រុស្ស៊ី-អ៊ីរ៉ង់

ប្រធានាធិបតីរុស្ស៊ី​ទាត់ចោលព័ត៌មានដែលថា រុស្ស៊ី​ផ្គត់ផ្គង់​ផ្កាយរណប​ស៊ើបការណ៍​ឲ្យអ៊ីរ៉ង់

រ៉ុកកែត​ផ្ទុកផ្កាយរណប​របស់​យោធា​រុស្ស៊ី ត្រូវ​បាញ់បង្ហោះចេញពីប្រទេស​កាហ្សាក់ស្ថាន នៅឆ្នាំ ២០០៩
រ៉ុកកែត​ផ្ទុកផ្កាយរណប​របស់​យោធា​រុស្ស៊ី ត្រូវ​បាញ់បង្ហោះចេញពីប្រទេស​កាហ្សាក់ស្ថាន នៅឆ្នាំ ២០០៩ ASSOCIATED PRESS - Anonymous

រុស្ស៊ី នឹង​ផ្គត់ផ្គង់​ផ្កាយរណប ដ៏ទំនើប ដើម្បីជួយ​ពង្រឹង​សមត្ថភាព​យកការណ៍​សម្ងាត់ របស់កងទ័ព​អ៊ីរ៉ង់ នៅ​តំបន់​ដើមបូព៌ា។ នេះបើតាម​ការចុះផ្សាយ​របស់​កាសែត Washington Post កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១០មិថុនា។ ប៉ុន្តែ នៅក្នុង​បទសម្ភាសន៍ ជាមួយ​ទូរទស្សន៍អាមេរិកាំង NBC នៅថ្ងៃ​សុក្រទី ១១​មិថុនា ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន​បាន​បដិសេធ ថាជា​ព័ត៌មាន​មិនពិត។

ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរ​ពូទីន​បាន​ចាត់ទុក​ព័ត៌មានចុះផ្សាយ ដោយ​កាសែត​អាមេរិកាំងថា ជារឿង​ល្ងេល្ងឺ និង​ថា វាសុទ្ធតែ​ជា​ព័ត៌មាន​មិនពិត។

តាមការចុះផ្សាយ​របស់​កាសែត​Washington Post រុស្ស៊ី កំពុង​ត្រៀមប្រគល់ ផ្កាយរណប ដ៏ទំនើប​មួយគ្រឿង​ទៅ​ឲ្យអ៊ីរ៉ង់ ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព​យកការណ៍​សម្ងាត់​របស់​អ៊ីរ៉ង់។ តាម​កាសែត​អាមេរិកាំង ដែល បាន​ដកស្រង់​សំដី​របស់អ្នកទទួលខុសត្រូវ និង​អតីត មន្រ្តី​អាមេរិកាំង ប្រចាំ នៅ​តំបន់​ដើមបូព៌ា ផ្កាយរណប​រុស្ស៊ី ឈ្មោះ Kanopus-V មាន​បំពាក់កាមេរ៉ា ដ៏​មាន​គុណភាព នឹង​អាច​ជួយ​ឲ្យរបបអ៊ីស្លាម អ៊ីរ៉ង់​អាច​តាមដាន ថតយក​រូបភាព ទីតាំង របស់​សត្រូវ ដូចជា​មូលដ្ឋាន​ទ័ព​របស់​អ៊ីស្រាអែល មូលដ្ឋានទ័ពអាមេរិក​នៅ​ទឹកដី​អ៊ីរ៉ាក់ ឬ​រោងចក្រចម្រាញ់ប្រេង នៅ​ឈូង​សមុទ្រពែរ្សជាដើម។

ផ្កាយរណប kanopus-V​ត្រូវបាន​ដាក់លក់​សម្រាប់​ការប្រើប្រាស់​ស៊ីវិល។ ប៉ុន្តែ ថ្នាក់ដឹកនាំ​របស់​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់ បានធ្វើ​ដំណើរចេញចូល ទៅរុស្ស៊ី ជាច្រើន​ដង ចាប់តាំង ពី​ឆ្នាំ ២០១៨ ដើម្បី​ចរចា​ទិញ វា​ពី​ប្រទេស​រុស្ស៊ី។ តាម​កាសែត​ Washington Post អ្នកជំនាញ​រុស្ស៊ី បាន​ធ្វើដំណើរ​ផងដែរ​ទៅ​អ៊ីរ៉ង់​ដើម្បីបណ្តុះបណ្តាល​អ្នកបច្ចេកទេស​អ៊ីរ៉ង់ ឲ្យ​ចេះប្រើប្រាស់ គ្រប់គ្រង​ផ្កាយរណប តាំង​ពី​មជ្ឈមណ្ឌល​ដែល ទើបសាងសង់ថ្មី នៅ​Karaj ភាគខាងលិច​ទីក្រុង​តេហេរ៉ង់។

តាមកាសែតអាមេរិក ផ្កាយរណប​ដែល​អ៊ីរ៉ង់ ទិញ​ពីរុស្ស៊ី នឹង​ត្រូវ​បាញ់​បង្ហោះ ចេញពី​ទឹកដី​រុស្ស៊ី នៅក្នុង​រយៈពេល​ប៉ុន្មានខែ​ខាងមុខ។ បើទោះជា​ផ្កាយរណប​ដែល​អ៊ីរ៉ង់​បានទទួល​ពីរុស្ស៊ី នៅ​មិនទាន់​មាន​សមត្ថភាព​ខ្លាំង​ដូច​ផ្កាយរណប​របស់​អាមេរិក ប៉ុន្តែ អ៊ីរ៉ង់​អាច​ប្រើ​វា សម្រាប់​សកម្មភាព​យកការណ៍​សម្ងាត់ ពី​ទីតាំង ជាក់ច្បាស់​ណាមួយ។ ការណ៍នេះ​ធ្វើ​ឲ្យកើតមាន​ក្តីបារម្ភ​ដែល​ថា អ៊ីរ៉ង់ អាច​ចែករំលែក​ព័ត៌មានសម្ងាត់​ជាមួយ​យេម៉ែន អ៊ីរ៉ាក់ និង​លីបង់ ជាទី​ដែល​អ៊ីរ៉ង់ មាន​ឥទ្ធិពល ទៅលើ​កម្លាំងទ័ព​ក្នុងស្រុក។

ដំណឹង​ដែល​ថា អ៊ីរ៉ង់ នឹង​បាន​ទទួល​ផ្កាយរណប​ពីរុស្ស៊ី សម្រាប់​សកម្មភាព​យកការណ៍​សម្ងាត់ បាន​កើតឡើង នៅក្នុង​កាលៈទេសៈ​ដែល ក្រុមប្រទេស​លោកខាងលិច កំពុង​ចរចា​ដោយ​លំបាក ជាមួយ​អ៊ីរ៉ង់ ដើម្បីស្រោចស្រង់ កិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ អ៊ីរ៉ង់ ដែល​អាមេរិក ក្រោមអាណត្តិ​របស់​លោកដូណាល់ ត្រាំ បាន​ប្រកាស​ដកខ្លួន កាលពីឆ្នាំ ២០១៨។ មួយវិញទៀត វាកើតឡើង នៅតែ​ប៉ុន្មាន​ថ្ងៃ​មុន​ដែល​ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន ត្រូវ​ជួប​ប្រមុខរដ្ឋ​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន នៅទីក្រុង​ហ្សឺណែវ។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូទស្សន៍​អាមេរិកាំង NBC កាលពី​ថ្ងៃ សុក្រ ប្រធានាធិបតី​រុស្ស៊ី បាន​និយាយ​ថា លោកសង្ឃឹម លោក​ចូ បៃដិន នឹង​មិនឆេវឆាវ ដូច​លោក​ដូណាល់ ត្រាំ​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI