បារាំង-តួកគី

ប្រមុខការទូតតួកគីបំពេញទស្សនកិច្ចក្នុងប្រទេសបារាំងដើម្បីព្យាយាមស្តារទំនាក់ទំនងធម្មតាឡើងវិញ

ប្រមុខ​ការទូត​នៃ​ប្រទេស​តួកគី​លោក​ម៉េលូក ឆាវសូលូក។
ប្រមុខ​ការទូត​នៃ​ប្រទេស​តួកគី​លោក​ម៉េលូក ឆាវសូលូក។ REUTERS - COSTAS BALTAS

ប្រមុខ​ការទូត​នៃ​ប្រទេស​តួកគី​លោក​ម៉េលូក ឆាវសូលូក​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​បារាំង។ លោក​ឆាវសូលូក​ដែល​បាន​ទៅ​ដល់​ទឹកដី​បារាំង​នា​ថ្ងៃ​អាទិត្យ ទី៦ មិថុនា​ចូល​ជួប​ប្រមុខ​ការទូត​បារាំង​លោក​ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់​ក្នុង​ថ្ងៃ​ចន្ទ ទី៧ មិថុនា។ ទស្សនកិច្ច​លើកទី១ របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​តួកគី​នៅ​បារាំង​ពេល​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​ស្គាល់​ទំនាក់ទំនង​រកាំរកូស​អស់​រយៈពេល​ជា​ច្រើន​ខែ។ ក្នុង​ខែ​តុលា ឆ្នាំ ២០២០ ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​បាន​ចោទ​សមភាគី​បារាំង​លោក​ម៉ាក្រុង​ក្នុង​បទ​ប្រឆាំង​អ៊ីស្លាម​ដោយសារ​តែ​លោក​ម៉ាក្រុង​បាន​ការពារ​សិទ្ធិ​ក្នុង​រឿង​ត្លុកកំប្លែង​ព្យាការី​ម៉ាហូម៉េត និង​ថ្លែង​ប្រឆាំង​នឹង​ការ​ផ្តាច់អ៊ីស្លាមនិយម​ក្នុង​ប្រទេស​បារាំង។ គឺ​ទើប​នៅ​ក្នុង​កិច្ចសន្ទនា​តាម​អនឡាញ​នា​ខែ​មីនា​កន្លង​ទៅ​ដែល​ភាព​តានតឹង​រវាង​ប្រមុខរដ្ឋ​ទាំង​ពីរ​បាន​ធ្លាក់​ចុះ​បន្តិច។ តែ​អ្នកជំនាញ​តួកគី​លោក​អាម៉េត អ៊ីនសែល​បាន​រម្លឹក​ថា មាន​សំណុំរឿង​វិវាទ​ជា​ច្រើន​ដែល​បារាំង និង​តួកគី​កំពុង​មាន​ជាមួយ​គ្នា។

ផ្សាយពាណិជ្ជកម្ម

« ជាមួយ​បារាំង មាន​សំណុំរឿង​វិវាទ​ទ្វេភាគី​ជា​ច្រើន។ ឧទាហរណ៍​ទាក់ទង​នឹង​វិបត្តិ​នៅ​ក្នុង​ប្រទេស​លីប៊ី បារាំង និង​តួកគី​ជា​ប្រទេស​ពីរ​ដែល​កំពុង​គាំទ្រ​ភាគី​ជម្លោះ​ផ្ទៃក្នុង​ម្ខាង​ម្នាក់​ដែល​កំពុង​ប្រឈម​មុខ​គ្នា​តាម​ផ្លូវ​អាវុធ។ បារាំង និង​តួកគី​ជា​ប្រទេស​ពីរ​ដែល​កំពុង​គាំទ្រ​ក្រុម​ម្ខាង​ម្នាក់​នៅ​ក្នុង​ប្រទេស​ស៊ីរី។ បារាំង​បាន​សន្យា​តាម​ផ្លូវ​យោធា​គាំទ្រ​ប្រទេស​ក្រិច​ទាក់ទង​នឹង​ជម្លោះ​ដែនទឹក​ដែល​ក្រិច​មាន​ជាមួយ​តួកគី​នៅ​សមុទ្រ​មេឌីទែររ៉ាណេខាងកើត​ដោយ​បារាំង​បាន​បញ្ជូន​នាវាចម្បាំង​នៅ​កាន់​ទីនោះ។

ដូច្នេះ​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​តួកគី​លោក​ម៉េលូក ឆាវសូលូក​ក្នុង​ប្រទេស​បារាំង​ពេល​នេះ យើង​មិន​ដឹង​ថា​តើ​បារាំង និង​តួកគី​អាច​និយាយ​ចុះ​សម្រុង​គ្នា​លើ​សំណុំរឿង​អ្វី​ខ្លះ​ទេ។ ខ្ញុំ​គិត​ថា នេះ​ហើយ​ជា​ការ​លំបាក​ដែល​យើង​ឃើញ និង​យើង​ធ្លាប់​ដឹង​ពី​នយោបាយ​ទូទៅ​របស់​តួកគី និយាយ​ជា​រួម និង​នយោបាយ​ការបរទេស និយាយ​ដោយឡែក។ នេះ​ហើយ​ជា​រឿង​ដែល​មិន​អាច​ទាយទុក​មុន​បាន និង​មិន​ប្រាកដប្រជា​សម្តែង​ចេញ​ពី​របប​ផ្តាច់ការ។

ថ្ងៃ​នេះ ប្រមុខ​ការទូត​តួកគី​លោក​ម៉េលូក ឆាវសូលូក​អាច​និយាយ​ត្រូវរ៉ូវ និង​មាន​ការ​ឯកភាព​គា្ន​ជាមួយ​សមភាគី​បារាំង​លោក​ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់។ តែ​ស្រាប់​តែ​នៅ ២ថ្ងៃ​ក្រោយ​មក ប្រធានាធិបតី​តួកគី​លោក​រីសិប តាយីប អែរដូហ្កាន​អាច​ចូល​អន្តរាគន៍​ដើម្បី​បំផ្លាញ​ចោល​វិញ​ទាំង​អស់។ វា​ពិត​ជា​ពិបាក​ខ្លាំង​ណាស់​ក្នុង​ការ​ទស្សន៍ទាយ​ទុក​មុន »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI