បារាំង

លោកប្រធានាធិបតី​បារាំង អេម៉ានុយអ៊ែល ​ម៉ាក្រុង ត្រូវជន​ម្នាក់​ទះកំផ្លៀង

លោកប្រធានាធិបតីម៉ាក្រុង នៅតែបន្ត​រាក់ទាក់ជាមួយ​ប្រជាពលរដ្ឋ នៅទីក្រុង​វ៉ាឡង់ស៍ ថ្ងៃទី ៨ មិថុនា ២០២១ បន្ទាប់ពីត្រូវបាន​ជនម្នាក់ទះកំផ្លៀងលោក។
លោកប្រធានាធិបតីម៉ាក្រុង នៅតែបន្ត​រាក់ទាក់ជាមួយ​ប្រជាពលរដ្ឋ នៅទីក្រុង​វ៉ាឡង់ស៍ ថ្ងៃទី ៨ មិថុនា ២០២១ បន្ទាប់ពីត្រូវបាន​ជនម្នាក់ទះកំផ្លៀងលោក។ AP - Philippe Desmazes

លោក​ ម៉ាក្រុង ប្រធានាធិបតីបារាំង ត្រូវ​បាន​ជនម្នាក់ ទះកំផ្លៀង ក្នុង​ពេល​ដែល​លោក ចុះទៅចាប់ដៃ​រាក់ទាក់​ប្រជាពលរដ្ឋ កាលពី​រសៀល​ថ្ងៃអង្គារ ទី​៨​មិថុនា។ ជន​ដៃដល់ ត្រូវ​បាន ក្រុម​អង្គរក្ស​លោក​​ប្រធានាធិបតី​​ម៉ាក្រុង ចាប់ឃាត់​ខ្លួន​ភ្លាមៗ​ក្រោយ​កើតហេតុនេះ។ អាកប្បកិរិយា​ព្រហើន​ ​និង​ហិង្សា​បំផុត របស់​ជននេះ​ ធ្វើមក​លើ​ប្រមុខរដ្ឋ​បារាំង ត្រូវ​បាន​មតិសាធារណៈ រួមទាំងអ្នក​នយោបាយ​បារាំង​​ទាំងអស់ បរិហារ​​ថ្កោលទោស។

ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍ លោកប្រធានាធិបតីម៉ាក្រុង ត្រូវ​បានជនម្នាក់​ទះកំផ្លៀង បាន​កើតឡើង​នៅ​​​ឃុំ Tain-l’Hermitage ភាគ​ខាង​ត្បូង​ប្រទេស​បារាំង ក្នុង​ពេល​ដែល​លោកម៉ាក្រុង បាន​ចុះទៅ​ចាប់​ដៃសួរសុខទុក្ខ​ប្រជាពលរដ្ឋ កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​៨មិថុនា​។

នៅក្នុងវីដេអូ ដែលប្រជាពលរដ្ឋម្នាក់​បានថត គេឃើញ​លោកម៉ាក្រុង ស្ទុះទៅចាប់ដៃបង្ហាញភាពស្និទ្ធស្នាល​នឹង​បុរសម្នាក់ ពាក់​អាវពណ៌កាគី សក់វែង ពុកមាត់ស្រម៉ូម។ រំពេចនោះ ស្រាប់តែជននោះ បាន​ទះកំផ្លៀង​លោកម៉ាក្រុង លើ​ថ្ពាល់ខាងឆ្វេង​។ កងអង្គរក្ស បាន​ស្ទុះ​ទៅ​ទប់លោក ម៉ាក្រុងដែល​បានគេចវិះនឹងដួល ចំណែក​ជនដៃដល់ ត្រូវបាន​​កងអង្គរក្ស​ផ្សេងទៀត ចាប់ឃាត់​ខ្លួនបាន​ភ្លាមៗ។

ក្នុងពេលបង្កហេតុ ជនដៃដល់បានស្រែក​ថា "Montjoie Saint Denis! » ដែល​ឃ្លានេះ គឺបានសំដៅ​ដល់​« ចលនា​កង​ទាហាន​រាជានិយម » ក្នុង​សម័យ​​បុរាណ​របស់បារាំង។ ក្រៅពី​ជន​ដៃដល់​សមត្ថកិច្ច​បារាំង បាន​ឃាត់ខ្លួន​ជនម្នាក់ទៀត។ យោង​តាម​ការ​អង្កេតបឋម ជន​ដៃដល់ គឺជា​សមាជិក​​ក្រុម ជន​អភិរក្ស​បុរាណនិយម ហើយ​ដែល​មាន​ទំនោរ​ប្រឆាំង និងស្អប់​ការដឹកនាំ​របស់​លោក​ម៉ាក្រុង។

គួរកត់សំគាល់ថា អាប្បកិរិយាយ៉ាងហិង្សា និងព្រហើន​របស់ជនដៃដល់​ ធ្វើ​មក​លើ​លោក​​ប្រធានាធិបតី​ម៉ាក្រុង វាបាន​ស្តែងចេញ​​ឲ្យឃើញ នូវ​បរិយាកាស​ដ៏តានតឹង នៅក្នុង​សង្គមបារាំងបច្ចុប្បន្ន ដែល​ពោរពេញ​ដោយ​អំពើហិង្សា។ នៅតាម​​បណ្តាញសង្គម Facebook Twitter មនុស្សម្នា​បង្ហោះសារ ជេរប្រមាថគ្នា​ រើសអើង​ប្រកាន់ពូជសាសន៍ និង​មាក់ងាយ​​មកលើ​ថ្នាក់ដឹកនាំនយោបាយ ក៏ដូច​ជា​មន្ត្រី​មាន​​សមត្ថកិច្ច យ៉ាង​​អាណាធិបតេយ្យ​បំផុត។

យ៉ាងណាក៏ដោយ ទង្វើ​ដ៏ហិង្សា ទះកំផ្លៀង​ប្រមុខរដ្ឋ​នេះ គឺត្រូវ​បាន​​មតិសាធារណៈទូទៅ ​បណ្តាញសារព័ត៌មាន ព្រម​ទាំង​អ្នកនយោបាយ​​បារាំង​គ្រប់​បក្សទាំងអស់ ថ្កោលទោស ថាវា​ជារឿង​មិនអាចអត់​ឱន​ឲ្យ​បានជាដាច់ខាត។ ទះកំផ្លៀងប្រធានាធិបតី គឺហាក់ដូចជាទះកំផ្លៀង របប​សាធាររដ្ឋបារាំង​ដូច្នោះ​ដែរ។ ដោយឡែក ករណីនេះ បានរំលេច​ឲ្យឃើញ​ផងដែរ អំពី​​ភាពខ្វះ​ចន្លោះ ធ្វេស​ប្រហែស នៅក្នុង​ការ​ការពារ​សន្តិសុខ ជូន​ប្រធានាធិបតី​បារាំង។

នៅចំពោះមុខអង្គសភា នៅព្រឹកថ្ងៃពុធនេះ លោក Jean Castex នាយករដ្ឋមន្ត្រីបារាំង បាន​ប្រកាសថា អ្នកនយោបាយ​ក៏ដូចជា​ប្រជាពលរដ្ឋ​បារាំងទាំងអស់ ត្រូវតែ​ស្ទុះឡើង​ ការពារ​ស្ថាប័នកំពូល​​របស់​រដ្ឋ ដែល​ជា​សសរ​ទ្រូង នៃ​លទ្ធិ​ប្រជាធិបតេយ្យ។ លទ្ធិប្រជាធិបតេយ្យ គឺ​ជាការ​តស៊ូ​មតិ មិនមែន​ស្តែងឡើង តាមរយៈ​អំពើ​ហិង្សានោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI