន​ន័យ​បញ្ឈប់​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ដែល​ពិភពលោក​មិន​អាច​ស្រូប​យក​បាន​ទៀត​ឡើយ។ តែ​ដើម្បី​អាច​ឈាន​ដល់​គោលដៅ​នេះ​បាន គេ​ត្រូវ​ផ្តើម​អនុវត្ត​នូវ​វិធានការ​ចាំ​បាច់​មួយ​ចំនួន​ចាប់​ពី​ពេល​នេះ​ត​ទៅ។ វិធានការ​ទាំង​នោះ​រួម​មាន បំភ្លេច​ចោល​វិញ​នូវ​គ្រប់​ការ​វិនិយោគ​ថ្មី​លើ​អណ្តូង​ប្រេង និង​ឧស្ម័ន រួម​ទាំង​បញ្ឈប់​ការ​លក់​ឡាន​ថ្មី​ដែល​ប្រើ​ប្រេង​ចាប់​ពី​ឆ្នាំ ២០៣៥ ទៅ។

ទាក់ទង​នឹង​មជ្ឈមណ្ឌល​អគ្គិសនី​ប្រើ​ធ្យូងថ្ម​ត្រូវ​បាន AIE ស្នើ​ឲ្យ​បិទបញ្ចប់​ចាប់​ពី​ឆ្នាំ ២០៤០ ទៅ និង​ត្រូវ​ជំនួស​ដោយ​បង្កើន​ការ​សាងសង់​មជ្ឈមណ្ឌល​អគ្គិសនី​បាន​ពី​ពន្លឺព្រះអាទិត្យ និង​កង្ហារយក្ស​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣០។ AIE សង្ឃឹម​ថា​នៅ​ឆ្នាំ ២០៥០ ចំណែក​អគ្គិសនី​បាន​មក​ពី​ថាមពល​កកើត​ឡើង​វិញ​មាន​ចំនួន ៩០% បន្ត​ដោយ​អគ្គិសនី​បាន​មក​ពី​នុយក្លេអ៊ែរ និង​ចំណែក​អគ្គិសនី​តិចតួច​បាន​មក​ពី​ប្រភព​ផូស៊ីល។ អ្វី​ដែល​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​បាន​គុណគូរ ព្យាករ​តាម​រយៈ​ផែនទី​ចង្អុលផ្លូវ​របស់​ខ្លួន​ពេល​នេះ គឺ​ស្រដៀង​គ្នា​នឹង​ការ​គុណគូរ ព្យាករ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ ដឹកជញ្ជូន និង​បរិស្ថាន។

លោក​ហ្វាទី ប៊ីរ៉ូល នាយក AIE បាន​ទទួល​ស្គាល់​ថា វិធានការ​ទាំង​អស់​នៅ​ក្នុង​ផែនទី​ចង្អុល​ផ្លូវ​តម្រូវ​ឲ្យ​មាន​ការ​លះបង់ និង​ប្រឹងប្រែង​ខ្លាំង​ទើប​ពិភពលោក​អាច​ឈាន​ទៅ​ដល់​គោលដៅ « អព្យាក្រឹត​កាបោន » នា​ពាក់កណ្តាល​សតវត្ស​ទី២១ នេះ និង​មាន​សំណាង​អាច​កម្រិត​ការ​ឡើង​កម្តៅ​នៅ​ក្នុង​បរិយាកាស​ត្រឹម ១,៥អង្សារ។ ទន្ទឹម​នឹង​វិធានការ​ខាង​លើ AIE ក៏​បាន​លើក​ឡើង​នូវ​សេណារីយ៉ូ​មួយ​ទៀត​ដែល​អាច​ចូលរួម​កាត់​បន្ថយ​ឧស្ម័ន​កាបូនិក​ជិត​ពាក់កណ្តាល​នៅ​ឆ្នាំ ២០៥០។ គឺ​ជា​សេណារីយ៉ូ​ដែល​មួយ​ផ្នែក​បាន​ផ្អែក​លើ​បច្ចេកវិទ្យា​ដែល​កំពុង​ស្ថិត​ក្នុង​ជំហាន​បង្ហាញ​នៅ’​ឡើយ ដូច​យ៉ាង​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ស្រូប និង​ស្តុក​ឧស្ម័ន​កាបូនិក​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI