ប្លាស្ទីក

ពិភពលោកផលិត​ប្លាស្ទិក​តិច​ជាង​​ធម្មតា ​និង​ជា​លើក​ទី​បី​ ក្នុង​ប្រវត្តិ​ឧស្សាហកម្មប្លាស្ទិក

ឆ្នាំ​២០២០ ពិភពលោកផលិត​ប្លាស្ទិក​តិច​ជាង​​ធម្មតា និង​ជា​លើក​ទី​បី​ក្នុង​ប្រវត្តិសាស្ត្រ​ឧស្សាហកម្ម​ប្លាស្ទិក
ឆ្នាំ​២០២០ ពិភពលោកផលិត​ប្លាស្ទិក​តិច​ជាង​​ធម្មតា និង​ជា​លើក​ទី​បី​ក្នុង​ប្រវត្តិសាស្ត្រ​ឧស្សាហកម្ម​ប្លាស្ទិក CC0 Pixabay/pasja1000

គិត​ចាប់​ពីដើម​សតវត្សរ៍​ទី ២០ មក នេះ​គឺ​ជា​លើក​ទីបី ដែល​ការ​ផលិត​​ប្លាស្ទិក​ប្រចាំ​ឆ្នាំ​នៅ​លើ​ភព​ផែនដី បាន​ថយចុះ។ ដោយ​ហេតុ​កូវីដ​១៩ ពិភពលោក​ផលិត​ប្លាស្ទិក ត្រឹម​តែ ៣៦៧​លាន​តោន នៅ​ឆ្នាំ​២០២០ ពោល​គឺ​តិច​ជាង​ឆ្នាំ​២០១៩​ចំនួន ១លានតោន​។ នេះ​បើ​តាម​សមាគមអ្នក​ផលិត​ប្លាស្ទីក​អឺរ៉ុបPlasticsEurope។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ប្រវត្តិ​ឧស្សាហកម្មពិភពលោក ​​ករណី​ផលិតកម្ម​ប្លាស្ទិក​ថយ​ចុះ​ ធ្លាប់​កើត​មាន​តែ​បី​ដង​ប៉ុណ្ណោះ ៖ លើក​ទីមួយ នៅ​ឆ្នាំ​១៩៧៣ ក្រោយ​ពី​មាន​វិបត្តិ​ប្រេង​កាត ​លើកទី​ពីរ ក្រោយ​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ​២០០៨ និង​ជា​លើក​ទី​បីដោយហេតុ​វិបត្តិកូវីដ១៩ គឺ​នៅ​ឆ្នាំ​២០២០នេះ​ ​ឯង។

​ដោយ​ហេតុ​តែ​ឥទ្ធិពល​នៃ​វិបត្តិកូវីដ​១៩​ទៅ​សេដ្ឋកិច្ច នៅ​ឆ្នាំ​២០២០ អឺរ៉ុប​ដែល​​ផលិត​​​ប្លាស្ទិកថ្មី​ៗចំនួន ៥៥​លាន​តោន​ ក្នុង​មួយ​ឆ្នាំៗនោះ មាន​​ផលិតកម្ម​ប្លាស្ទិក​ ​ថយ​ចុះ​៥,១% និង​ដល់​ទៅ ១១%​ចំពោះ​ករណី​ប្រទេស​បារាំង។ ចំណែក​ប្រទេស​ចិន ដែល​ជា​ប្រទេស​ផលិត​ប្លាស្ទិកដល់​ទៅ មួយភាគ​បួន​នៃ​តម្រូវការពិភពលោក​នៅ​ឆ្នាំ​២០១០ និង​ដែលបាន​បង្កើន​បរិមាណ​ផលិត​មួយ​ជា​ពីរ​​ដង​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​នោះ ក៏មាន​កំណើន​ផលិតកម្មប្លាស្ទិក​ត្រឹម​តែ​១%​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០២០។

ផលិតកម្ម​ប្លាស្ទិក​ចុះ​ថយ​ ព្រោះ​សេចក្តី​ត្រូវការ​ជា​ទូទៅ​ក៏​ថយ​ចុះ​។ ជាក់ស្តែងនៅ​បារាំង តម្រូវការ​ផ្នែក​ប្លាស្ទិក​បានធ្លាក់​ចុះអស់​៧,៥% នៅអាល្លឺម៉ង់​៦,៥%។ ក្នុង​ឧស្សាហកម្ម​​យានយន្ត​ ដែលធ្លាប់​ត្រូវ​ការ​​ប្លាស្ទិក​ខ្លាំង​ជាង​គេ​ទី​បី​បន្ទាប់​ពី​បម្រើបម្រាស់​ប្លាស្ទិក​សម្រាប់​វេចខ្ចប់ និង​សម្រាប់ធ្វើ​សំណង់ ស្រាប់​តែប្រើ​ប្លាស្ទិក​តិច​ជាង​ទម្លាប់​ដល់​ទៅ​ ១៨,១% ពោល​គឺ​ ៩០ម៉ឺន​តោន​តិច​ជាង​ឆ្នាំ​២០១៩។ នេះ​បើ​តាម​ការ​លម្អិត​របស់​សមាគម​ផលិតករប្លាស្ទិក​អឺរ៉ុប ដែល​បញ្ជាក់​ទៀត​ អឺរ៉ុប​ប្រើ​កញ្ចប់​ប្លាស្ទិក​​កន្លះ​លាន​តោនតិច​ជាង​ឆ្នាំ​២០១៩ និង​ប្រើប្លាស្ទិក​ក្នុង​វិស័យ​សំណង់​តិច​ជាង​​ឆ្នាំ​ទៅ​ចំនួន​១០​ម៉ឺនតោន។

​ប្រឈមនឹង​កូវីដ១៩ ​បម្រើបម្រាស់​ប្លាស្ទិក​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​ បាន​កើន​ឡើង​យ៉ាង​ខ្លាំងមែន ប៉ុន្តែ​សម្ភារៈ​ពេទ្យ​តំណាង​ឱ្យ​តែ​១,៥ទៅ២%​នៃ​ផលិត​ផល​ប្លាស្ទិក​ទូទៅ​ប៉ុណ្ណោះ។

ប៉ុន្តែ​ទីផ្សារ​ប្លាស្ទិក​នៅ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ និង​មាន​សល់ផល​ដដែល។ អឺរ៉ុប​មាន​អត្រា​​ផលិតកម្ម​ប្លាស្ទិក​តែ​១៥%​ នៅ​ឆ្នាំ​២០២០ ទល់​នឹង​២១%​កាលពី​ឆ្នាំ​២០១០ តែ​បើ​គិត​ពី​ទំហំ​ប្លាស្ទិក​នៅ​ដដែល​គឺ​ ៥៥​លាន​តោន​ ព្រោះ​អឺរ៉ុប​ផលិត​តែ​ប្លាស្ទិកពិសេសៗ​ល្អ ​ដែលមាន​តម្លៃ​ខ្លាំង​សម្រាប់​ឧស្សាហកម្ម​រថយន្ត​ឬ​យន្តហោះ។ ផ្ទុយ​ទៅ​វិញ នៅ​អាមេរិក អត្រា​ផលិតកម្មប្លាស្ទិកនៅលើ​ទីផ្សា​រ​នៅ​ដដែល ១៩% នៅ​ឆ្នាំ​២០២០ និង​២០%​កាលពី​ឆ្នាំ​២០១៩ ​តែ​បរិមាណ​បាន​កើន​ឡើ​ង។

ប្រឈម​នឹង​ការបិទទ្វារ​រោងចក្រ​ ដើម្បី​បំពេញ​លក្ខខណ្ឌ​សុវត្ថិភាព​សុខភាព​​ប្រឈម​នឹង​ជំងឺរាតត្បាត​កូវីដ​១៩ ផលិតផលបំរុង​ទុកក៏មាន​តិច​​ តម្លៃ​ផលិតផល​ប្លាស្ទិក​នឹង​ត្រូវ​ស្ទុះ​ឡើង​៨%​នៅ​ត្រីមាស​ទី​មួយ​ឆ្នាំ​២០២១ បើ​ប្រៀប​ធៀប​ទៅ​នឹងត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ​២០២០​ ដែល​តម្លៃ​ផលិតផល​ប្លាស្ទិក​បាន​ធ្លាក់​ចុះ​ជា​មធ្យម​៦,៩%​ជា​មធ្យម​នៅអឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI