តួកគី​ប្រាប់​អាមេរិកថា ​អាច​ទុកចិត្ត​លើតួកគី នៅក្រោយអាមេរិក​ដកទ័ព ​ចេញ​ពី​អាហ្វហ្កានីស្ថាន

ប្រធានាធិបតី​តួកគី ស្តាំ និង​លោក​ចូ បៃដិន កាលនៅជា​អនុប្រធានាធិបតីអាមេរិក​នៅទីក្រុង​អ៊ីស្តង់ប៊ូល នៅឆ្នាំ ២០១៦
ប្រធានាធិបតី​តួកគី ស្តាំ និង​លោក​ចូ បៃដិន កាលនៅជា​អនុប្រធានាធិបតីអាមេរិក​នៅទីក្រុង​អ៊ីស្តង់ប៊ូល នៅឆ្នាំ ២០១៦ REUTERS - POOL New

នៅមុន​ចេញដំណើរ​ទៅ​ចូលរួមក្នុង​ជំនួបកំពូល​អូតង់ ដែល​ត្រូវ​បើកធ្វើ​នៅថ្ងៃ​ចន្ទ ទី ១៤​មិថុនា នៅក្រុង​ព្រុចស៊ែល ប្រទេស​ប៊ែលហ្ស៊ិក ប្រធានាធិបតី​តួកគី លោក​រេសេប តាយីប អ៊ែរដូហ្កាន បាន​មាន​ប្រសាសន៍​ប្រាប់​អ្នកកាសែត នៅព្រលាន​យន្តហោះ​អ៊ីស្តង់ប៊ូល​ថា តួកគី​នឹង​ជាប្រទេស​តែមួយ ដែល​គេអាចជឿទុកចិត្ត​បាន នៅក្រោយ អាមេរិក និង​អូតង់​ដកទ័ព​ចេញអង់​ពី​អាហ្វហ្កានីស្ថាន។ តួកគី​ធ្លាប់​បាន​បញ្ជាក់ជំហរ​ជាច្រើនដង ចង់​បន្ត​រក្សា​វត្តមានទ័ព នៅអាហ្វហ្កានីស្ថាន នៅក្រោយ ការដកកងទ័ព​អាមេរិក ដែល​គ្រោងបិទបញ្ចប់ នៅ​ថ្ងៃទី ១១​កញ្ញា​ខាងមុខ។ ប៉ុន្តែ នៅថ្ងៃ​សៅរ៍​ ទី ១២ មិថុនា ក្រុមតាលីបង់​បានព្រមានហើយថា នឹង​មិន​ឲ្យ​មាន​កងទ័ព​បរទេស ឈរជើង​នៅ​អាហ្វហ្កានីស្ថាន នៅក្រោយ ការដកទ័ពអាមេរិក​នោះទេ។

ផ្សាយពាណិជ្ជកម្ម

នៅ​២០​ឆ្នាំ​ក្រោយ ឈ្លានពាន និង​បណ្តេញ​ពួកតាលីបង់​ចេញពី អំណាច នៅ​អាហ្វហ្កានីស្ថាន អាមេរិក និង​អូតង់ នឹង​ដកកងទ័ព​របស់ខ្លួន​ឲ្យអស់​យ៉ាងយូរ​បំផុត នៅថ្ងៃទី ១១​កញ្ញា ២០២១។ សម្រាប់​ប្រធានាធិបតី តួកគី មិនយូរទៀតទេ អាមេរិក​នឹង​ចាកចេញ ពីអាហ្វហ្កានីស្ថាន។ បន្ទាប់​ពី​នោះ តួកគី គឺជា​ប្រទេស​តែមួយគត់ ដែល​អាមេរិក​អាច​ជឿ​ទុកចិត្ត បានសម្រាប់​ធានា​បន្តដំណើរការ នៅ​អាហ្វហ្កានីស្ថាន។

និយាយ​ប្រាប់អ្នកកាសែត មុន​ឡើង​យន្តហោះ សំដៅ ជំនួបកំពូល​អង្គការ​អូតង់ ដែល​បើកទ្វារ នៅ​ថ្ងៃ ចន្ទទី ១៤​មិថុនា ប្រធានាធិបតី​តួកគី បាន​អះអាងថា នៅមុន​ជំនួបក្រៅផ្លូវការ​ជាមួយ​ប្រធានាធិបតី​អាមេរិក ចូ បៃដិន នៅទីក្រុង​ព្រុចស៊ែល មន្រ្តីយោធា​តួកគី​បាន​ជូនដំណឹង​រួចហើយ ទៅភាគី​អាមេរិក ពីចេតនា​ដែល តួកគី​ចង់​បន្ត​រក្សា​កម្លាំងទ័ព នៅទឹកដី​អាហ្វហ្កានីស្ថាន នៅក្រោយ​អាមេរិក និង​អូតង់ ​ដកទ័ព​ចេញ​ឲ្យអស់​ពីអាហ្វហ្កានីស្ថាន នៅខែ​កញ្ញាខាងមុខ។

តាម​ប្រធានាធិបតី​តួកគី ភាគីអាមេរិក​ពេញចិត្ត ដែល​ឃើញ​តួកគី​ចង់​បន្តវត្តមាន​ទ័ព​នៅអាហ្វហ្កានីស្ថាន។ ជាលទ្ធផល តួកគី​ត្រូវការ​ពិភាក្សា​លម្អិត ជាមួយ​អាមេរិក និង​អូតង់។ តាមកាសែត​ក្នុង​ស្រុកតួកគី មន្រ្តីយោធា​តួកគី​ធ្លាប់​បាន​និយាយ​ជាច្រើនដងថា នៅក្រោយ អាមេរិក និង​អូតង់ ដកទ័ព​ចេញអស់​ពីអាហ្វហ្កានីស្ថាន រដ្ឋាភិបាល​តួកគី នឹង​នៅ​បន្ត​រក្សា​កងទ័ព​របស់ខ្លួន តទៅទៀត នៅអាហ្វហ្កានីស្ថាន ជាពិសេស ដើម្បី​ធានា សុវត្ថិភាព សន្តិសុខ អាកាសយានដ្ឋាន កាប៊ូល ដែល​ជា​ច្រកចេញ​តែមួយគត់ សម្រាប់ បុគ្គលិក មន្រ្តីទូត ជនបរទេស ដែល​នៅបន្ត​ធ្វើការ មាន​វត្តមាន​នៅ អាហ្វហ្កានីស្ថាន។

តួកគី ដែល​ជា​សមាជិក​មួយដែរ​របស់​អូតង់ ចង់​បន្តឈរជើង ដើម្បី​រក្សា​សន្តិសុខ​ឲ្យព្រលានយន្តហោះ អន្តរជាតិ កាប៊ូល ប៉ុន្តែ ជាមួយ​លក្ខខណ្ឌ ដោះដូរ​វិញ នោះ​គឺ​គេ​ត្រូវ​ផ្តល់ជំនួយ យោធា និង​ថវិកា សម្រាប់​តួកគី។

តួកគី បាន​អះអាងថា ខ្លួន​ចង់​រក្សា​វត្តមានទ័ព នៅអាហ្វហ្កានីស្ថាន​តទៅទៀត ដើម្បី ធានា ជំរុញ ដំណើរការ​ចរចា​សន្តិភាព រវាង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ជាមួយ​ពួកឧទ្ទាម​តាលីបង់។ ប៉ុន្តែ ក្រុមតាលីបង់ កាលពី​ថ្ងៃ​សៅរ៍ទី ១២​មិថុនា ធ្លាប់​បាន​ព្រមានរួចហើយថា នឹង​គ្មាន​កងទ័ព​បរទេស​ណា​អាច​នៅបន្ត ឈរជើង​នៅអាហ្វហ្កានីស្ថាន នៅក្រោយ​អាមេរិក និង​អូតង់​ដកទ័ព​ចេញពីអាហ្វហ្កានីស្ថាននោះទេ។ ការធានា​រក្សា​សន្តិសុខ សម្រាប់​ព្រលានយន្តហោះ កាប៊ូល ជា​បន្ទុក​របស់​ប្រជាជន​អាហ្វហ្កានីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI