កូរ៉េខាង​ជើង-គ្រោះទុរ្ភិក្ស

លោក គីម ជុងអ៊ុន ទទួល​ស្គាល់​ថាកូរ៉េខាង​ជើង​កំពុង​ឆ្លងកាត់​វិបត្តិ​ខ្វះ​ស្បៀង

លោក គីម ជុងអ៊ុន ទទួល​ស្គាល់​ថា​កូរ៉េខាង​ជើង​ជួប​បញ្ហា​ខ្វះស្បៀង
លោក គីម ជុងអ៊ុន ទទួល​ស្គាល់​ថា​កូរ៉េខាង​ជើង​ជួប​បញ្ហា​ខ្វះស្បៀង AFP/File

នៅក្នុង​​​មហាសន្និបាត​នៃ​គណៈកម្មការ​មជ្ឈិម​បក្សពលករ​កូរ៉េខាង​ជើង ប្រមុខ​ដឹកនាំ​ គីម ជុងអ៊ុន បានអះអាង​ថា​ស្ថានភាព​សេដ្ឋ​កិច្ច​ជាតិ​បាន​ប្រសើរ​ឡើង​បន្តិចហើយ​ ប៉ុន្តែ​ជាមួយ​គ្នា​នេះ ​លោក គីម ជុងអ៊ុន ក៏​បាន​​ទទួលស្គាល់ដែរ​​ ថា កូរ៉េខាង​ជើង​កំពុងឆ្លងកាត់​​វិបត្តិ​ខ្វះ​ស្បៀង​។ នេះ​បើ​តាមការ​ចុះផ្សាយ​របស់ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​រដ្ឋKCNA​នៅ​ថ្ងៃ ពុធទី ១៦​មិថុនា ២០២១។​​

ផ្សាយពាណិជ្ជកម្ម

នៅឆ្នាំ​២០២០ វិបត្តិ​កូរ៉ូណាវីរុស គ្រោះ​ខ្យល់ព្យុះ និង​ទឹក​ជំនន់​ បាន​មក​សង្កត់​កសេដ្ឋកិច្ច​កូរ៉េខាង​ជើង​ខ្លាំងណាស់។ តែ​​ស្ថានភាព​សេដ្ឋកិច្ចនៅ​ឆ្នាំ​នេះ បាន​ប្រសើរ​ឡើងវិញ ដោយ​សកម្មភាពផលិតកម្ម​ឧស្សាហកម្ម មាន​កំណើនចំនួន​​២%។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ គីម ជុងអ៊ុន ទៅ​កាន់​អង្គប្រជុំ​គណៈកម្មការមជ្ឈិមបក្ស​។​

ប៉ុន្តែ​ជាមួយ​នឹង​អំណរ ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង​វ័យ​ក្មេង​ គីម ជុងអ៊ុន ក៏​បាន​ប្រកាស​ទទួល​ស្គាល់ដែរ​​ថាប្រទេស​កំពុង​ឆ្លង​កាត់​បញ្ហា​ខ្វះ​ស្បៀង​អាហារ​ខ្លាំង។ ស្ថានភាព​ស្បៀងអាហារ​ជួបការ​ខ្វះខាត ​បណ្តាល​មកពី កម្មវត្ថុ​​កសិកម្មមិនអាច​សម្រេច​តាម​ផែនការ​។ ផលិតផល​ធញ្ញជាតិ​ បាន​រង​ការ​ខូត​ខាត​ខ្លាំង ដោយ​ខ្យល់ព្យុះកាល​ពី​ឆ្នាំ​ទៅ។ ខ្យល់​ព្យុះ និង​ទឹក​ជំនន់​បាន​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែងរាប់​ពាន់​ខ្នង ​និង​ដី​ស្រែ​កសិកម្ម​អស់​ជា​ច្រើន​។ ដូច្នេះ​កូរ៉េខាង​ជើងត្រូវ​តែ​អនុម័ត​​​វិធានការ​ យ៉ាង​ណា​ទប់​ស្កាត់​កុំ​ឱ្យ​ប្រទេស​រង​ផលវិបាក​ធ្ងន់ធ្ងរ​ខ្លាំង ពី​គ្រោះ​ធម្មជាតិ។ បង្កើន​ទិន្នផល​ស្រូវ​ គឺ​ជា​អាទិភាព​ចំបង​លំដាប់​ទី​មួយដែល​បក្ស​ត្រូវ​គិត​គូរ។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែមរបស់​លោក គីម ជុងអ៊ុន។

តាមការ​ពិត​ វិបត្តិ​ខ្វះ​ស្បៀង ​​មិន​មែនជា​បញ្ហា​ថ្មី​ថ្មោង​សម្រាប់​កូរ៉េខាង​ជើង​ទេ។ ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​​សហគមន៍​អន្តរជាតិ​បាន​ដាក់​លើ​​ព្យុងយ៉ាងដែល​ចចេស​អភិវឌ្ឍន៍កម្មវិធី​នុយក្លេអ៊ែរ​យោធា​ បាន​រុញ​ច្រាន​​​សេដ្ឋកិច្ច​កូរ៉េខាង​ជើងឱ្យ​ធ្លាក់​ដុន​ដាប និង​ធ្វើ​ឱ្យ​ប្រទេស​ជួប​គ្រោះ​ខ្វះ​ស្បៀងធ្ងន់ធ្ងរ​តាំង​ពី យូរ​មក​ហើយ។ ប៉ុន្តែ​វិបត្តិកូវីដ​១៩ និង​ភាព​ឯកា បានមក​ពង្រឹងវិបត្តិនេះ​ឱ្យរឹត​​តែយ៉ាប់​យឺន​បន្ថែម​ទៀត​។

ដើម្បី​ប្រយុទ្ធប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូវីដ១៩ កូរ៉េខាង​ជើង បានសម្រេច​បិទព្រំដែន​ជា​មួយ​ចិន​ដែល​ជា​ប្រភពទំនាក់ទំនងលោក​ខាង​ក្រៅ​​តែ​​មួយ​គត់​របស់​ខ្លួន។ វិធានការ​​នេះ បានធ្វើ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​ចុះ​រួញ​ និងកាន់​តែ​លំបាក មួយ​កម្រិត​ទៀត​។ រហូត កាលពី​ខែ​មេសា​២០២១ លោក គីម ជុងអ៊ុន បានព្រលយ​​ម្តង​ហើយ អំពី​គ្រោះ​ខ្វះ​ស្បៀង​ ​តិច​តួច ដោយ​បាន​អំពាវនាវ​ឱ្យ​ថ្នាក់​ដឹកនាំ​បក្សពលករបើក​យុទ្ធការ​ជួយ​ប្រជាពលរដ្ឋ តាម​​ផែនការ​ “ដំណើរ​បង្ខំ”។ ផែនការសង្គ្រោះ​​គ្រោះទុរ្ភិក្ស​ កាលពី​ទសវត្សរ៍​ឆ្នាំ១៩៩០។ គ្រោះទុរ្ភិក្ស​ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​រាប់លាននាក់។​

បើ​តាមការ​ប៉ាន់​ស្មាន​របស់​ការិយាល័យ​ទទួល​បន្ទុក​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិ កូវីដ​១៩ ទំនង​ជា​បាន​ធ្វើ​ស្ថានភាព​មនុស្សធម៌នៅកូរ៉េខាង​ជើង​​ធ្លាក់​ធ្ងន់ធ្ងរ​ខ្លាំង ដោយ​មាន​ពលរដ្ឋយ៉ាង​ហោច​១០,៦​លាននាក់​កំពុងរស់​ក្នុង​ភាព​ខ្វះ​ខាតស្បៀង​អាហារ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI