អាមេនី-បោះឆ្នោតសភា

អាមេនី​រៀប​ចំ​ការ​បោះឆ្នោត​សភាមុនកាលកំណត់ក្រោយ​​ផ្ទុះភាព​តាន​តឹង​ជាច្រើន​ខែ

នៅថ្ងៃអាទិត្យ ទី២០ មិថុនានេះ ប្រជាជនអាមេនី បាននាំគ្នាចេញទៅបោះឆ្នោត ដើម្បីជ្រើសរើសតំណាងរាស្ត្ររបស់ខ្លួន បន្ទាប់ពីផ្ទុះមានភាពតានតឹងជាច្រើនខែជុំវិញបរាជ័យកាលពីឆ្នាំមុនក្នុងការប្រយុទ្ធទល់នឹងប្រទេសអាស៊ែបៃហ្សង់។
នៅថ្ងៃអាទិត្យ ទី២០ មិថុនានេះ ប្រជាជនអាមេនី បាននាំគ្នាចេញទៅបោះឆ្នោត ដើម្បីជ្រើសរើសតំណាងរាស្ត្ររបស់ខ្លួន បន្ទាប់ពីផ្ទុះមានភាពតានតឹងជាច្រើនខែជុំវិញបរាជ័យកាលពីឆ្នាំមុនក្នុងការប្រយុទ្ធទល់នឹងប្រទេសអាស៊ែបៃហ្សង់។ AP - Sergei Grits

នៅថ្ងៃ​អាទិត្យ​ ទី២០​ មិថុនានេះ​ ប្រជាជន​អាមេនី​បាននាំ​គ្នា​ចេញទៅបោះឆ្នោត​ដើម្បី​ជ្រើស​​រើស​តំណាងរាស្ត្ររបស់ខ្លួន​ បន្ទាប់ពី​ផ្ទុះ​ភាពតានតឹងជាច្រើនខែ ​ជុំវិញ​បរាជ័យ​កាលពីឆ្នាំមុន​ក្នុងការ​ប្រយុទ្ធទល់នឹង​ប្រទេស​អាស៊ែបៃហ្សង់​។ ការ​បោះឆ្នោតសភាមុខកាលកំណត់នេះ​ នឹងទៅ​សម្រេចពី​អនាគត​របស់​ប្រទេសអាមេនី​ ក្រោយ​បញ្ចប់​សង្គ្រាម​ជាមួយប្រទេសក្បែរខាង​នៅតំបន់​ការ៉ាប៉ាក់​។

ផ្សាយពាណិជ្ជកម្ម

ប្រជាជនអាមេនីជាច្រើន​បាននាំគ្នា​ចេញទៅបោះឆ្នោតជ្រើសរើស​តំណាងរាស្ត្រ​ថ្មី​របស់​ខ្លួននៅថ្ងៃអាទិត្យនេះ​ទៅតាម​ការអំពាវនាវ​របស់​លោកនាយករដ្ឋមន្ត្រី​ នីកុល​ ប៉ាស្ហ៊ីនយ៉ាន​ (Nikol Pashinyan) ដែលមាន​គោលបំណង​ដោះស្រាយ​បញ្ហា​បែកបាក់​ខ្វែងគំនិតគ្នា​ ក្រោយ​សង្គ្រាម​ជាមួយ​ប្រទេសអាស៊ែបៃហ្សង់​។

ប្រមុខដឹកនាំ​អាមេនី​លោក​ប៉ាស្ហ៊ីនយ៉ាន​ សង្ឃឹមថា​នឹង​ទទួលបាន​សំឡេងគាំទ្រ​ភាគច្រើន​ ដើម្បី​អាចនៅ​បន្ត​អាណត្តិដឹកនាំ​ និង​អាចព្យាបាលកំហឹង​របស់ប្រជាជន​ពាក់ព័ន្ធ​កិច្ច​ព្រមព្រៀង​លើ​បទ​ឈប់បាញ់​ដែល​លោក​បាន​ចុះហត្ថលេខា​កាលពីខែវិច្ឆិកា​ ឆ្នាំ ២០២០​ ជាមួយ​ភាគី​អាស៊ែបៃហ្សង់​ ដោយ​មាន​ការដឹកនាំ​សម្របសម្រួល​ពី​លោក​ប្រធានាធិបតី​រុស្ស៊ី​វ្ល៉ាឌីមៀរ ពូទីន​។

នៅថ្ងៃនេះ​ ការិយាល័យ​បោះឆ្នោតជាង​ ២ ពាន់​ការិយាល័យ​ត្រូវ​បាន​បើក​នៅ​ទូទាំងប្រទេស​អាមេនី​ ដោយ​មាន​មនុស្សចំនួន​ជិត​ ២លាន ៦ សែននាក់​មាន​សិទ្ធិ​បោះឆ្នោត​។ មាន​គណបក្ស​នយោបាយ​ចំនួន ២១ បានចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​សភា​នេះ​ ប៉ុន្តែមានតែ​គណបក្ស ពីរប៉ុណ្ណោះ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជាគូប្រជែងដ៏ស្វិតស្វាញ។ ទី១​ គឺ​គណបក្សកាន់អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី នីកុល ប៉ាស្ហ៊ីនយ៉ាន និងទី២គឺគណបក្សសម្ព័ន្ធអាមេនី​ ដែលដឹកនាំ​ដោយ​អតីត​ប្រធានាធិបតី​លោក​ រ៉ូបឺត កូឆារីយ៉ាន (Robert Kocharyan)។

ក្រុមអ្នកវិភាគ​ បាននិយាយថា​លទ្ធផលនៃការបោះឆ្នោត​យ៉ាងណានោះ​គឺជា​រឿង​ពិបាក​នឹង​ទស្សន៍ទាយណាស់​ដោយហេតុថា​ ទាំងលោក​ប៉ាស្ហ៊ីនយ៉ាន​ និងលោក កូឆារីយ៉ាន​ មាន​អ្នកគាំទ្រ​ក្នុង​ចំនួន​ប្រដំប្រសងគ្នា។ យោងតាម​ ការស្ទង់មតិ​ដែលប្រព័ន្ធផ្សព្វផ្សាយ​នានា​ទើប​បានចុះផ្សាយ ​គណបក្សទាំងពីរ​ ទទួល​បាន​សំឡេង​ឆ្នោត​ប្រកៀកប្រកិត​គ្នា​ខ្លាំងមែនទែន​ ហើយគេ​នៅមិនទាន់ច្បាស់នោះទេ​ ថាតើ​គណបក្សណាមួយ​អាច​ដណ្តើម​បាន​អាសនៈ​សភាគ្រប់គ្រាន់​ចំនួន ៥៤%​ ដែលជា​តម្រូវការចាំបាច់​ដើម្បី​បង្កើត​រដ្ឋាភិបាល​បាន​៕

គួររំឭកជូនថា​ តាម​រយៈកិច្ចព្រមព្រៀងសន្តិភាពកាលពីខែវិច្ឆិកាឆ្នាំទៅមិញ ​អាមេនី គឺជា​អ្នកចាញ់​ និង​ខាតបង់​ ហើយ​អាស៊ែបៃហ្សង់​វិញ​បាន​ប្រកាសពី​ជ័យជម្នះ​។ ប្រជាជន​អាមេនី​មិន​ពេញចិត្ត​និង​មិនព្រម​ទទួល​យកកិច្ចព្រមព្រៀងខាងលើនោះ​ទេ ហើយ​បាន​ចោទ​លោកនាយករដ្ឋមន្ត្រីអាមេនី​ ដែលជាអ្នកបាន​ចុះ​ហត្ថលេខាលើកិច្ច​ព្រមព្រៀង​នេះ ថាជា​ជនក្បត់ជាតិទៀតផង​។ បន្ថែមលើនេះ​ ពួកគេ​បាន​ចេញតវ៉ាជាច្រើនខែ​ទាមទារ​អោយ​លោក​ប៉ាស្ហ៊ីនយ៉ាន ចុះចេញ​ពី​តំណែង​។ ក្រោយមក​ លោកប៉ាស្ហ៊ីនយ៉ាន បានលា​ឈប់ពី​តំណែង​នាយករដ្ឋមន្រ្តី​ដែល​បាន​តម្រូវដោយច្បាប់​ដើម្បី​អនុញ្ញាត​ឲ្យ​ការបោះឆ្នោត​អាច​ប្រព្រឹត្តទៅបាន​ ប៉ុន្តែលោក​នៅតែមាន​ឈ្មោះថា​មេដឹកនាំប្រទេស​ដដែល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI