មេរោគកូវីដ​បំប្លែងខ្លួនមក​ពី​ឥណ្ឌា "ដែលតា"​មានអំណាច​ចម្លងខ្លាំងជាង​មេរោគ​អាល់ហ្វា ៦០%

រូបភាព​មេរោគកូវីដ ដែល​វិទ្យាស្ថាន​ជំងឺឆ្លង និង​អាឡែហ្ស៊ី អាមេរិក Rocky Mountain Laboratories បាន​ថតផ្តិតបានតាមរយៈមីក្រូទស្សន៍
រូបភាព​មេរោគកូវីដ ដែល​វិទ្យាស្ថាន​ជំងឺឆ្លង និង​អាឡែហ្ស៊ី អាមេរិក Rocky Mountain Laboratories បាន​ថតផ្តិតបានតាមរយៈមីក្រូទស្សន៍ AP

អង់គ្លេស​កំពុង​តាមដាន​ជាប់ជានិច្ច ការវិវឌ្ឍ​នៃ​មេរោគកូវីដ​បំប្លែងខ្លួន មកពី​ឥណ្ឌា ដែល​អង្គការ​សុខភាពពិភពលោក​ទើបដាក់​ឈ្មោះថ្មី​ថា Delta “ដែលតា”។ នៅមួយសប្តាហ៍ក្រោយ ក្រសួង​សុខាភិបាលអង់គ្លេស​​ប្រកាស​ថា មេរោគកូវីដ​បំប្លែងខ្លួនថ្មី "ដែលតា" មានសមត្ថភាព​ចម្លងលឿនជាង មេរោគអាល់ហ្វា ៤០% ការសិក្សា​ថ្មី​មួយទៀត​របស់​អង់គ្លេស​ចុះផ្សាយនៅថ្ងៃ សុក្រ​ទី ១១ មិថុនា បាន​បង្ហាញថា មេរោគកូវីដ​បំប្លែងខ្លួនថ្មី Delta មានអំណាច​ចម្លងខ្លាំង ជាងមេរោគ​អាល់ហ្វា ដែលមានប្រភព មកពីអង់គ្លេស ដល់ទៅ ៦០%។

ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​អង់គ្លេស​មាន​ការព្រួយបារម្ភ​ខ្លាំង ពីមេរោគកូវីដ ”ដែលតា” ដែលមាន​អំណាច​ចម្លងលឿនខ្លាំង​ជាង​មេរោគបំប្លែងខ្លួនផ្សេងៗទៀត។ នៅពេល មេរោគកូវីដ​អាល់ហ្វា មានប្រភពចេញពី​អង់គ្លេស មាន​សមត្ថភាព ចម្លងលឿន​ជាង​មេរោគដើម មកពីប្រទេស​ចិន រួចហើយនោះ អាជ្ញាធរ​សុខភាពអង់គ្លេស​ទើប​រកឃើញ​ថ្មី​ថា មេរោគ​កូវីដបំប្លែងខ្លួនថ្មី ដែលតា ដែល​មាន​ប្រភព​មកពី​ឥណ្ឌា មាន​អំណាចចម្លងលឿន ជាង អាល់ហ្វា ដល់ទៅ ៦០%។ នៅ​សប្តាហ៍មុន អាជ្ញាធរ​អង់គ្លេស​ទើប​បាន​ប្រកាស​ថា “ដែលតា”​មានអំណាច​ចម្លងលឿន​ជាង អាល់ហ្វា មេរោគកូវីដ​បំប្លែងខ្លួន​អង់គ្លេស ប្រមាណ តែ​៤០% ប៉ុណ្ណោះ។ ដំណឹងនេះធ្លាក់មក នៅតែ​៣ថ្ងៃ​មុន​ដែល​រដ្ឋាភិបាលអង់គ្លេស ត្រូវ​ប្រកាស​វិធានការ ស្តីពី​ការបើកប្រទេស​ឡើងវិញ។

 

អំណាចចម្លង​លឿន​ខ្លាំង បានធ្វើ​ឲ្យ​“ដែលតា” វ៉ា​នាំមុខគេ ក្នុង​ចំណោម​មេរោគកូវីដ ដែលកំពុង​ចរាចរ នៅអង់គ្លេស។ តាម​អាជ្ញាធរ​អង់គ្លេស ៩០%​នៃ​អ្នកឆ្លងថ្មី នៅ​សប្តាហ៍នេះ មាន​ផ្ទុក​មេរោគកូវីដ​បំប្លែងខ្លួន “ដែលតា”។ អាច​និយាយ​បាន​ថា ក្នុង​ចំណោម​អ្នកឆ្លងថ្មី ជាង ៤ម៉ឺន២ពាន់នាក់ ក្នុង​មួយសប្តាហ៍ មាន ជាង ៣ម៉ឺន ៣ពាន់នាក់ (៣៣២០៦នាក់) ដែល​បាន​ឆ្លង មេរោគកូវីដ​”ដែលតា”។ នៅក្នុង​ចំណោមនោះ មាន​ទាំង​អ្នកដែល​មិនទាន់​បាន​ចាក់វ៉ាក់សាំង ទាល់តែសោះ និង​អ្នកចាក់វ៉ាក់សាំង រួចហើយ ( អ្នកមិនទាន់បាន​ចាក់វ៉ាក់សាំងសោះចំនួន ១៩៥៧៣នាក់ អ្នកចាក់វ៉ាក់សាំង បាន​១ដូស ចំនួន ៧៧៧៩ និង​អ្នកដែល​បាន​ចាក់វ៉ាក់សាំង​១ដូស ចំនួន ១៧៨៥នាក់)។

មេរោគបំប្លែងខ្លួនថ្មី “ដែលតា” បានធ្វើ​ឲ្យ​ករណីឆ្លងថ្មី នៃ​ជំងឺកូវីដ​កើនឡើងច្រើន ប៉ុន្តែ ចំនួន​អ្នកធ្លាក់ខ្លួនឈឺ ចូលព្យាបាល នៅមន្ទីរពេទ្យ នៅថេរដដែល ប្រមាណ ១ពាន់នាក់ ប៉ុណ្ណោះ។ សម្រាប់​លោកស្រី Jenny Harries ប្រធាន​ទីភ្នាក់ងារ​សន្តិសុខ​សុខភាព អង់គ្លេស ដែល​ដកស្រង់​សំដី ដោយ​កាសែត​The Guardian វ៉ាក់សាំង​អាច​ជួយ​កាត់បន្ថយ មិន​ឲ្យ​គេ​ធ្លាក់ខ្លួនឈឺ ប៉ុន្តែ មិន​ជួយ​ឲ្យគេ​ជៀសរួចផុត ពី​ការឆ្លងជំងឺ​កូវីដ​នោះទេ។ ប្រឈម​នឹង​ការកើនឡើង​នៃ​ករណីឆ្លងថ្មី វ៉ាក់សាំង នៅតែ ជា​អាវុធ​ការពារ​ខ្លួន ដ៏ប្រសើរ​ជាងគេ។ បើគេ​ចាក់បាន​២ដូស គេ​នឹង​ទទួល​បានការការពារ​ខ្លាំងជាង ទទួលបាន​វ៉ាក់សាំង ១ដូស។

អង្គការ​សុខភាពពិភពលោកធ្លាប់​ព្រមាន​ពីគ្រោះថ្នាក់​នៃ​មេរោគកូវីដ “ដែលតា” ដែល​ឆ្លងលឿន និង​អាច​មាន​ឥទ្ធិពលធ្វើឲ្យប្រសិទ្ធិភាពរបស់ ​វ៉ាក់សាំង​បង្ការកូវីដ ធ្លាក់ចុះខ្សោយ។ ជាក់ស្តែង នៅក្នុង​ករណី​របស់​ប្រទេស​អង់គ្លេស ក្នុងចំណោម​អ្នកជំងឺ ដែលមាន​មេរោគ “ដែលតា” ៣៨៣ នាក់​ដែលធ្លាក់ខ្លួន​ឈឺ ​ចូលព្យាបាល នៅមន្ទីរពេទ្យ មាន ៤២នាក់ ដែល​ធ្លាប់​បាន​ទទួល​ចាក់​វ៉ាក់សាំង ២ដូស រួចហើយ ចំណែក ៨៦នាក់ ដែល​មាន​ចាក់វ៉ាក់សាំង ១ដូស និង ២៥១នាក់ ដែលមិនបាន​ចាក់វ៉ាក់សាំង ទាល់តែសោះ។ នៅក្នុង​ចំណោម​អ្នកស្លាប់​ដោយសារ​មេរោគបំប្លែងខ្លួនថ្មី “ដែលតា” ចំនួន ៤២នាក់ នៅ​ក្នុងរយៈពេល ២៨​ថ្ងៃ​ចុងក្រោយនេះ មាន ១២​នាក់ ដែល​ធ្លាប់​ចាក់​វ៉ាក់សាំងបង្ការកូវីដ ២ដូស និង ៧នាក់ ដែល​បាន​ចាក់ ១ដូស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI