បេឡារុស-សហភាពអឺរ៉ុប

រឿងអាស្រូវ ចាប់កៀង​យន្តហោះRyanair ៖ អឺរ៉ុប​បិទដែន​អាកាសមិនឲ្យ​យន្តហោះ​បេឡារុសហោះកាត់

កងកម្លាំងរក្សាសន្តិសុខ និង​មន្រ្តីព្រលានយន្តហោះ​នៅទីក្រុង​Minks នៅមុខ​យន្តហោះ​Ryanair ដែលបេឡារុស បង្ខំឲ្យចុះចត នៅថ្ងៃ​អាទិត្យទី ២៣​ឧសភា ២០២១
កងកម្លាំងរក្សាសន្តិសុខ និង​មន្រ្តីព្រលានយន្តហោះ​នៅទីក្រុង​Minks នៅមុខ​យន្តហោះ​Ryanair ដែលបេឡារុស បង្ខំឲ្យចុះចត នៅថ្ងៃ​អាទិត្យទី ២៣​ឧសភា ២០២១ VIA REUTERS - HANDOUT

ខឹងសម្បារ​នឹង​រដ្ឋាភិបាល​បេឡារុស ដែល​ចាប់កៀងបង្ខំ​ឲ្យយន្តហោះ​Ryanair ចុះចត នៅទីក្រុង​Minks ដើម្បី​ចាប់អ្នកកាសែត​ប្រឆាំង​បេឡារុស មេដឹកនាំ​ប្រទេស​អឺរ៉ុប​ដែល​បានជួបប្រជុំគ្នា កាលពីយប់​ថ្ងៃ​ចន្ទម្សិលមិញ បាន​សម្រេច ថា អឺរ៉ុប​នឹង​បិទដែន​អាកាស មិនឲ្យ យន្តហោះ​របស់​ក្រុមហ៊ុន​បេឡារុស ហោះកាត់ ចំណែក ក្រុមហ៊ុន​ហោះហើរ​អឺរ៉ុប ត្រូវ​គេ​អំពាវនាវ​ឲ្យលែង​ហោះឆ្លងកាត់​ប្រទេស បេឡារុស​ តទៅទៀត។ នៅយប់​ថ្ងៃ​ចន្ទដែរ ប្រព័ន្ធផ្សព្វផ្សាយ​គាំទ្រ រដ្ឋាភិបាល បេឡារុស​បាន​បញ្ចេញ​វីដេអូ​មួយ ដែលនៅក្នុង​នោះ អ្នកកាសែតប្រឆាំង Roman Protassevitch បាន​និយាយ​ថា លោក​កំពុង​ស្ថិតនៅ​មន្ទីរឃុំឃាំង ក្នុងទីក្រុង​Minks និង​កំពុង​សហការ ជាមួយ ប៉ូលិស​ស៊ើបអង្កេត​បេឡារុស។

ផ្សាយពាណិជ្ជកម្ម

នៅក្រោយបាត់ខ្លួន ពីក្នុង​យន្តហោះអឺរ៉ុប Ryanair ដែល​អាជ្ញាធរ​បេឡារុស បាន​កៀង បង្ខំ​ឲ្យ​ចុះចត នៅទីក្រុង​Minks កាលពី​ថ្ងៃ​អាទិត្យ គេបានឃើញ ជាលើកទី ១ អ្នកាសែត​ប្រឆាំង បេឡារុស លោក Roman Protassevitch នៅក្នុង​ខ្សែវីដេអូ​ដ៏ខ្លី ដែល​បង្ហោះ ​តាម​Telegram របស់​ប្រព័ន្ធផ្សព្វផ្សាយ គាំទ្រ​រដ្ឋាភិបាល​បេឡារុស។

នៅក្នុង​វីដេអូ រយៈពេល ២៨វីនាទី អ្នកកាសែតប្រឆាំង បេឡារុស ដែល​មាន​ទឹកមុខ​ស្លេកស្លាំង និងមាន​ស្នាមជាំ​នៅលើ​ថ្ងាស បាននិយាយ​ជា​ភាសា​រុស្ស៊ី ថា លោក​កំពុង​ជាប់ក្នុង​មន្ទីរឃុំឃាំង នៅទីក្រុង​Minks និង​ថា លោកគ្មាន​បញ្ហា​សុខភាព​អ្វីនោះទេ។ នៅចុងបញ្ចប់ លោក​បានបញ្ជាក់ថា លោក​សហការ​ជាមួយ​ប៉ូលិស​ស៊ើបអង្កេត បេឡារុស និង​ទទួលស្គាល់​ថា លោក​បានចូលរួម រៀបចំ បាតុកម្ម​ដែល​បង្កអសណ្តាប់ធ្នាប់ នៅទីក្រុង​Minks កាលពី​ឆ្នាំមុន។ ចម្លើយសារភាព​របស់​លោក Protassevitch នឹងអាច​ធ្វើ​ឲ្យ​លោក​ប្រឈម​នឹង​ទោស​ជាប់ពន្ធនាគារ ១៥ឆ្នាំ នៅបេឡារុស។

នៅថ្ងៃ​អង្គារ មិត្តភក្តិរួមការងារជាមួយ​លោក​Roman Protassevitch បាន​បរិហារ រូបភាព​វីដេអូបោកប្រាស់ និង​ថា អ្នកកាសែត ប្រឆាំង បេឡារុស កំពុង​ស្ថិតក្រោម គំនាប​ចាប់បង្ខំ ឲ្យផ្តល់​ចម្លើយ​សារភាព។ ម្តាយរបស់​អ្នកកាសែត ប្រឆាំង ដែលកំពុងរស់នៅ​ប្រទេស​ប៉ូឡូញ ក៏​បាននិយាយ​ប្រាប់​ក្រសួង​ការបរទេស​ប៉ូឡូញដែរ​ថា លោក​ Roman Protassevitch មានបញ្ហា​សុខភាព។ ប៉ុន្តែ ក្រសួងការមហាផ្ទៃ បេឡារុស វិញ អះអាង សកម្មជនប្រឆាំង រូបនេះ មិនបាន​ថ្ងូរថា មាន​បញ្ហា​សុខភាពអ្វីនោះទេ។

នៅយប់​ថ្ងៃ​ចន្ទ ប្រតិកម្ម ទៅនឹង​រឿងអាស្រូវ ចាប់ជំរិត កៀង​បង្ខំ​ឲ្យយន្តហោះអឺរ៉ុប ចុះចត នៅទឹកដី បេឡារុស មេដឹកនាំ​ប្រទេស​អឺរ៉ុប​ទាំង​២៧ បាន​មូលមតិ សម្រេច ហាម​មិន​ឲ្យ​យន្តហោះ​ក្រុមហ៊ុន បេឡារុស ​ប្រើប្រាស់ ដែនអាកាស​អឺរ៉ុប។ អង់គ្លេស និង​សហភាព​អឺរ៉ុប​បានអំពាវនាវ​ផងដែរ​កុំ​ឲ្យ​យន្តហោះ របស់​ក្រុមហ៊ុន​ខ្លួន ហោះឆ្លងកាត់​ទឹកដី​បេឡារុស​តទៅទៀត។

នៅក្រោយ ក្រុមហ៊ុន​ប្រទេស​លីទុយអានី ក្រុមហ៊ុនហោះហើរ បារាំង អាល្លឺម៉ង់ និង​អង់គ្លេស បាន​ប្រកាស​នៅថ្ងៃ​អង្គារនេះ ផ្អាក លែង​ហោះហើរកាត់​ដែនអាកាស​បេឡារុស។

ដោយហោះវាង​មិន​ឆ្លងកាត់ បេឡារុស ដែល​ជា​ច្រកឆ្លងកាត់​សំខាន់​រវាង​ប្រទេស​សមាជិក​អឺរ៉ុប និង​អឺរ៉ុបជាមួយ​អាស៊ី ការធ្វើដំណើរ​តាមរយៈ​យន្តហោះក្រុមហ៊ុន​អឺរ៉ុប នឹង​ត្រូវ​ចំណាយពេលវែង និង​ថ្លៃជាងមុន។

ក្រៅតែ​ពីប្រកាស​បិទដែនអាកាស សម្រាប់ក្រុមហ៊ុន​ហោះហើរ បេឡារុស មេដឹកនាំ​អឺរ៉ុប​បាន​យល់ស្របគ្នាផងដែរ ដើម្បី បន្ថែមឈ្មោះ​មន្រ្តីបេឡារុស ដែលជាប់ពាក់ព័ន្ធ​នឹង​គម្រោងការ​ចាប់ជំរិត​យន្តហោះលើកនេះ ទៅក្នុង​បញ្ជី​ជាប់​ទណ្ឌកម្ម ដែលអឺរ៉ុប បានបង្កើតឡើង នៅក្រោយ មាន​ការបង្រ្កាបហិង្សា​ទៅលើ​បាតុករ បេឡារុស កាលពី​ឆ្នាំមុន។ ប្រធាន​គណៈកម្មការ​អឺរ៉ុប​វិញ បាន​ប្រកាស​ថា នឹង​បង្កក គម្រោង​វិនិយោគ​តម្លៃ៣ពាន់លាន​ដុល្លារ នៅ​បេឡារុស។

នៅថ្ងៃអង្គារ រដ្ឋាភិបាល បេឡារុស បានអះអាង​សាជាថ្មី​ថា ខ្លួន​មិនបាន​ចាប់បង្ខំ ឲ្យយន្តហោះ​ចុះចត ដើម្បី​ចាប់អ្នកកាសែត​នោះទេ។ ប៉ុន្តែ យន្តហោះ​របស់ក្រុមហ៊ុន Ryanair ត្រូវ​ចុះចត ដោយសារ​មាន​ព័ត៌មានថា មាន​គ្រាប់ផ្ទុះក្នុងនោះ។ ដោយទាមទារ​ថា ខ្លួន​ឈ្នះឆ្នោត កាលពី​ឆ្នាំ ២០២០ លោកប្រធានាធិបតី លូកាឈិនកូ​បាន​ប្រឈម​នឹង​បាតុកម្ម​ប្រឆាំង ភ្លូកទឹកភ្លូកដី នៅ​បេឡារុស។ ដោយសារ​ការបង្រ្កាប គាបសង្កត់ គ្រប់បែបយ៉ាង សកម្មជន​ប្រឆាំង បេឡារុស ត្រូវ​ប្រឈម​នឹង​ការចាប់ខ្លួន ឬ​ត្រូវ​និរទេសខ្លួន​ទៅបរទេស។ ក្រុមប្រឆាំង​បេឡារុស​វាយតម្លៃថា មាន​មនុស្ស​ជាង ៣៥០០០ នាក់ ដែល​ត្រូវ​អាជ្ញាធរ​បេឡារុស ចាប់ឃុំខ្លួន និង​ធ្វើ​ទារុណកម្ម ដោយសារ​បានចូលរួម​ក្នុងបាតុកម្ម ប្រឆាំង​លទ្ធផល​ឆ្នោត​ប្រធានាធិបតី នៅឆ្នាំ ២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI