អ.ស.ប.-អាកាសធាតុ

អាកាសធាតុ៖អ.ស.ប.បើកកិច្ចចរចាជាថ្មីលើសំណុំរឿងដែលនៅមិនទាន់បានដោះស្រាយ

អាកាសធាតុ៖អ.ស.ប.បើកកិច្ចចរចាជាថ្មីលើសំណុំរឿងដែលនៅមិនទាន់បានដោះស្រាយ
អាកាសធាតុ៖អ.ស.ប.បើកកិច្ចចរចាជាថ្មីលើសំណុំរឿងដែលនៅមិនទាន់បានដោះស្រាយ AP - Martial Trezzini

ចាប់​ពី​នៅ​ថ្ងៃ​ចន្ទ ទី៣១ ឧសភា​ដល់​ថ្ងៃទី១៧ មិថុនា អង្គការ​សហប្រជាជាតិ​ផ្តើម​កិច្ចប្រជុំ​តាម​អនឡាញ​ស្តីពី​អាកាសធាតុ។ កម្មវត្ថុ​សំខាន់​នៃ​កិច្ចប្រជុំ​នេះ គឺ​ជជែក​ឡើង​វិញ​លើ​​សំណុំរឿង​ដែល​នៅ​មិន​ទាន់​បាន​ដោះស្រាយ​ដើម្បី​ត្រៀម​បើក​សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ COP២៦ នៅ ៦ខែ​ខាង​មុខ។ តាម​ពិត សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ COP២៦ ដែល​គ្រោង​រៀបចំ​ក្នុង​ឆ្នាំ ២០២០ ត្រូវ​បាន​ខកខាន​ដោយសារ​តែ​វិបត្តិ​ជំងឺ​កូវីដ១៩។ អង្គការ​សហប្រជាជាតិ​សង្ឃឹម​ថា កិច្ចប្រជុំ​តាម​អនឡាញ​ពេល​នេះ​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ចប់​លើ​សំណុំរឿង​វិវាទ ខណៈ​ដែល​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​កំពុង​ក្លាយ​ជា​រឿង​បន្ទាន់​របស់​មនុស្សជាតិ។

ផ្សាយពាណិជ្ជកម្ម

តាំង​ពី​សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ COP២៥ ដែល​រៀបចំ​ក្នុង​ទីក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ​នា​ដំណាច់​ឆ្នាំ ២០១៩ បាន​ទទួល​បរាជ័យ​មក គ្រប់​គ្នា​កំពុង​រង់​ចាំ និង​រំពឹង​លើ​សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ COP២៦ នា​ខែ​វិច្ឆិកា​ខាង​មុខ។ តែ​ដើម្បី​អាច​ឲ្យ COP ២៦ ទទួល​ជោគជ័យ​បាន អង្គការ​សហប្រជាជាតិ​ត្រូវ​បន្ត​ជជែក​លើ​ប្រធានរឿង​គន្លឹះ​មួយ​ចំនួន​ដែល​កំពុង​ជាប់​គាំង។ ប្រធានរឿង​គន្លឹះ​ដែល​កំពុង​ជាប់គាំង​ទាំង​នោះ​សុទ្ធសឹង​ជា​ប្រធានរឿង​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ COP ២១ និង​ដែល​មាន​ប្រទេស​ហត្ថលេខី​ជា​ច្រើន​មិន​ទាន់​បាន​អនុវត្ត និង​បន្ត​មិន​ឯកភាព​គ្នា​ទេ។

ជាក់ស្តែង ដំណើរការ​នៃ​យន្តការ​ទីផ្សារ​កាបោន​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា ៦ នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ដែល​មាន​ប្រទេស​ហត្ថលេខី​ប្រមាណ ២០០ប្រទេស​នៅ​មិន​ទាន់​អាច​ចុះ​សម្រុង​គ្នា។ ការ​រៀបចំ​ផែនការ និង​យុទ្ធសាស្រ្ត​ដើម្បី​បន្សំ​ខ្លួន​ទៅ​នឹង​ផលវិបាក​នៃ​បម្រែបម្រួល​អាកាសធាតុ ការ​សន្យា​របស់​ក្រុម​ប្រទេស​អភិវឌ្ឍ​ជួយ​ក្រុម​ប្រទេស​ក្រីក្រ​សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ​ក្នុង​ទឹកប្រាក់ ១០០ ០០០លានដុល្លារ​ក្នុង​មួយ​ឆ្នាំ​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០២៥។ បន្ទាប់​មក ការ​សន្យា​ជា​លាយលក្ខណ៍អក្សរ​របស់​ប្រទេស​ជា​ច្រើន​ក្នុង​ការ​ពិនិត្យមើល​ឡើង​វិញ​ពី​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់។

កិច្ចប្រជុំ​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​ពេល​នេះ​ធ្វើ​ឡើង ខណៈ​ដែល​ក្រុម​អ្នកវិទ្យាសាស្រ្ត​ទាញ​សញ្ញាអាសន្ន​ស្តីពី​ភាព​បន្ទាន់​ក្នុង​ការ​ប្រឈម​មុខនឹង​ភាព​វឹកវរ​ដែល​គំរាមកំហែង​ដល់​ផលវិបាក​មិន​អាច​ត្រឡប់​ក្រោយ​វិញ​បាន។ គឺ​ជា​ភាព​វឹកវរ​នៃ​គ្រោះមហន្តរាយ​អាកាសធាតុ​ដែល​កំពុង​កើត​មាន​ដោយសារ​កំណើន​កម្តៅ​លើ​ភពផែនដី​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ គួរ​រម្លឹក​ថា កម្មវត្ថុ​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ​ហៅ COP ២១ គឺ​កម្រិត​ការ​ឡើង​កម្តៅ​លើ​ភពផែនដី​មិន​ឲ្យ​លើស​ពី ២អង្សារ​ធៀប​នឹង​សម័យ​មុន​ឧស្សាហកម្ម ហើយ​បើ​អាច កម្រិត​ត្រឹម ១,៥អង្សារ។

ទន្ទឹម​នឹង​កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ​ពេល​នេះ ប្រធានរឿង​អាកាស​ក៏​ជា​របៀប​វារៈ​មួយ​នៃ​ជំនួបកំពូល G៧ ពី​ថ្ងៃទី១១ ដល់​ថ្ងៃទី១៣ មិថុនា។ គួរ​រម្លឹក​ថា​នា​ដំណាច់​ខែ​មេសា ប្រធានាធិបតី​អាមេរិក​លោក​បៃដិន​បាន​រៀបចំ​ជំនួបកំពូល​មួយ​ស្តីពី​អាកាសធាតុ​ដោយ​មាន​ប្រទេស​ធំៗ​ដែល​បំពុល​បរិយាកាស​ខ្លាំង​ជាង​គេ​បាន​សន្យា​ទ្វេដង​ឆ្ពោះ​ទៅ​អព្យាក្រឹត្យកាបោន ក្នុង​នោះ​ក៏​មាន​អាមេរិក​ខ្លួន​ឯង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI