អាកាសធាតុ-COP26

COP26៖ បញ្ហាថវិកា មិនត្រូវបាន​គេ​លើក​មកនិយាយ ក្នុង​​ការ​ចរចា​បឋម​ដើម្បី​រៀបចំ​សន្និសីទ​អាកាសធាតុ

ក្រុមសកម្មជនបរិស្ថាន Ocean Rebellion ធ្វើរូបត្លុក រិះគន់មេដឹកនាំប្រទេសអ្នកមាន G7 ដែលមិនសកម្ម ក្នុងការប្រយុទ្ធប្រឆាំងនឹងការកើនឡើងកំដៅផែនដី។ ក្រុង Cornwall ប្រទេសអង់គ្លេស ថ្ងៃទី ៥ មិថុនា ២០២១
ក្រុមសកម្មជនបរិស្ថាន Ocean Rebellion ធ្វើរូបត្លុក រិះគន់មេដឹកនាំប្រទេសអ្នកមាន G7 ដែលមិនសកម្ម ក្នុងការប្រយុទ្ធប្រឆាំងនឹងការកើនឡើងកំដៅផែនដី។ ក្រុង Cornwall ប្រទេសអង់គ្លេស ថ្ងៃទី ៥ មិថុនា ២០២១ REUTERS - TOM NICHOLSON

ការចរចា​បឋម ដើម្បីត្រៀមបើកសន្និសីទស្តីពីអាកាសធាតុ COP26  បានបិទបញ្ចប់ហើយ នៅថ្ងៃព្រហស្បតិ៍ទី​១៧មិថុនា។ ក៏ប៉ុន្តែ​ឆ្លងកាត់ការនិយាយគ្នា ប្រមាណ​៣សប្តាហ៍មកនេះ គឺបញ្ហាថវិកា មិនត្រូវបានគេលើកមកនិយាយទេ បើទោះបីជាបញ្ហានេះ​​ គឺជាចំណុចសំខាន់បំផុត​ក៏ដោយ នៅក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​បម្រែបម្រួល​អាកាសធាតុ។

ផ្សាយពាណិជ្ជកម្ម

សន្និសីទពិភពលោកស្តីពីអាកាសធាតុ COP26 នឹងត្រូវបើកនៅខែ​វិច្ឆិកា នៅទីក្រុង​ Glasgow តំបន់​​អេកូស ប្រទេសអង់គ្លេស។ អង្គការសហប្រជាជាតិ បានបើកការចរចាគ្នា ជាបឋម ក្រៅផ្លូវការ រយៈ​ពេល​៣សប្តាហ៍ ដើម្បី​​ត្រៀមរៀបចំ និងនិយាយ​គ្នាពីចំងាយ មុននឹង​បើកសន្និសីទ។ ៣​សប្តាហ៍​បាន​កន្លងផុតទៅ ក៏ប៉ុន្តែ មានចំណុចមួយ ដែលគេមិន​បាន​លើក​មក​និយាយ គឺបញ្ហា​ថវិកាចំណាយ។

លោកស្រី Patricia Espinosa មន្ត្រីទទួលបន្ទុកកិច្ច​​ការ​អាកាសធាតុ នៃ​អង្គការ​​សហប្រជាជាតិ បាន​បញ្ជាក់ថា បញ្ហាថវិកាចំណាយ មិនត្រូវបាន​គេលើកមកនិយាយ នៅក្នុងការ​ចរចាបឋម ៣សប្តាហ៍នេះ គឺដោយសារ​តែអស់ពេលវេលា។ ការនិយាយគ្នា តាមប្រព័ន្ធ​វីដេអូខុនហ្វឺរិនស៍​ ជាមួយនឹង​ម៉ោង​ពេល​វេលាខុសគ្នា រយៈពេល​​៣សប្តាហ៍នេះ មិនមែន​ជាការងាយស្រួល ហើយ​ដែល​ធ្វើឲ្យ​​ភាគីចូលរួម​ទាំងអស់​ មានការនឿយហត់ច្រើន។ ទោះ​យ៉ាងណា លោកស្រីអះអាងថា ការដែលអាច​ប្រមូលគ្រប់​ភាគី​ទាំងអស់ មកនិយាយ​គ្នាជាមុន ទោះមិន​បាន​​គ្រប់ចំណុចក៏ដោយ ក៏វា​ជារឿងល្អ​មួយរួច​​ទៅហើយ។

លោកស្រីបានបញ្ជាក់ថា ៣សប្តាហ៍កន្លងមកនេះ គេបាននិយាយគ្នា អំពីចំណុច​សំខាន់ៗមួយចំនួន ដូចជា​ស្តីអំពីវិធានអនុវត្តគោរព​ កិច្ចព្រមព្រៀងទីក្រុងប៉ារីស​ស្តីពីអាកាសធាតុ បញ្ហាតម្លាភាព ទីផ្សារកាបូន និង ការតាមដានអំពី​ការគោរពសន្យា ទាក់ទិននឹងការ​បញ្ចុះកម្រិតឧស្ម័ពុល ព្រមទាំង​ការ​ចូលរួម​វិភាគទាន​ហិរញ្ញវត្ថុជាដើម។

សូមរំលឹកថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីអាកាសធាតុ បាន​កំណត់ថា ប្រទេសអ្នកមាន ត្រូវរួមគ្នាជួយប្រទេសក្រីក្រ ដែលប្រឈមនឹងបញ្ហាអាកាសធាតុ តាមរយៈការប្រមូលប្រាក់ជួយ ឲ្យបាន​​១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ការសន្យានេះ នៅមិនទាន់បាន​សម្រេចទាំងស្រុងទេ តែ​កាលពីចុងសប្តាហ៍មុននេះ ក្រុមប្រទេស G7 បានសន្យាជាថ្មី ថានឹង​គោរពឲ្យ​បាន។

គួរកត់សំគាល់ថា បញ្ហាខ្វះ​ថវិកាចំណាយនេះ កំពុងធ្វើឲ្យ​ប្រទេសក្រីក្រ​មាន​ការបារម្ភ​ណាស់ ព្រោះគ្មានលទ្ធភាពប្រឈម និងដោះស្រាយបញ្ហានានា បង្កឡើងដោយវិបត្តិ​អាកាសធាតុ។ លោកស្រី Espinosa បានសង្កត់ធ្ងន់ថា ការអនុវត្តគោរពការសន្យា ស្តីពី​ការ​ចូលរួម​វិភាគទាន​ថវិកា គឺជាធាតុផ្សំ​ដ៏ចាំបាច់បំផុត ដើម្បី​ធ្វើឲ្យ​​សន្និសីទ COP26 បាន​ជោគជ័យ។ ថវិកា ១០០ពាន់លានដុល្លារច្រើនមែន តែមិនទាន់គ្រប់គ្រាន់​មែនទែនទេ ប្រសិនបើយើង​ចង់​ធ្វើការ​ផ្លាស់ប្តូរ​ឲ្យបានស៊ីជម្រៅ​ ឈានទៅ​ប្រយុទ្ធប្រឆាំង​នឹង​ការកើនឡើង​កំដៅផែនដី។ លោកស្រីបន្ថែមថា ប្រទេសទាំងអស់ ត្រូវតែប្រឹងប្រែង​បន្ថែមទៀត ទាំងថវិកា ទាំង​ការ​កាត់បន្ថយ​ឧស្ម័នពុល ដើម្បី​​ទប់កុំឲ្យ​ផែនដី​​ឡើង​កំដៅ លើសពី ១.៥°c៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI