កូវីដ១៩-ទេសចរណ៍ ៖ តើប្រទេសណាខ្លះអាចធ្វើដំណើរមកកំសាន្តនៅបារាំង ?
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកអ្នកស្រមៃចង់ធ្វើដំណើរឆ្លងប្រទេស ក្នុងសម័យកូវីដ ? រដ្ឋាភិបាលបារាំងទើបកំណត់វិធានការថ្មីទាក់ទងនឹងការទទួលទេសចរបរទេស និងបើកព្រំដែនឱ្យប្រជាពលរដ្ឋបារាំងបានចេញទៅកំសាន្តវិស្សមកាលនៅក្រៅទ្វីប។ លក្ខខណ្ឌនៃការធ្វើដំណើរអាស្រ័យទាំងស្រុងទៅលើពណ៌របស់ប្រទេសនីមួយៗនៅលើពិភពលោក ដែលរដ្ឋាភិបាលបារាំងបានបែងចែកជាបីពណ៌ ៖ បៃតង លឿងទុំ និងក្រហម ទៅកំរិតចម្លងកូវីដ១៩ និងការរីកសាយមេរោគបំប្លែងខ្លួននៅក្នុងប្រទេសនោះ។
ចាប់ពីថ្ងៃទី ៩ មិថុនា ២០២១ទៅ បារាំងនឹងបន្ធូរបន្ថយវិធានការប្រឆាំងនឹងកូវីដរបស់ខ្លួន ដោយបើកទូលាយឱ្យមានការធ្វើដំណើរបានច្រើនជាងមុន និងអាចធ្វើដំណើរឆ្លងទ្វីប ទៅ-មកប្រទេសខ្លះ។ បើតាមក្រសួងការបរទេស បារាំងបានបែងចែកផែនទីធ្វើដំណើរទៅតាមកំរិតនៃការរាតត្បាតកូវីដ១៩ ជាបីពណ៌ (បៃតង លឿងទុំ និង ក្រហម) និងជាបីលក្ខខណ្ឌផ្សេងៗគ្នា។
បៃតង ៖ ជាក្រុមប្រទេសដែលមានការចម្លងមេរោគកូវីដ១៩មិនសកម្ម និងគ្មានមេរោគកូវីដ១៩បំប្លែងខ្លួនគួរព្រួយបារម្ភ។ ក្រុមនេះមានតិចប្រទេសណាស់ គឺមានតែប្រទេសក្នុងសហភាពអឺរ៉ុប អ៊ីស្លង់ ស្វីស ន័រវែស អ៊ីស្រាអែល លីបង់ អូស្ត្រាលី នូវែលហ្សេឡង់ សិង្ហបុរី កូរ៉េខាងត្បូង និងជប៉ុន។ ប្រជាពលរដ្ឋបារាំង អាចធ្វើដំណើរទៅប្រទេសបៃតងបាន ដោយពុំចាំបាច់មានហេតុផលបញ្ជាក់ទេ។ អ្នកបានចាក់ថ្នាំបង្ការ (Pfizer- Moderna -Astrazeneca) ត្រូវចាក់ឱ្យគ្រប់ចំនួនពីរម្ជុល និងចាំយ៉ាងតិចពីរសប្តាហ៍ ទើបអាចចេញដំណើរបាន ឬមួយម្ជុលនិងបួនសប្តាហ៍ក្រោយការវ៉ាក់សាំង Johnson&Johnson។ ពលរដ្ឋនៃប្រទេសបៃតង ក៏អាចចូលមកទស្សនាប្រទេសបារាំងបាន បើទោះបីជាពុំទាន់ចាក់វ៉ាក់សាំងក៏ដោយ ដោយគ្រាន់តែបង្ហាញលទ្ធផលតេស្តកូវីដអវិជ្ជមាន៧២ម៉ោងមុនឡើងយន្តហោះ។
លឿងទុំ ៖ មេរោគកូវីដសកម្មខ្លាំង តែគ្រប់គ្រងបាន និងពុំមានការរីកសាយនៃមេរោគបំប្លែងខ្លួនគួរព្រួយបារម្ភ។ ក្រុមលឿងទុំមានច្រើនប្រទេសជាងគេ រាប់តាំងពីសហរដ្ឋអាមេរិក កាណាដា ប្រទេសនៅទ្វីបអាហ្វ្រិក និងនៅអាស៊ី ស្ទើរទាំងអស់ ព្រមទាំងអង់គ្លេស។ អ្នកចាក់ថ្នាំបង្ការរួចសព្វគ្រប់ហើយ អាចធ្វើដំណើរទៅប្រទេសទាំងអស់នោះបានដោយគ្មានមូលហេតុចាំបាច់ ប៉ុន្តែអ្នកមិនទាន់ចាក់វ៉ាក់សាំង មិនអាចធ្វើដំណើរទៅបានទេ បើគ្មានភារកិច្ចបន្ទាន់ចាំបាច់ក្នុងគ្រួសារនិងការងារ ដែលទទួលស្គាល់ដោយរដ្ឋាភិបាល។ ពលរដ្ឋក្នុងប្រទេសលឿងទុំអាចមកបារាំងបាន បើបានចាក់ថ្នាំបង្ការរួចត្រឹមត្រូវ (ថ្នាំបង្ការទទួលស្គាល់ដោយបារាំង Pfizer- Moderna -Astrazeneca និង Johnson&Johnson) និងដោយត្រូវធ្វើតេស្តអវិជ្ជមានកូវីដ១៩ ចំនួន៧២ម៉ោងជាមុន។ អ្នកមិនទាន់បានចាក់វ៉ាក់សាំង ត្រូវមានហេតុផងចាំបាច់នៃការធ្វើដំណើរ និងត្រូវនៅដាច់ដោយឡែកពីគេចំនួន៧ថ្ងៃ ពេលមកដល់បារាំង។
ក្រហម ៖ ជាក្រុមប្រទេសដែលមេរោគកូវីដបំប្លែងខ្លួនកំពុងសកម្មខ្លាំង គួរឱ្យព្រួយបារម្ភ មានអាទិ៍ អាហ្វ្រិកខាងត្បូង ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា បង់ក្លាដែស នេប៉ាល់ ប្រេស៊ីល កូឡុំប៊ី បូលីវី អាហ្សង់ទីន កូស្ការីកា តួកគី អ៊ុយរាហ្កាយ។ មិនទទួលនិងកំរិតលំហូរអ្នកដំណើរមកពីប្រទេសទាំងអស់នោះយ៉ាងតឹងតែង ដោយឱ្យធ្វើតេស្ត ពេលមុននិងពេលមកដល់ទឹកដីបារាំង និងធ្វើចត្តាឡីស័ក១០ថ្ងៃហើយ រដ្ឋាភិបាលបារាំងបានណែនាំមិនឱ្យពលរដ្ឋបារាំងធ្វើដំណើរទៅប្រទេសទាំងនេះ ប្រសិនបើគ្មានភារកិច្ចចាំបាច់។
ការកំណត់ពណ៌ប្រទេសនឹងត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់១៥ថ្ងៃម្តង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ