អាវុធនុយក្លេអ៊ែរ

របាយការណ៍ Sipri៖ការកាត់បន្ថយចំនួនអាវុធនុយក្លេអ៊ែរក្នុងឆ្នាំ ២០២០ បានស្គាល់ភាពជាប់គាំង

របាយការណ៍ Sipri​ ថា ការកាត់បន្ថយចំនួនអាវុធនុយក្លេអ៊ែរក្នុងឆ្នាំ ២០២០ បានស្គាល់ភាពជាប់គាំង
របាយការណ៍ Sipri​ ថា ការកាត់បន្ថយចំនួនអាវុធនុយក្លេអ៊ែរក្នុងឆ្នាំ ២០២០ បានស្គាល់ភាពជាប់គាំង © spire

នៅ​ថ្ងៃ​ចន្ទ ទី១៤ មិថុនា វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុកខុល​ហៅ​កាត់ Sipri បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ស្តីពី​វត្តមាន​ចំនួន​អាវុធនុយក្លេអ៊ែរ​ក្នុង​លោក។ របាយការណ៍​បាន​កត់សម្គាល់​ឃើញ​ថា ការ​កាត់បន្ថយ​ចំនួន​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ឆ្នាំ ២០២០ បាន​ស្គាល់​ភាព​ជាប់គាំង ខណៈ​ដែល​មាន​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ខ្លះ​បាន​ធ្វើ​ទំនើបកម្ម​លើ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន និង​ខ្លះ​ទៀត​បាន​បង្កើន​ចំនួន​អាវុធនុយក្លេអ៊ែរ។ តាម​ការ​ប៉ាន់ស្មាន​របស់ Sipri ពិភពលោក​មាន​ក្បាលនុយក្លេអ៊ែរ​ចំនួន ១៣ ០៨០គ្រាប់​នៅ​ដើម​ឆ្នាំ ២០២១។

ផ្សាយពាណិជ្ជកម្ម

បើ​តាម Sipri ក្បាលនុយក្លេអ៊ែរ​ទាំង ១៣ ០៨០គ្រាប់​ដែល​ពិភពលោក​មាន​នៅ​ដើម​ឆ្នាំ ២០២១ កំពុង​ស្ថិត​ក្នុង​ដៃ​របស់ ៩ប្រទេស គឺ​រុស្ស៊ី អាមេរិក អង់គ្លេស បារាំង ចិន ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និង​កូរ៉េខាងជើង។ បើ​ធៀប​នឹង​ដើម​ឆ្នាំ ២០២០ គឺ​មាន​តិច​ជាង​ចំនួន ៣២០គ្រាប់។ តែ​បើ​គេ​រាប់​តែ​ក្បាល​នុយក្លេអ៊ែរ​ដែល​មាន​ក្នុង​ស្តុក គឺ​បាន​កើន​ពី ៩ ៣៨០គ្រាប់​ទៅ ៩ ៦២០គ្រាប់​ក្នុង​រយៈពេល ១ឆ្នាំ។ ចំណែក​ចំនួន​ក្បាលនុយក្លេអ៊ែរ​ដែល​កំពុង​បំពាក់​លើ​គ្រាប់មីស៊ីល​ក៏​មាន​ការ​កើន​ឡើង​ចំនួន ១០៥គ្រាប់​ក្នុង​រយៈ​ពេល ១ឆ្នាំ​ដូច​គ្នា ពោល​មាន​សរុប​ចំនួន ៣ ៨២៥គ្រាប់ ក្នុង​នោះ មាន​ប្រមាណ​ជា ២ ០០០គ្រាប់​ស្ថិត​ក្នុង​ស្ថានភាព​ប្រុងជើងការប្រតិបត្តិការ​ខ្ពស់ មាន​ន័យ​ថា អាច​ចុច​បាញ់​ចេញ​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី។

គួរ​រម្លឹក​ថា ចំនួន​ក្បាល​នុយក្លេអ៊ែរ​មាន​កម្រិត​អតិបរមា​ជាង ៧០ ០០០គ្រាប់​ក្នុង​ឆ្នាំ ១៩៨៦ បាន​ធ្លាក់​នៅ​ត្រឹម ២២ ៦០០គ្រាប់​ក្នុង​ឆ្នាំ ២០១០។ ដូច្នេះ​បើ​គិត​តាំង​ពី​ដំណាច់​ទសវត្សរ៍ ៥០មក ឆ្នាំ ២០២១ ជា​ឆ្នាំ​ដែល​ចំនួន​ក្បាលនុយក្លេអ៊ែរ​មាន​កម្រិត​ទាប​ជាង​គេ។ តែ​សម្រាប់​អ្នក​ស្រាវជ្រាវ Sipri លោក Hans Kristensen មាន​ការ​កត់សម្គាល់​ចំនួន ២ចំណុច ទី១ ការ​កាត់បន្ថយ​ចំនួន​អាវុធនុយក្លេអ៊ែរ​ដែល​គេ​ធ្លាប់​ឃើញ​មាន​តាំង​ពី​ការ​បិទបញ្ចប់​សង្រ្គាមត្រជាក់​ហាក់​កំពុង​ជាប់គាំង និងទី២ បណ្តា​ប្រទេស​ដែល​មាន​បំពាក់អាវុធ​នុយក្លេអ៊ែរ​បាន​ធ្វើ​ទំនើបកម្ម​លើ​អាវុធ​នុយក្លេអ៊ែរ​សំខាន់ៗ​របស់​ខ្លួន រួម​ទាំង​បង្កើន​ការ​ដាក់​បញ្ចូល​អាវុធ​នុយក្លេអ៊ែរ​ទៅ​ក្នុង​យុទ្ធសាស្រ្ត​យោធា​របស់​ខ្លួន។

គួរ​បញ្ជាក់​ថា ក្នុង​ចំនួន​ក្បាលនុយក្លេអ៊ែរ​ដែល​ពិភពលោក​មាន​នៅ​ដើម​ឆ្នាំ ២០២១ រស្ស៊ី និង​អាមេរិក​បាន​ស្រូប​យក​ជាង ៩០% ដោយ​រុស្ស៊ី​មាន ៦ ២៥៥គ្រាប់ និង​អាមេរិក​មាន ៥ ៥៥០គ្រាប់។ បន្ទាប់​មក ចិន​មាន ៣៥០គ្រាប់ បារាំង​មាន ២៩០គ្រាប់ អង់គ្លេស​មាន ២២៥គ្រាប់ ប៉ាគីស្ថាន​មាន ១៦៥គ្រាប់ ឥណ្ឌា​មាន ១៥៦គ្រាប់ និង​អ៊ីស្រាអែល​មាន ៩០គ្រាប់។ ចំណែក​កូរ៉េខាងជើង​ត្រូវ​បាន Sipri បញ្ជាក់​ថា គ្មាន​តួលេខ​ពិត​ប្រាកដ​ទេ។ តែ​ព្យាករណ៍​ថា អាច​មាន​ពី ៤០ ទៅ ៥០គ្រាប់។ ក្រៅ​ពី​ផ្តោត​លើ​វត្តមាន​អាវុធ​នុយក្លេអ៊ែរ​ក្នុង​លោក Sipri ក៏​និយាយ​ពី​យុទ្ធនាការ​អន្តរជាតិ​ដើម្បី​រំសាយ​អាវុធនុយក្លេអ៊ែរ​ដែល​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​បាន​ចំណាយ​លុយ​ចំនួន ៧២ ០០០លានដុល្លារ​ក្នុង​ឆ្នាំ ២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI