យន្តហោះ​MH១៧

យន្តហោះ​​MH១៧ ៖ តុលាការ​ចាប់​​​ពិនិត្យ​ភស្តុតាង​ដែល​ដាក់​បន្ទុក​លើ​ជនសង្ស័យរុស្ស៊ី​និង​អ៊ុយក្រែន

ជន​ជាប់​សង្ស័យទាំង​បួន​​​ ក្នុង​សំណុំ​រឿង​ធ្លាក់​យន្តហោះ​MH17 នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ឆ្នាំ​២០១៤
ជន​ជាប់​សង្ស័យទាំង​បួន​​​ ក្នុង​សំណុំ​រឿង​ធ្លាក់​យន្តហោះ​MH17 នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ឆ្នាំ​២០១៤ REUTERS/Eva Plevier

នៅ​ថ្ងៃ​ចន្ទ​​ទី ៧​មិថុនា នៅ​ក្នុង​​សវនាការ​ តុលាការ​ហូឡង់​បាន​ចាប់​ផ្តើ​មត្រួត​ពិនិត្យ​​ភស្តុតាង​ដែលដាក់​បន្ទុក​លើ​​ជន​សង្ស័យបួន​នាក់ (​រុស្ស៊ី បីនាក់ និង​អ៊ុយក្រែនម្នាក់) ពី​បទ​​មាន​ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់​យន្តហោះ​ MH១៧ របស់​ក្រុមហ៊ុន​ម៉ាឡេស៊ីអ៊ែរឡាញ ​នៅភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​កាលពី​ឆ្នាំ​២០១៤។ គ្រោះថ្នាក់ដែល​​បាន​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ជិះ​ក្នុង​យន្តហោះ​ទាំង ២៩៨នាក់ ក្នុង​នោះ ១៩៦​នាក់​​ជា​ជនជាតិ​ហូឡង់។

ផ្សាយពាណិជ្ជកម្ម

សវនការ​បាន​ចាប់​បើក​តាំង​ពី​ខែ​មីនា​២០២០​មក តែ​ការ​ជំនុំ​ជម្រះ​ទើប​ចាប់​ផ្តើម​ដោយ​ជាក់​ស្តែង​នៅ​ថ្ងៃទី​៧​មិថុនា​នេះ​តែ​ប៉ុណ្ណោះ។  តុលាការ​​ចាប់​ពិនិត្យ​ពិច័យ ពិភាក្សា​អំពី​ខ្លឹមសារ​នៃ​សំណុំ​រឿង​ចោទ​ប្រកាន់ និង​​​បំភ្លឺ​នូវ​រាល់​សំណួរ​​សំខាន់ៗ ដែល​តុលាការ​បាន​ចាប់​ផ្តើម​វិភាគ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​រ​បស់​តុលាការ​Schiphol  នៅ​ក្រុង​អាំស្ទែដាំ។

សំណួរ​គន្លឹះទាំង​នោះ​មាន​ដូច​ជា ៖ តើ​យន្តហោះ​MH១៧​ បាន​ធ្លាក់​ដោយ​ត្រូវ​គ្រាប់​មីស៊ីល​Buk មែន​ឬ ? តើ​មីស៊ីល​Buk ពិត​ជា​បាន​បាញ់​ចេញ​ពី​ចំការ​កសិកម្ម​នៅ ជិត​ភូមិ Pervomaiskyi ? ជន​ជាប់​ចោទ​ មាន​ពាក់ព័ន្ធ​​នឹង​​ការ​បាញ់​មីស៊ីល​ទម្លាក់​យន្តហោះ​យ៉ាងណា ? នេះ​ជា​ការ​លម្អិត​បន្ថែម​របស់​តុលាការ។

ជនជាប់​សង្ស័យ​ទាំង​បួន (​បីនាក់​ជា​ជនជាតិ​រុស្ស៊ី ឈ្មោះ Serguei Doubinski, Igor Guirkine និង​ Oleg Poulatov ព្រមទាំង​ Léonid Khartchenko​ជនជាត​អ៊ុយក្រែន​) ដែលសុទ្ធ​សឹង​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​ក្រុម​ផ្តាច់​ទឹក​ដីនិយម​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន អាច​នឹងត្រូវ​តុលាការ​​កាត់ទោស​ក្នុង​បទ​ឃាតកម្ម​សម្លាប់​មនុស្ស​ ឱ្យ​​ជាប់​ក្នុង​ពន្ធនាគារ​អស់​មួយ​ជីវិត។ គ្មាន​​ ​ជន​សង្ស័យណា​ម្នាក់​បង្ហាញខ្លួន​ក្នុង​អង្គ​សវនាការ​ទេ ​តែ​ជនសង្ស័យ​អ៊ុយក្រែន​មាន​តំណាង​ជា​ផ្លូវការ នៅ​តុលាការ។

​នៅ​ថ្ងៃ​ចន្ទ​ទី​៧​មិថុនា​នេះ អង្គ​សវនាការ​​​ត្រូវ​លើក​​អំពី​ប្រធានបទ​ទូទៅ​នៃ​ការ​ងារ​អង្កេត​របស់​រដ្ឋអាជ្ញា និង​បន្ត​​ដោយ​ការ​ពិភាក្សា​រយៈ​ពេល​បី​ថ្ងៃ​ ពី​ថ្ងៃអង្គារ​ដល់​ថ្ងៃព្រហស្បតិ៍​ទី ១០មិថុនា។ បន្ទាប់​មក​ តំណាង​ជនជាប់​ចោទ និង​ដើម​ចោទ​ អាច​​ឡើង​មក​ការពារ​ខ្លួន​​រៀង​ខ្លួន រហូត​ដល់​ថ្ងៃទី ៩​កក្កដា។ ចំណែក​គ្រួសារ​ជន​រងគ្រោះនឹង​ចូល​មក​ធ្វើ​សក្ខីកម្ម​នៅ​ខែ​កញ្ញា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI