សិទ្ធិមនុស្ស

ឧត្តម​ស្នង​ការ​សិទ្ធិមនុស្ស​អ.ស.ប. ​​ថាមាន​ការ​រំលោភ​​​​សិទ្ធិមនុស្ស​កាន់​តែ​ខ្លាំង និង​ធ្ងន់ធ្ងរ​ មិនធ្លាប់​ប្រទះ

លោកស្រី​ឧត្តមស្នងការ​សិទ្ធិមនុស្ស​ Michelle Bachelet
លោកស្រី​ឧត្តមស្នងការ​សិទ្ធិមនុស្ស​ Michelle Bachelet AP - Martial Trezzini

នៅ​ក្នុង​សុន្ទរកថា​បើក​មហាសន្និបាត​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​​អង្គការ​សហប្រជាជាតិ​លើក​ទី ៤៧ លោកស្រី​ឧត្តម​ស្នង​ការ​សិទ្ធិមនុស្ស Michelle Bachelet បាន​អំពាវនា​វ​ឱ្យ​ពិភពលោក​បើក​ភ្នែក និង​បញ្ចេញ​សកម្មភាព​ថ្មី​ ដើម្បី​លើក​ស្ទួយ​​សិទ្ធិមនុស្ស។ បើ​តាម​លោក​ស្រី បញ្ហា​សិទ្ធិមនុស្ស​ បាន​​រីកសាយភាយ​កាន់​ធំធេង និង​ ធ្លាក់​ដុន​ដាប​កាន់​តែ​​ខ្លាំង​ មិន​ធ្លាប់​ជួប​ប្រទះ​ពីមុន​មក​ទេ។

ផ្សាយពាណិជ្ជកម្ម

"​ដើម្បី​ការ​ប្តូរ​ផ្លាស់ យើ​ងត្រូវ​តែ​បង្ហាញ​ទស្សនៈ​វិស័យ​ថ្មី​ និង​ត្រូវ​តែ​បញ្ចេញ​សកម្មភាព​ដោយ​ឆ្លង​កាត់​ការ​ពិគ្រោះ​គ្នា ដើម្បី​លើក​ស្ទួយ​សិទ្ធិមនុស្ស​” នេះ​បើ​តាម​ប្រសាសន៍​របស់​លោកស្រី​ឧត្តមស្នង​ការ​​​ទៅកាន់​សមាជិក​ក្រុមប្រឹក្សា​ទាំង​អស់ ដោយ​បានបរិហារ​​មួយ​ម្តងៗ​ការ​រំលោភ​បំពាន​​​សិទ្ធិមនុស្ស​ ដែល​កំពុង​រីក​សុះ​សាយកាន់​តែ​ច្រើន​ឡើងៗ និង​អាក្រក់​ខ្លាំងឡើងៗ រាប់​តាំង​ពី​ភូមា ដល់​ប្រទេស​នីការ៉ាហ្កាយ ចិន​ រុស្ស៊ី និង​​អាហ្វ្រិក។ សូម្បី​តែ​​​សហរដ្ឋ​អាមេរិក ក៏​ត្រូវ​បាន​លោកស្រី ឧត្តមស្នងការ​ចង្អុល​មុខ​ដោយ​ចំៗ​ដែរ ចំពោះ​ស្ថានភាព​រើសអើង​ប្រកាន់​ពូជសាសន៍​ ជា​ស្វ័យប្រវត្តិ​និង​ការ​ប្រើ​អំពើ​ហិង្សា​​របស់​ប៉ូលិស​ទៅ​លើ​ពលរដ្ឋ​ដែល​មាន​ដើម​កំណើត​ស្បែក​ ​ខ្មៅ​។

បើតាម​លោកស្រី បាហ្សឺឡេ Bachelet ស្ថានភាព​សិទ្ធិមនុស្ស​បានថយ​​ចុះ​ខ្លាំង​ នៅតាម​បណ្តា​​ប្រទេស​ណាស់ជាច្រើន តាម​រយៈការ​បំបិទ​សំឡេង​ប្រឆាំង មាន​អាទិ៍​ប្រទេស​​​រុស្ស៊ី។ លោកស្រី​​ហួស​ចិត្ត​ខ្លាំង​ណាស់​នឹង​ទង្វើ​របស់​ម៉ូស្គូ​​ទៅ​លើ​មេបក្ស​ប្រឆាំង​ណាល់វ៉ានី និង​បាន​​ជំរុញ​ឱ្យ​​ម៉ូស្គូ​បញ្ចប់​ទម្លាប់​បើ​អំណាចចាត់​ទុក​បុគ្គលប្រឆាំង​ អ្នក​កាសែត អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ជន​ជ្រុលនិយម ជា​ភ្នាក់ងារ​បរទេស ឬ​អង្គការ​មិន​គួរ​រាប់​រក​ ហើយ​វិល​មក​គោរព​សិទ្ធិ​ជន​ស៊ីវិល​និង​សិទ្ធ​នយោបាយ​ ដើម្បីឈាន​ទៅ​​រៀបចំ​ការ​បោះឆ្នោត​ នៅ​ខែ​កញ្ញា។

បើ​តាម​របាយការណ៍​ ​ ដែល​អង្គ​មហាសន្និបាតអនឡាញ​ ត្រូវ​លើក​មក​ជជែក​តស៊ូមតិ​គ្នា​ រហូត​ដល់​ថ្ងៃ​ទី ១៣​កក្កដា យ៉ាង​ត្រដាប​ត្រដួស​ព្រោះ​តែ​មានបញ្ហា​សេវា​ របស់​លោកស្រី បាហ្សឺឡេ បានបង្ហាញ​ក្តី​សង្ឃឹម​ថា​ឆ្នាំ​នេះ​អង្គការ​សិទ្ធិមនុស្ស​អាច​នឹង​ចូល​ទៅ​តំបន់​ស៊ីនជាំង​ ដែល​ឮ​ថា​មាន​​ការ​រំលោភសិទ្ធមនុស្សយ៉ាង​​ធ្ងន់ធ្ងរ។ លោកស្រី​ក៏​បាន​គូស​បញ្ជាក់​អំពី​ក្តី​កង្វល់ខ្លាំង​​របស់​អង្គការ​ចំពោះ​ច្បាប់​ស្តី​ពី​សន្តិសុខ​ហុងកុង​តាក់តែង​ឡើងដោយ​ចិន​។

សំណុំ​រឿង​រំលោភ​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ​មួយ​ទៀត ដែល​លោកស្រី​រន្ធត់​ខ្លាំង គឺ​ស្ថានភាព​មនុស្ស​ធម៌​នៅ​ប្រទេស​អេត្យូពី ដោយ​មាន​ជន​ស៊ីវិល​ជាង​៣៥​ម៉ឺន​នាក់​កំពុង​ស្ថិត​ក្នុងគ្រោះ​ទុរ្ភិក្ស។ នៅ​ថ្ងៃ​ចន្ទ​ទី ២១​មិថុនា​នេះ អេត្យូពី​រៀប​ចំ ការ​បោះឆ្នោត​ជាតិ​ ប៉ុន្តែ​បើ​​តាម​លោកស្រី​ឧត្តមស្នងការ​សិទ្ធិមនុស្ស មាន​ការ​រំលោភ​សិទ្ធិ​ជនស៊ីវិល​ពី​សំណាក់​គ្រប់​ភាគី​ជម្លោះ​។ ជម្លោះ​ដែល​កាលពី​ខែ​វិច្ឆិកា​២០២០ រដ្ឋាភិបាល​អេត្យូពី​បាន​បើក​ប្រតិបត្តិការ​យោធា​ទៅ​លើ​ពួក​ឧទ្ទាម​ទ្រីហ្ក្រេ។ របាយការណ៍​គួរ​ជា​ទីទុកចិត្ត​មួយ​បាន​បង្ហាញ​ថា​ទាហាន​អេរីត្រេ បន្ត​វត្តមាន​នៅ​តំបន់​ទីហ្ក្រេ និង​បន្ត​រំលោភ​សិទ្ធិមនុស្ស និងរំលោភ​ច្បាប់​មនុស្សធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI