តម្លៃស្បៀងអាហារ

របាយការណ៍​បង្ហាញថា តម្លៃស្បៀងអាហារ​ក្នុងពិភពលោក ឡើងថ្លៃ កាន់តែ​ខ្លាំង

ហាងទំនិញ មួយនៅ​ទីក្រុង​ ឈីកាហ្គោ នៅ​ឆ្នាំ ២០០៨
ហាងទំនិញ មួយនៅ​ទីក្រុង​ ឈីកាហ្គោ នៅ​ឆ្នាំ ២០០៨ ASSOCIATED PRESS - Charles Rex Arbogast

តម្លៃស្បៀងអាហារ​ក្នុងពិភពលោក បាន​ឡើង​ថ្លៃ​ខ្លាំង នៅ​ខែ ឧសភា គឺ​កើនឡើង​ជិត ៤០% បើប្រៀបធៀប​នឹង​ខែឧសភា ឆ្នាំមុន។ តាម​របាយការណ៍ ដែល​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការ​សហប្រជាជាតិ ហៅកាត់​ថា FAO បាន​ចុះផ្សាយ​កាលពីថ្ងៃ​ព្រហស្បតិ៍ ផលិតផលចំណី​អាហារ នៅ​ខែ ឧសភា បាន​ចាប់ឡើងថ្លៃ​ខ្ពស់ ដោយសារ​តម្លៃប្រេង ស្ករ និង​គ្រាប់ធញ្ញជាតិដែល​ជា​វត្ថុធាតុដើម​សំខាន់ បានកើនឡើង​ជាបន្តបន្ទាប់។

ផ្សាយពាណិជ្ជកម្ម

តម្លៃស្បៀងអាហារ​ក្នុង​ពិភពលោក បានកើនឡើងជា​លំដាប់ នៅក្នុង​រយៈពេល ១២​ខែ​មកនេះ។ ជាក់ស្តែង តម្លៃ​ផលិតផល​ចំណីអាហារ នៅ​ខែ ឧសភា ឆ្នាំនេះ បាន​កើនឡើង ៤,៨% បើប្រៀបធៀប​នឹងខែ​មេសា។ ផលិតផល​ចំណីអាហារ កាន់តែ​ឡើង​ថ្លៃ ព្រោះថា តម្លៃ ប្រេង ស្ករ​ ធញ្ញជាតិ សាច់ និង​ទឹកដោះគោ បានកើនឡើង​ខ្ពស់​ជាងមុន។

តាម​របាយការណ៍​របស់​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម ​របស់​អង្គការ​សហប្រជាជាតិ តម្លៃធញ្ញជាតិ​នៅក្នុង​ពិភពលោក បាន​កើនឡើង ៦% ព្រោះថា ពោតឡើង​បាន​ថ្លៃ​ជាងមុន ដោយសារ​គេ​បារម្ភ ពីការផលិត​ធ្លាក់ចុះ នៅ​ប្រទេស​ប្រេស៊ីល។ នៅពេល​តម្លៃ​អង្ករ​នៅ​ថេរ ប្រេងបន្លែ ដូចជា ប្រេងបានមកពីដូងប្រេង ឡើងថ្លៃ​ជាងមុន ក្នុងហេតុផលថា ការផលិតប្រេងដូង​នៅប្រទេស​ក្នុងតំបន់​អាស៊ីអាគ្នេយ៍​ មិន​សូវមានកំណើនខ្លាំង ចំណែក សណ្តែក​ក៏ឡើងថ្លៃខ្ពស់ ដោយសារ តម្រូវការ​ក្នុង​ពិភពលោក ចេះតែកើនឡើង ជាពិសេស​សម្រាប់​ផលិត​ប្រេងសរីរាង្គ។

មួយវិញទៀត ការព្រួយបារម្ភ ពី​ការធ្លាក់ចុះ នៃ​ការប្រមូលផល​កសិកម្ម នៅ​ប្រេស៊ីល ដែល​ជាប្រទេស​នាំចេញ​ស្ករច្រើនជាងគេ​ក្នុងពិភពលោក គឺជា​ហេតុផល​សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​តម្លៃស្ករ ក្នុងពិភពលោក ឡើងថ្លៃ ខ្ពស់ជាងមុន ជាងខែ​មេសាប្រមាណ ៦,៨%។ ក្នុង​រយៈពេល​១ខែ តម្លៃ​សាច់ បាន​កើនឡើង​២,២% នោះ​ក៏ដោយសារ​តម្រូវការ​នាំចូលច្រើន ទៅ​ប្រទេស​ចិន។

ដោយសារ ផលិតផល​ចំណីអាហារ​កាន់តែ​ឡើងថ្លៃ អង្គការ​ស្បៀងអាហារ​និង​កសិកម្ម ព្រួយបារម្ភថា វា​នឹងអាច​ទៅ​គំរាមកំហែង​សន្តិសុខ​ស្បៀង ជាពិសេស នៅក្នុង​កាលៈទេសៈ ដែល​វិបត្តិកូវីដ បានធ្វើ​ឲ្យ​មនុស្ស ជាច្រើន​លាននាក់ បាត់បង់​ការងារ​ធ្វើ ធ្លាក់​ខ្លួន​ទៅក្នុង​ភាពក្រីក្រ។ ពោល គឺ​វានឹង​ទៅបន្ថែម ឲ្យធ្ងន់ធ្ងរ វិបត្តិ​ស្បៀងអាហារ ដែល​បណ្តាលមក​ពី​សង្រ្គាម ជម្លោះប្រដាប់អាវុធ ហើយនិង​ការប្រែប្រួល​អាកាសធាតុ។

នៅពេល​តម្លៃស្បៀងអាហារ នៅក្នុងពិភពលោក កើនឡើងខ្ពស់ អង្គការ​ស្បៀងអាហារ និង​កសិកម្ម​ក៏​បានទាញ​ចំណាប់អារម្មណ៍ដែរ​ថា ការផលិត​គ្រាប់ធញ្ញជាតិ​នឹងអាច​កើនឡើង នៅឆ្នាំ២០២១ គឺ​ប្រមាណ​២៨២១​លាន​តោន។ ចំណែក​ ធញ្ញជាតិ​ក្នុង​ឃ្លាំងស្តុក នៅទូទាំងពិភពលោក​នឹង​កើនឡើង ប្រមាណ ០,៣% រហូតដល់ ៨១១​លាន​តោន នៅ​ពេល​គេ​បញ្ចប់​ការប្រមូលផល​នៅ​ឆ្នាំ ២០២២។ នេះជា​តួលេខ​គួរ​ឲ្យ​លើកទឹកចិត្ត ព្រោះថា បរិមាណ ធញ្ញជាតិក្នុង​ឃ្លាំងស្តុក នៅក្នុង​ពិភពលោក បាន​ធ្លាក់ចុះ អស់ ៣ឆ្នាំ​មកហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI