បារាំង-ណាតូ

លោកអេម៉ានុយអែល ម៉ាក្រុង៖អង្គការណាតូត្រូវរៀបចំ និងកំណត់យុទ្ធសាស្រ្តរបស់ខ្លួនឡើងវិញ

ប្រធានាធិបតីបារាំងលោកម៉ាក្រុង។
ប្រធានាធិបតីបារាំងលោកម៉ាក្រុង។ © AFP/Pascal Rossignol

អង្គការ​ណាតូ​ត្រៀម​បើក​ជំនួបកំពូល​នៅ​ថ្ងៃ​ចន្ទ ទី១៤ មិថុនា​ដើម​សប្តាហ៍​ក្រោយ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។ គួរ​រម្លឹក​ថា​កាល​ពី ១ឆ្នាំ​កន្លះ​មុន ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​លើក​ឡើង​ពី​ភាព​គ្មាន​ប្រសិទ្ធិភាព​របស់​ណាតូ​រហូត​ហ៊ាន​និយាយ​ពី​ការ​ស្លាប់​ខួរក្បាល​របស់​អង្គការ​មួយ​នេះ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៩។ កាល​ណោះ គឺ​ក្នុង​ជំនាន់​អាមេរិក​ដឹក​នាំ​ដោយ​លោក​ដូណាល់ ត្រាំ​ដែល​ប្រឆាំង​នឹង​អង្គការ​ណាតូ។ តែ​អាមេរិក​សម័យ​លោក​បៃដិន​មាន​នយោបាយ​ផ្ទុយ​ស្រឡះ​ពី​លោក​ត្រាំ​ដោយ​លោក​បៃដិន​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ផ្ទាល់​នៅ​ក្នុង​ជំនួបកំពូល​ណាតូ​ពេល​នេះ។ យ៉ាង​ណា​ក៏​ដោយ ភាព​ស្រពិចស្រពិល​កំពុង​បន្ត​មាន​ទាក់ទង​នឹង​ប្រសិទ្ធិភាព និង​យុទ្ធសាស្រ្ត​របស់​ណាតូ។ សម្រាប់​លោក​ម៉ាក្រុង គេ​ត្រូវ​សើរើ ពិនិត្យមើល​ឡើង​វិញ​ឲ្យ​បាន​ស៊ីជម្រៅ​នូវ​យុទ្ធសាស្រ្ត​របស់​អង្គការ​ណាតូ។

ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​គិត​ថា អង្គការ​ណាតូ​ត្រូវ​ការ​កសាង​ទំនាក់ទំនង​ធូរស្រាល ច្បាស់លាស់ និង​ម៉ឺងម៉ាត់​ជាមួយ​ប្រទេស​រុស្ស៊ី។ ម៉ឺងម៉ាត់​នៅ​ពេល​ដែល​មាន​ការ​លូកដៃ​ចូលជ្រៀតជ្រែក មាន​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត ឬ​ការ​សម្លុតគំរាម។ គេ​ត្រូវ​និយាយ​គ្នា​ឲ្យ​បាន​ច្បាស់​ថា តើ​អ្នក​ណា​ជា​សត្រូវ​របស់​យើង​ពិតប្រាកដ ហើយ​សត្រូវ​នោះ​នៅ​ទីណា?។

គេ​ត្រូវ​និយាយ​គ្នា​ឲ្យ​បាន​ច្បាស់​ថា តើ​អ្វី​ទៅ​ជា​គុណតម្លៃ​របស់​យើង? តើ​យើង​ត្រូវ​រៀបចំ និង​មាន​ទំនាក់ទនង​ជាមួយ​អ្នក​ជិតខាង​របស់​យើង​យ៉ាង​ដូចម្តេច?។ តើ​នយោបាយ​របៀប​ណា​ដែល​យើង​ត្រូវ​ប្រកាន់​យក​ជាមួយ​រុស្ស៊ី។ តើ​នយោបាយ​របៀប​ណា​ដែល​យើង​ត្រូវ​មាន​នៅ​តំបន់​មជ្ឈិមបូព៌ា និង​នៅ​តំបន់​ដើមបូព៌ា។ តើ​នយោបាយ​របៀប​ណា​ដែល​យើង​ត្រូវ​ប្រកាន់​យក​ជាមួយ​តំបន់​អាហ្រ្វិក​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម។

ប្រទេស​ចិន​មិន​មាន​វត្តមាន​ជាមួយ​យើង​ឡើយ ព្រោះ​សម្រាប់​ខ្ញុំ ចិន​មិន​ស្ថិត​ក្នុង​ភូមិសាស្រ្តនយោបាយ​អាត្លង់ទិក​ទេ។ ខ្ញុំ​គិត​ថា នេះ​មិនមែន​ជា​ប្រធានបទ​ស្នូល​ឡើយ។ ដូច្នេះ​ឃើញ​ថា មាន​ប្រធានរឿង​យុទ្ធសាស្រ្ត​ជា​ច្រើន និង​ទូលំទូលាយ​ខ្លាំង​ណាស់។ ពី​ដំបូង​ឡើយ អង្គការ​ណាតូ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រឈម​ទប់​នឹង​កតិកាសញ្ញា​វ៉ាសូវី។ តែ​បញ្ហា​នៅ​ត្រង់​ថា លែង​មាន​កតិកាសញ្ញា​វ៉ាសូវី​នេះ​ទៀត​ឡើយ។

ខ្ញុំ​គិត​ថា គេ​ត្រូវ​សើរើ ពិនិត្យមើល​ឡើង​វិញ​ឲ្យ​បាន​ច្បាស់​នូវ​ក្របខណ្ឌ​នៃ​បទអន្តរាគមន៍​របស់​យើង។ មាន​ភាព​មិន​ស៊ីសង្វាក់​គ្នា​ដែល​គេ​នៅ​មិន​ទាន់​ដោះស្រាយ និង​ពេល​ខ្លះ មាន​កិច្ចការ​បន្ទាន់ ប្រញាប់ប្រញាល់​មួយ​ចំនួន​ដែល​គេ​មិន​បាន​សម្របសម្រួល​គ្នា។ ដូច្នេះ គេ​ត្រូវ​រៀបចំ​យុទ្ធសាស្រ្ត​ឡើង​វិញនិង​កំណត់​ឲ្យ​បាន​ច្បាស់លាស់ ដូច​ជា​ថា តើ​ការ​គំរាមកំហែង​របស់​យើង​នៅ​ឯណា។ តើ​គេ​ត្រូវ​រៀបចំ និង​ត្រូវ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ជិតខាង​របស់​យើង​យ៉ាង​ដូចម្តេច? »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI