បារាំង-ម៉ាលី

នៅក្រោយមាន​រដ្ឋប្រហារ បារាំង​ប្រកាស​ផ្អាក​សហប្រតិបត្តិការ​យោធា ជាមួយ​ម៉ាលី

កងទ័ពបារាំង​ពេល​ចេញដំណើរ​ទៅ​កាន់ម៉ាលី សម្រាប់ចូលរួម​ក្នុងប្រតិបត្តិការ​Barkhane នៅឆ្នាំ ២០១៣
កងទ័ពបារាំង​ពេល​ចេញដំណើរ​ទៅ​កាន់ម៉ាលី សម្រាប់ចូលរួម​ក្នុងប្រតិបត្តិការ​Barkhane នៅឆ្នាំ ២០១៣ AP - Claude Paris

រដ្ឋប្រហារ​យោធា ជាលើកទី២ នៅប្រទេស​ម៉ាលី បានធ្វើ​ឲ្យ​រដ្ឋាភិបាល​បារាំង​សម្រេច ផ្អាក​បណ្តោះអាសន្ន ទំនាក់ទំនង​យោធា​ទ្វេភាគី​ជាមួយ​ប្រទេស​ម៉ាលី។ តាម​ការប្រកាស​របស់ក្រសួង​ការពារ​ជាតិ​បារាំង នៅថ្ងៃ​ព្រហស្បតិ៍ ទី ៣​មិថុនា បារាំង​នឹង​ផ្អាក​ប្រតិបត្តិការ​យោធារួមគ្នា​ជាមួយ ម៉ាលី  ប៉ុន្តែ កងទ័ព​បារាំង នៅតែ​បន្ត​បេសកកម្ម ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម នៅ​តំបន់​សាហែល​ដដែល។

ផ្សាយពាណិជ្ជកម្ម

ដោយ​ប្រកាស​ផ្អាក​ទំនាក់ទំនងយោធា​ទ្វេភាគី​ជាមួយម៉ាលី រដ្ឋាភិបាល​បារាំង បាន​បញ្ជាក់ជំហរ​ថ្កោលទោស សកម្មភាព​ធ្វើ​រដ្ឋប្រហារ​យោធា នៅប្រទេស​ម៉ាលី និង​ចង់​ចូលរួម ជាមួយ​សហគមន៍អន្តរជាតិ ដែល​បាន​ដាក់សម្ពាធ ទាមទារ​ឲ្យ​របបសឹក​ម៉ាលី លះបង់​អំណាច បើកផ្លូវ ឲ្យមាន​រដ្ឋាភិបាល​ស៊ីវិល​ឡើងវិញ នៅ​ម៉ាលី។

តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារ​ជាតិ​បារាំង នៅក្នុង​ពេល​រង់ចាំ ចម្លើយធានា បំភ្លឺ ពីខាង​របបសឹកម៉ាលី ប្រទេស បារាំងសម្រេច ផ្អាក បណ្តោះអាសន្ន ប្រតិបត្តិការយោធា​រួមគ្នា ជាមួយ​កងទ័ពម៉ាលី។ បារាំង​នឹង​ផ្អាក​ផង​ដែរ បេសកកម្ម​ប្រឹក្សា​ជាតិ សម្រាប់​កងទ័ព​ម៉ាលី និង​បេសកកម្ម​របស់​ក្រុម​Takuba ដែល​មាន​ការចូលរួម​ពីកម្លាំងទ័ព​អឺរ៉ុប សម្រាប់​ការបណ្តុះបណ្តាល​កងទ័ពម៉ាលី ក្នុងការប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត។

នៅមុន​បារាំងសម្រេចផ្អាក សហប្រតិបត្តិការ​ទ្វេភាគី ជាមួយ​កងទ័ព​ម៉ាលី ក្រសួងការពារ​ជាតិ​អាមេរិក បាន​ប្រកាស ព្យួរ​តាំង​ពីខែ​ឧសភា រាល់​ជំនួយ​សម្រាប់​កង​កម្លាំង​រក្សា​សន្តិសុខ និង​កងទ័ពម៉ាលី បន្ទាប់ពី​ឧត្តមសេនីយ៍ អាស៊ីមី ហ្គ័យតា Assimi Goïta ដែល​ជា​អ្នកដឹកនាំ​ធ្វើ​រដ្ឋប្រហារ​យោធា ចូលកាន់តំណែង​ជា​ប្រធានាធិបតី​ស្តីទី ម៉ាលី កាលពី​សប្តាហ៍មុន។

ម៉ាលី ដែល​បានរងរង្គោះរង្គើ ដោយសារ​រដ្ឋប្រហារ​យោធា​ដល់ទៅ​២ដង ក្នុងរយៈពេល​តែ៩ខែ ជា​ប្រទេស​គន្លឹះ ដើរតួនាទី​សំខាន់ ក្នុង​ការប្រយុទ្ធប្រឆាំង ក្រុមជីហាត ភេរវនិយម នៅ​តំបន់អាហ្រ្វិក សាហែល។ តាម​ការបញ្ជាក់​របស់ក្រសួងការពារ​ជាតិ ទោះគ្មាន​ទំនាក់ទំនង​យោធា​ទ្វេភាគីជាមួយ​ម៉ាលី ប៉ុន្តែបារាំង ដែល​សកម្ម និងមាន​កងទ័ព​របស់ខ្លួន ជាង​៥១០០ នាក់ សម្រាប់​ប្រតិបត្តិការ Barkhane នឹង​នៅតែ​បន្ត​ការងារ​តែម្នាក់ឯង ដើម្បី​ប្រយុទ្ធប្រឆាំង ពួកជីហាតជ្រុលនិយម នៅ​តំបន់​សាហែល។

បារាំង​ចាប់បើក​ប្រតិបត្តិការ​Barkhane នៅក្រោយ អន្តរាគមន៍​យោធា ដើម្បីទប់ស្កាត់​ការវាយចូលលុកលុយ​របស់​ក្រុមជីហាត ក្នុងទឹកដី​ម៉ាលី នៅ​ឆ្នាំ ២០១៣។ មន្រ្តីទូត​សុំ​មិនបញ្ចេញឈ្មោះ​ម្នាក់​បាននិយាយ​ថា រដ្ឋប្រហារផ្ទួនៗ នៅ​ម៉ាលី នឹង​អាច​ធ្វើ​ឲ្យ​ប្រទេស​អឺរ៉ុបដទៃទៀត ផ្លាស់ប្តូរ​ចិត្ត មិនចូលរួម​ជាមួយ​ម៉ាលី ដើម្បីប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត នៅ​តំបន់អាហ្វ្រិកសាហែល។

នៅក្រោយ រដ្ឋប្រហារ កាលពី​សប្តាហ៍មុន ប្រធានាធិបតី​បារាំងផ្ទាល់ ធ្លាប់​បាន​និយាយ ព្រមាន​ដក​កងទ័ព​បារាំង​ចំនួន ៥១០០​នាក់​ពី​ចេញពី​ប្រតិបត្តិ ​ប្រយុទ្ធប្រឆាំងនឹងពួក​ភេរវនិយមក្នុង​តំបន់ ក្នុងហេតុផលថា បារាំង​មិន​ចង់​ការពារ​ និងធ្វើការ​ជាមួយ​ប្រទេស​គ្មាន​ប្រជាធិបតេយ្យនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI