វ៉ាក់សាំងកូវីដ១៩

ការសិក្សា៖ចាក់ Pfizer ឬ AstraZeneca ចំនួន ២ដូសមានប្រសិទ្ធិភាពទប់នឹងទម្រង់ធ្ងន់ធ្ងរបង្កដោយមេរោគដែលតា

នាយករដ្ឋមន្រ្តីអង់គ្លេសលោកបូរីស ចនសុន
នាយករដ្ឋមន្រ្តីអង់គ្លេសលោកបូរីស ចនសុន Jonathan Buckmaster POOL/AFP

នៅ​ក្នុង​ប្រទេស​អង់គ្លេស រដ្ឋអំណាច​សុខាភិបាល​បាន​ផ្សព្វផ្សាយ​នូវ​របាយការណ៍​មួយ​នា​ថ្ងៃ​ចន្ទ ទី១៤ មិថុនា​ដែល​បញ្ជាក់​ថា ការ​ចាក់​វ៉ាក់សាំង Pfizer និង AstraZeneca ចំនួន​ពីរ​ដូស​ជួយ​ការពារ​ជាង ៩០% ទល់​នឹង​ទម្រង់​ធ្ងន់ធ្ងរ​រហូត​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ដែល​បង្ក​ឡើង​ដោយ​មេរោគបំប្លែងខ្លួន​ឥណ្ឌា​ដែល​ត្រូវ​បាន​គេ​ហៅ​ដែលតា។ គឺ​មេរោគ​ដែលតា​នេះ​ហើយ​ដែល​កំពុង​ឆ្លង​រាលដាល​ខ្លាំង​នៅ​អង់គ្លេស​ពេល​នេះ និង​បាន​បង្ខំ​ឲ្យ​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​បូរីស ចនសុន​សម្រេច​បន្ត​បិទប្រទេស​រហូត​ដល់​ថ្ងៃទី១៩ កក្កដា​ខាង​មុខ។ គួរ​រម្លឹក​ថា​តាម​ធម្មតា អង់គ្លេស​គ្រោង​បើក​ប្រទេស​ទាំង​ស្រុង​នៅ​ថ្ងៃទី២១ មិថុនា។

ផ្សាយពាណិជ្ជកម្ម

ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ Public Health England ពី​ថ្ងៃទី១២ មេសា​ដល់​ថ្ងៃទី៤ មិថុនា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ដែល​បាន​ឆ្លង​មេរោគ​ដែលតា​នៅ​ក្រោយ​ការ​ចាក់​វ៉ាក់សាំង Pfizer និង AstraZeneca ចំនួន​ពីរ​ដូស​ចៀស​ផុត​ពី​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​រហូត​ដល់​ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ។ សម្រាប់​វ៉ាក់សាំង Pfizer គឺ​ជួយ​ការពារ​បាន​ចំនួន ៩៦% ប្រឆាំង​គឺ​ការ​ចូល​ពេទ្យ និង ៩២% សម្រាប់​វ៉ាក់សាំង AstraZeneca។ តាម Public Health England ការ​សិក្សា​ដែល​បាន​​ធ្វើ​ឡើង​លើ​អ្នក​ឆ្លង​មេរោគ​ដែលតា​នៅ​ក្រោយ​ការ​ចាក់​វ៉ាក់សាំង​ពីរ​ដូស​ចំនួន ១៤ ០១៩នាក់​បាន​បញ្ជាក់​ថា មាន​អ្នក​ជំងឺ​តែ ១៦៦នាក់​ប៉ុណ្ណោះ​ដែល​បាន​ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ។

យោង​តាម Public Health England ដដែល លទ្ធផល​ស្តីពី​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង Pfizer និង AstraZeneca ប្រឆាំង​នឹង​មេរោគ​បំប្លែងខ្លួន​ដែលតា​ពេល​នេះ​គឺ​ដូច​គ្នា​នឹង​ប្រសិទ្ធិភាព​ប្រឆាំង​នឹង​មេរោគ​បំប្លែង​ខ្លួន​អង់គ្លេស​ដែល​គេ​ហៅ​អាល់ហ្វា​ដែរ។ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​អង់គ្លេស​លោក Matt Hancock បាន​ធ្វើ​អត្ថាធិប្បាយ​លើ​លទ្ធផល​នៃ​ការ​សិក្សា​ពេល​នេះ​ដោយ​យល់​ឃើញ​ថា វា​ជា​ភស្តុតាង​ដែល​បញ្ជាក់​ពី​សារសំខាន់​ដែល​គេ​ត្រូវ​ចាក់​វ៉ាក់សាំង​ដូសទី២ និង​ឆ្លៀត​សាទរ​ពី​កម្មវិធី​ចាក់វ៉ាក់សាំង​នៅ​អង់គ្លេស​ដែល​បាន​ជួយ​ស្រោចស្រង់​ជីវិត​មនុស្ស​ជា​ច្រើន​ពាន់នាក់។

« គេ​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ចំនួន​ពីរ​ដូស​ដើម្បី​ទទួល​បាន​ការ​ការពារ​អតិបរមា​ប្រឆាំង​នឹង​គ្រប់​មេរោគ​បំប្លែង​ខ្លួន​ទាំង​អស់ » នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី Mary Ramsay អ្នក​ទទួល​ខុសត្រូវ​ផ្នែក​ចាក់​វ៉ាក់សាំង​របស់​ Public Health England។ គួរ​បញ្ជាក់​ថា​នៅ​អង់គ្លេស​គិត​ត្រឹម​ថ្ងៃ​អង្គារ ទី១៥ មិថុនា មាន​មនុស្ស​ធំ​ជិត ៨០% បាន​ចាក់​វ៉ាក់សាំង​ដូស​ទី១ ក្នុង​នោះ មាន​តែ ៥៧% ប៉ុណ្ណោះ​ដែល​បាន​ចាក់​ទាំង​ពីរ​ដូស។ សព្វថ្ងៃ​នេះ អង់គ្លេស​កំពុង​ប្រឈម​នឹង​កំណើន​ករណី​ឆ្លង​ថ្មី​ដោយ​មេរោគ​បំប្លែង​ខ្លួន​ដែលតា។ ក្នុង​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ ចំនួន​ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​មាន​ពី ២ ០០០ ទៅ ៧ ០០០នាក់ ហើយ​ចំនួន​អ្នក​ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ក៏​មាន​ការ​កើន​ឡើង​ដែរ។

ប្រឈម​នឹង​កំណើន​ករណី​ឆ្លង​ថ្មី​ដោយ​មេរោគ​បំប្លែង​ខ្លួន​ដែលតា​នេះ គម្រោង​បើក​ប្រទេស​ទាំង​ស្រុង​នៅ​ថ្ងៃទី២១ មិថុនា​ខាង​មុខ​ត្រូវ​បាន​នាយករដ្ឋមន្រ្តី​លោក​បូរីស ចនសុន​ពន្យារ​បន្ថែម​ចំនួន ៤សប្តាហ៍​រហូត​ដល់​ថ្ងៃទី១៩ កក្កដា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI