ស្វ៊ិស-លីបេរីយ៉ា

តុលាការស្វ៊ីស​កាត់ទោស​មេទ័ព​សង្រ្គាម​លីបេរីយ៉ា​ឲ្យ​ជាប់ពន្ធនាគារ​២០ឆ្នាំ

ពួកឧទ្ទាម​ដែលស្មោះស្ម័គ្រ​នឹង​ លោក​ Charles Taylor កំពុងប្រយុទ្ធនឹង​ទាហាន​រដ្ឋាភិបាល​លីបេរីយ៉ា នៅក្បែរស្ថានទូត​អាល្លឺម៉ង់​ខាងលិច នៅឆ្នាំ​១៩៩០
ពួកឧទ្ទាម​ដែលស្មោះស្ម័គ្រ​នឹង​ លោក​ Charles Taylor កំពុងប្រយុទ្ធនឹង​ទាហាន​រដ្ឋាភិបាល​លីបេរីយ៉ា នៅក្បែរស្ថានទូត​អាល្លឺម៉ង់​ខាងលិច នៅឆ្នាំ​១៩៩០ AP - Jose Goitia

ជាលើកទី ១​ក្នុង​ប្រវត្តិសាស្រ្ត តុលាការ​ស៊ីវិល​របស់​ប្រទេស​ស្វ៊ីស បាន​បើក​សវនាការ​ជំនុំជម្រះសំណុំរឿង​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែលប្រព្រឹត្តឡើង​នៅក្រៅទឹកដី​ស្វ៊ីស។ នៅថ្ងៃ​សុក្រ ទី​១៨ មិថុនា តុលាការក្នុងស្រុក ​ស្វ៊ីស​មួយ បាន​បានសម្រេច​ផ្តន្ទាទោស អតីត​មេទ័ព​សង្រ្គាម លីបេរីយ៉ា ម្នាក់​ ឲ្យជាប់ពន្ធនាគារ​២០ឆ្នាំ សម្រាប់ បទឧក្រិដ្ឋកម្ម​សង្រ្គាម ដែល​ប្រព្រឹត្តឡើង ​នៅក្នុង​អំឡុង​សង្រ្គាម​ស៊ីវិល លើកទី១ នៅប្រទេស​លីបេរីយ៉ា ពី​ឆ្នាំ ១៩៨៩ ដល់​ឆ្នាំ ១៩៩៦។

ផ្សាយពាណិជ្ជកម្ម

អតីត​មេទ័ព​សង្រ្គាម​លីបេរីយ៉ា ដែល​តុលាការ​សហព័ន្ធ​ស្វ៊ីស​សម្រេច​ផ្តន្ទាទោស ​ឲ្យ​ជាប់ពន្ធនាគារ ២០ឆ្នាំ មានឈ្មោះថា Alieu Kosiah​អាយុ ៤៦ឆ្នាំ។ Alieu Kosiah ​ធ្លាប់ជា​មេបញ្ជាការ​របស់​ក្រុមឧទ្ទាម​United Liberation Movement of Liberia for Democracy (ULIMO)​ដែល​ប្រឆាំង​រដ្ឋាភិបាលលីបេរីយ៉ា ប៉ុន្តែ បាន​រត់ភៀសខ្លួន មករស់នៅ​ប្រទេស​ស្វ៊ីស មុននឹង​ត្រូវ​ប៉ូលិស​ចាប់ខ្លួន នៅ​ឆ្នាំ ២០១៤។

 

អតីត​មេទ័ពសង្រ្គាម​លីបេរីយ៉ា​ត្រូវ​អាជ្ញាធរ​ស្វ៊ីស​ចាប់ខ្លួន នៅបន្ទាប់ពី​ក្រុមសិទ្ធិមនុស្ស Civitas Maxima បង្ហាញ​រដ្ឋអាជ្ញាស្វ៊ីស ពី​ភស្តុតាង​ស្តីពី​ការជាប់ពាក់ព័ន្ធ​របស់​Alieu Kosiah នៅក្នុង​ឧក្រិដ្ឋកម្ម​សង្រ្គាម ប្រព្រឹត្តឡើង​នៅក្នុងអំឡុង​សង្រ្គាម ស៊ីវិល​នៅប្រទេស​លីបេរីយ៉ា។

ស្វ៊ីសទទួលស្គាល់​គោលការណ៍​យុត្តិធម៌។ មានន័យថា តុលាការ​ស្វ៊ីស​អាចកាត់ទោស ជនសង្ស័យ​ជាន់ខ្ពស់ ដែលបាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម នៅកន្លែង​ដទៃ​ក្នុងពិភពលោក។

សវនាការ​ជំនុំជម្រះ អតីត​មេបញ្ជាការ​កងទ័ពឧទ្ទាម​លីបេរីយ៉ា​ធ្វើឡើង ដោយ​យោង​ទៅលើ​ច្បាប់ស្វ៊ីស​ឆ្នាំ ២០១១ ដែល​អនុញ្ញាត​ឲ្យ​តុលាការ​ស៊ីវិល​ស្វ៊ីស ជំនុំជម្រះ បទឧក្រិដ្ឋកម្ម​សង្រ្គាម ដែលប្រព្រឹត្ត​នៅ​កន្លែង​ដទៃ​ក្នុងពិភពលោក។

នៅក្នុង​សវនាការ​កាលពីថ្ងៃសុក្រ ចៅក្រម​ស្វ៊ីស​សម្រេច​ផ្តន្ទាទោស អតីត​មេទ័ព​ឧទ្ទាម លីបេរីយ៉ា ឲ្យជាប់ពន្ធនាគារ​២០ឆ្នាំ សម្រាប់ បទឧក្រិដ្ឋ​ចំនួន ២១ ដែលនៅក្នុង​នោះ មាន​ការបញ្ជា និង​ចូលរួមផ្ទាល់ ក្នុង​ការសម្លាប់រង្គាល ជនស៊ីវិល ១៧នាក់ និង​ទាហាន លីបេរីយ៉ា ២នាក់។ តុលាការ​ស្វ៊ីស បាន​រកឃើញដែរថា Alieu Kosiah​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋកម្ម​ផ្សេងទៀត ដូចជា រំលោភផ្លូវភេទ ប្រើទាហាន​កុមារ បញ្ជា​ឲ្យគេកាប់បំផ្លាញព្រៃឈើ និង​ចូលរួម​ក្នុង​សកម្មភាព​ឃោឃៅ​នានា ក្នុង​អំឡុង សង្រ្គាម​ស៊ីវិល លីបេរីយ៉ា ដែល​បានសម្លាប់មនុស្ស ប្រមាណ ២សែន ៥ម៉ឺននាក់។

Alieu Kosiah ត្រូវ​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​តែ ១៣ឆ្នាំកន្លះ​ទៀតប៉ុណ្ណោះ ព្រោះថា Alieu Kosiah ត្រូវ​បាន​អាជ្ញាធរ​ស៊្វីស ចាប់ឃុំខ្លួន តាំង​ពីឆ្នាំ ២០១៤​មកម្ល៉េះ។

នៅមុន Alieu Kosiah មិនដែល​មាន​ជនជាតិ​លីបេរីយ៉ា​ណាម្នាក់ ​ដែលត្រូវ​តុលាការក្នុងស្រុក ឬ​តុលាការ​អន្តរជាតិ ​កាត់ទោស​ពី​បទប្រព្រឹត្ត ​បទឧក្រិដ្ឋកម្ម​សង្រ្គាម នៅក្នុងអំឡុង​សង្រ្គាម​ស៊ីវិល នៅប្រទេសលីបេរីយ៉ានោះទេ។ នៅមុន Alieu Kosiah មានតែ អតីត​ប្រធានាធិបតី​លីបេរីយ៉ា លោក Charles Taylor តែប៉ុណ្ណោះ ដែលត្រូវ​បាន​តុលាការ​អន្តរជាតិ នៅទីក្រុង​ឡាអេ ផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគារ​ប៉ុន្តែ សម្រាប់បទឧក្រិដ្ឋកម្ម​សង្រ្គាម ប្រព្រឹត្តឡើង នៅ​ប្រទេស​សៀរ៉ាឡេអូនតែប៉ុណ្ណោះ។

សង្រ្គាមស៊ីវិល​នៅលីបេរីយ៉ា ត្រូវកត់សំគាល់ ដោយសារ ការសម្លាប់រង្គាល រវាង​ក្រុមជម្លោះប្រដាប់អាវុធ ការរំលោភ ផ្លូវភេទ ដែលគេ​ប្រើជា​ឧបករណ៍​សង្រ្គាម។ នៅក្រោយ​សង្រ្គាម​ស៊ីវិល​បិទបញ្ចប់​នៅ​ឆ្នាំ ២០០៣ អតីត​មេបញ្ជាការទ័ព​ឧទ្ទាម មួយចំនួន​ និង​អតីត​មេដឹកនាំ​រដ្ឋាភិបាល លីបេរីយ៉ា បាន​រត់ភៀសខ្លួន ចេញទៅបរទេស ដែល​នៅក្នុងនោះ មាន​ Alieu Kosiah។ អ្នកដែលបន្ត​ស្ថិតនៅក្នុងប្រទេស កំពុងកាន់​តំណែង នយោបាយ​និង​សេដ្ឋកិច្ច​សំខាន់​របស់​លីបេរីយ៉ា ដែលនេះ​ជា ចំណុចសំខាន់ឲ្យ​គេ​យល់បាន​ពី​ជម្លោះប្រដាប់អាវុធ និង​គម្លាតរវាងអ្នកមាន និងអ្នកក្រ ដែលនៅបន្តរួបរឹត​ប្រទេស​អាហ្វ្រិក​មួយនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI