ILO-កូវីដ១៩

ILO៖លក្ខខណ្ឌការងាររបស់អ្នកធ្វើការតាមផ្ទះបានធ្លាក់ចុះក្នុងសម័យកូវីដ១៩

អគ្គនាយក ILO លោក Guy Ryder
អគ្គនាយក ILO លោក Guy Ryder AP - Laurent Gillieron

នៅ​ថ្ងៃ​អង្គារ ទី១៥ មិថុនា អង្គការ​ពលកម្ម​អន្តរជាតិ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស ILO បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ​ស្តីពី​លក្ខខណ្ឌ​ការងារ​របស់​អ្នក​ធ្វើ​ការ​តាម​ផ្ទះ។ តាម​របាយការណ៍ លក្ខខណ្ឌ​ការងារ​របស់​អ្នក​ធ្វើ​ការ​តាម​ផ្ទះ​បាន​ធ្លាក់​ចុះ​ក្នុង​សម័យ​កូវីដ១៩ នោះ​បើ​ទោះ​បី​ជា​ការ​អនុម័ត​លើ​សន្ធិសញ្ញា​មួយ​ស្តីពី​ច្បាប់​ការងារ​របស់​ពួក​គេ​កាល​ពី ១០ឆ្នាំ​មុន​ក៏​ដោយ។ របាយការណ៍​ដដែល​ក៏​បាន​បញ្ជាក់​ថា វិបត្តិ​កូវីដ១៩ ក៏​បាន​កាត់​បន្ថយ​ចំនួន​អ្នក​ធ្វើ​ការ​តាម​ផ្ទះ​ពី ៥ ទៅ ២០% នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ខ្លះ និង​មាន​ដល់​ទៅ ៥០% នៅ​អាមេរិកឡាទីន និង​ការ៉ាអ៊ីប។

ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ILO បាន​បញ្ជាក់​ថា ក្នុង​រយៈពេល ១០ឆ្នាំ​ចុង​ក្រោយ​នេះ មិន​ដែល​មាន​ភាព​ចម្រើន​ស្តីពី​លក្ខខណ្ឌ​ការងារ​សម្រាប់​អ្នក​ធ្វើ​ការ​តាម​ផ្ទះ​ភាគ​ច្រើន​ក្នុង​ចំនួន​អ្នក​ធ្វើ​ការ​តាម​ផ្ទះ​ប្រមាណ​ជា ៧៥ ៦០០ ០០០នាក់​នៅ​ទូទាំង​ពិភពលោក​ទេ។ មួយ​វិញ​ទៀត អ្នក​ធ្វើ​ការ​តាម​ផ្ទះ​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​ដោយ​វិបត្តិ​កូវីដ១៩។ នៅ​ក្នុង​ន័យ​នេះ អគ្គនាយក ILO លោក Guy Ryder បាន​គូស​បញ្ជាក់​ពី​ភាព​បន្ទាន់​ដែល​គេ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​ច្បាប់​ស្តីពី​លក្ខខណ្ឌ​ការងារ​តាម​ផ្ទះ​ដែល​បាន​អនុម័ត​កាល​ពី ១០ឆ្នាំ​មុន។ តាម​របាយការណ៍​របស់ ILO ដដែល បើ​ប្រៀបធៀប​នឹង​និយោជិក​ធ្វើ​ការ​នៅ​កន្លែង​ផ្សេង​ទៀត អ្នក​ធ្វើ​ការ​តាម​ផ្ទះ​បាន​បាត់បង់​ការងារ ឬ​មួយ​ក៏​មាន​ការ​កាត់បន្ថយ​ចំនួន​ម៉ោង​ធ្វើ​ការ​ដោយសារ​វិបត្តិ​កូវីដ១៩។

បាត់បង់​ការងារ ឬ​កាត់​បន្ថយ​ម៉ោង​ធ្វើ​ការ​មាន​ន័យ​ថា បាត់បង់​ប្រាក់​ចំណូល ឬ​ទទួល​បាន​ប្រាក់​ចំណូល​តិច។ បើ​ធៀប​នឹង​ត្រីមាស​ចុង​ក្រោយ​ក្នុង​ឆ្នាំ ២០១៩ ចំនួន​អ្នក​ធ្វើ​ការ​តាម​ផ្ទះ​នៅ​ត្រីមាសទី២ ក្នុង​ឆ្នាំ ២០២០ បាន​ធ្លាក់​ចុះ​ពី ៥ ទៅ ២០% នៅ​ក្នុង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន និង​ធ្លាក់​ចុះ​ប្រមាណ​ជា ៥០% នៅ​អាមេរិកឡាទីន និង​ការ៉ាអ៊ីប។ ក្នុង​រយៈពេល​ដូច​គ្នា​នេះ ការ​បាត់បង់​ការងារ​របស់​និយោជិក​ធ្វើ​ការ​នៅ​កន្លែង​ផ្សេង​នៅ​ក្នុង​ប្រទេស​ខ្លះ​មាន​តិច​ជាង ១៥%។ អ្នក​ធ្វើ​ការ​តាម​ផ្ទះ​ចំនួន ៣ភាគ៤ ក្នុង​លោក​ជា​ស្រ្តី ហើយ​មាន​តំបន់​ចំនួន ២ ក្នុង​លោក​ដែល​មាន​អ្នក​ធ្វើ​ការ​តាម​ផ្ទះ​ច្រើន​ជាង​គេ គឺ​នៅ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក និង​នៅ​តំបន់​អាមេរិក។

របាយការណ៍​របស់ ILO បាន​សម្គាល់​ឃើញ​ពី​ភាព​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ការ​អនុវត្តន៍​​ច្បាប់​ស្តីពី​លក្ខខណ្ឌ​ការងារ​តាម​ផ្ទះ​ដែល​បាន​អនុម័ត​កាល​ពី ១០ឆ្នាំ​មុន។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី នៅ​មាន​អ្នក​ធ្វើ​ការ​តាម​ផ្ទះ​ប្រមាណ ១ភាគ៣ ត្រូវ​បាន​គេ​យក​ធ្វើ​ការ​នៅ​ក្រៅ​លក្ខខណ្ឌ​ច្បាប់​ការងារ​តាម​ផ្ទះ ពិសេស​នៅ​អាស៊ី និង​ប៉ាស៊ីហ្វិក រួម​ទាំង​នៅ​បណ្តា​ប្រទេស​អារ៉ាប់​មួយ​ចំនួន។ មួយ​វិញ​ទៀត ទោះ​បី​ជា​អ្នក​ធ្វើ​ការ​តាម​ផ្ទះ​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ការងារ​តាម​ផ្ទះ​ក៏​ដោយ​ក៏​មិន​មាន​ការ​អនុវត្តន៍​លើ​ច្បាប់​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI