អ.ស.ប.-បរិស្ថាន

អង្គការសមុទ្រអន្តរជាតិបើកកិច្ចប្រជុំដើម្បីស្វែងរកវិធានការថ្មីស្តីពីការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់

អង្គការសមុទ្រអន្តរជាតិបើកកិច្ចប្រជុំដើម្បីស្វែងរកវិធានការថ្មីស្តីពីការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ដែល​បញ្ចេញ​ដោយ​នាវា​
អង្គការសមុទ្រអន្តរជាតិបើកកិច្ចប្រជុំដើម្បីស្វែងរកវិធានការថ្មីស្តីពីការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ដែល​បញ្ចេញ​ដោយ​នាវា​ AP - Arnulfo Franco

អង្គការ​សមុទ្រ​អន្តរជាតិ​បើក​កិច្ចប្រជុំ​រយៈពេល ១សប្តាហ៍​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១០ ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ មិថុនា។ កម្មវត្ថុ​នៃ​កិច្ចប្រជុំ គឺ​ដើម្បី​អនុម័ត​លើ​វិធានការ​ថ្មី​ស្តីពី​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ដែល​បញ្ចេញ​ដោយ​ការ​ដឹកជញ្ជូន​តាម​ផ្លូវសមុទ្រ។ តាម​វិទ្យាស្ថានជាន់ខ្ពស់​សេដ្ឋកិច្ច​ផ្លូវសមុទ្រ ការ​ដឹកជញ្ជូន​ផ្លូវសមុទ្រ​បាន​បញ្ចេញ​ឧស្ម័នផ្ទះ​កញ្ចក់​ពី ២% ទៅ ៣% នៅ​ក្នុង​លោក។

ផ្សាយពាណិជ្ជកម្ម

កម្មវត្ថុ​នៃ​កិច្ចប្រជុំ​របស់​អង្គការ​សមុទ្រ​អន្តរជាតិ​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១០ ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ មិថុនា គឺ​សំដៅ​កាត់​បន្ថយ​បរិមាណ​កាបោន​ដែល​បញ្ចេញ​ដោយ​នាវា​ធ្វើ​ចរាចរណ៍​តាម​សមុទ្រ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ។ អ្វី​ដែល​​អង្គការ​សមុទ្រ​អន្តរជាតិ​ចង់​បាន គឺ​ធានា​ពី​ការ​កាត់​បន្ថយ​បរិមាណ​កាបោន​ឲ្យ​បាន ៤០% ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣០ ធៀប​នឹង​បរិមាណ​ដែល​មាន​កាល​ពី​ឆ្នាំ ២០០៨។ ដើម្បី​អាច​ឈាន​ដល់​គោលដៅ​នេះ​បាន អង្គការ​សមុទ្រ​អន្តរជាតិ​បាន​ដាក់​ចេញ​នូវ​វិធានការ​ចំនួន​ពីរ ទី១ ទាក់ទង​នឹង​ការ​បង្កើត​ឲ្យ​មាន​​លក្ខណៈវិនិច្ឆ័យ​ពិសេស​នៃ​ប្រសិទ្ធភាព​ថាមពល​ដោយ​ផ្អែក​លើ​ប្រភេទ និង​ទំហំ​នាវា​ដែល​មាន​ស្រាប់ និង​ទី២ កំណត់​ជា​ភាគរយ និង​ជា​ដំណាក់ការ​លើ​បរិមាណ​កាបោនដែល​ត្រូវ​កាត់​បន្ថយ​ពី​ពេល​នេះ​ទៅ​ថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០៣០។

គឺ​វិធានការ​ទី២ នេះ​ហើយ​ដែល​កំពុង​ក្លាយ​ជា​ប្រធានបទ​ស្នូល​នៃ​ការ​ជជែក​ដេញដោល​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​ពេល​នេះ។ កម្មវត្ថុ និង​ឆន្ទៈ​មាន តែ​ការ​ឈាន​ទៅ​សម្រច​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​ជា​រឿង​ពិបាក។ តែ​បើ​កិច្ចព្រមព្រៀង​ថ្មី​អាច​នឹង​អនុម័ត​បាន​មែន វា​នឹង​ចូល​ទៅ​ជំនួស​ឲ្យ​សន្ធិសញ្ញា​អន្តរជាតិ​ដើម្បី​បង្ការ​ការ​បំពុល​បរិស្ថាន​ដោយ​នាវា។ យោង​តាម​វិទ្យាស្ថានជាន់ខ្ពស់​សេដ្ឋកិច្ច​ផ្លូវសមុទ្រ ការ​ដឹកជញ្ជូន​ផ្លូវសមុទ្រ​បាន​បញ្ចេញ​ឧស្ម័នផ្ទះ​កញ្ចក់​ពី ២% ទៅ ៣% ក្នុង​លោក ពោល​ច្រើន​ជាង​ការ​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​ទៅ​ទៀត។លោក Damien Chevallier អ្នក​តំណាង​បារាំង​នៅ​អង្គការ​សមុទ្រ​អន្តរជាតិ​បាន​សម្តែង​ក្តី​បារម្ភ​ថា ការ​ផ្តោត​ច្រើន​តែ​លើ​វិធានការ​កាត់​បន្ថយ​បរិមាណ​កាបោន​បញ្ចេញ​ដោយ​នាវា​អាច​ធ្វើ​ឲ្យ​កិច្ចប្រជុំ​មិន​អាច​ជជែក​លើ​ប្រធានរឿង​ផ្សេង​ទៀត​ដែល​សំខាន់​ដូច​គ្នា។

ប្រធានរឿង​ផ្សេង​ទៀត​រួម​មាន ការ​អនុម័ត​លើ​កាលវិភាគ​ការងារ​សម្រាប់​វិធានការ​ដែល​គេ​ហៅ​វិធានការ​រយៈពេលមធ្យម​និង វែង​នៅ​ក្រោយ​ឆ្នាំ ២០៣០ ការ​កាត់​បន្ថយ​បរិមាណ​ប្លាស្ទិក ឬ​មួយ​ក៏​ការ​កាត់បន្ថយ​សំឡេង​នៅ​ក្នុង​សមុទ្រ​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI