ចិន-អ.ស.ប.

ចិន និងកាណាដាវាយប្រហារគ្នាដោយពាក្យសម្តីនៅវេទិកាក្រុមប្រឹក្សាសិទ្ធិមនុស្សអន្តរជាតិ

លោកស្រី Michelle Bachelet ឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។
លោកស្រី Michelle Bachelet ឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។ AP - Martial Trezzini

នៅ​ថ្ងៃ​អង្គារ ទី២២ មិថុនា សង្រ្គាម​ពាក្យសម្តី​បាន​ផ្ទុះ​ឡើង​យ៉ាង​ផុសផុល​នៅ​លើ​វេទិកា​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស៊្វីស។ នៅ​ម្ខាង ប្រទេស​កាណាដា​បាន​និយាយ​តំណាង​ឲ្យ​ប្រមាណ ៤០ប្រទេស​វាយប្រហារ​ចាស់ដៃ​លើ​ការ​រំលោភសិទ្ធិមនុស្ស​របស់​ចិន​នៅ​ក្នុង​តំបន់​ស្វយ័ត​ស៊ីនជាំង និង​នៅ​ហុងកុង។ នៅ​ម្ខាង​ទៀត ចិន​បាន​និយាយ​តំណាង​ឲ្យ ៧ប្រទេស​វាយប្រហារ​លើ​កាណាដា​ពី​ការ​រំលោភសិទ្ធិមនុស្ស​លើ​ជនជាតិ​ដើម​ភាគតិច​នៅ​កាណាដា។ ចំណែក​ប្រទេស​បេឡារុស​បាន​និយាយ​តំណាង​ឲ្យ ៦៤ប្រទេស​គាំទ្រ​ចិន​ដោយ​គូស​បញ្ជាក់​ថា រឿង​ស៊ីនជាំង ហុងកុង និង​ទីបេ​ជា​រឿង​ផ្ទៃក្នុង​របស់​ចិន។

ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​មន្រ្តីទូត​ជា​ច្រើន​នាក់ និង​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​រង់ចាំ​តាំង​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​បាន​កើត​មាន​មែន នោះ​គឺ​សេចក្តីថ្លែងការណ៍​រួម​គ្នា​នៅ​លើ​វេទិកា​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អន្តរជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ​ដើម្បី​វាយប្រហារ​ចិន​ក្នុង​បញ្ហា​​សិទ្ធិមនុស្ស។ សេចក្តីថ្លែងការណ៍​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រមាណ ៤០ប្រទេស និង​ត្រូវ​បាន​អាន​ដោយ​ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកស្រី​លេស្ល៊ី ន័រតុន។ « យើង​មាន​ការ​ព្រួយបារម្ភយ៉ាង​ខ្លាំង​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​របស់​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​នៅ​ក្នុង​តំបន់​ស្វយ័ត​ស៊ីនជាំង » នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី​លេស្ល៊ី ន័រតុន។

សេចក្តីថ្លែងការណ៍​ដដែល​ស្នើ​ឲ្យចិន​បើក​ទ្វារ​ទទួល​ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ និង​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ​ចូល​ទៅ​តំបន់​ស៊ីនជាំង រួម​ទាំង​បិទបញ្ចប់​ការ​ឃុំ​ខ្លួន​ជនជាតិ​អ៊ុយហ្គួរ​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ជនជាតិ​ភាគតិច​អ្នក​កាន់សាសនា​អ៊ីស្លាម​ផ្សេង​ទៀត។ ក្រៅ​ពីបញ្ហា​សិទ្ធិមនុស្ស​នៅ​ស៊ីនជាំង លោកស្រី​លេស្ល៊ី ន័រតុន​ក៏​បាន​សម្តែង​ក្តីបារម្ភ​លើ​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​ហុងកុង និង​នៅ​ទីបេ។ ឆ្លើយ​តប​នឹង​សេចក្តីថ្លែងការណ៍​រួម​ចុះ​ហត្ថលេខា​ដោយ​ប្រមាណ ៤០ប្រទេស អ្នក​តំណាង​ចិន​បាន​អាន​សេចក្តីថ្លែងការណ៍​រួម​ដាច់​ដោយឡែក​ដែល​ចុះ​ហត្ថលេខា​ដោយ ៧ប្រទេស។

៧ប្រទេស​នោះ​មាន​រុស្ស៊ី បេឡារុស កូរ៉េខាងជើង វ៉េណេស៊ុយអេឡា អ៊ីរ៉ង់ ស៊ីរី និង​ស្រីលង្កា។ សេចក្តីថ្លែងការណ៍​អាន​ដោយ​អ្នក​តំណាង​ចិន​បាន​វាយប្រហារ​ចាស់ដៃ​ពី​ការ​រំលោភសិទ្ធិមនុស្ស​លើ​ជនជាតិដើម​ភាគតិច​នៅ​កាណាដា។ ទន្ទឹម​គ្នា​នេះ សេចក្តីថ្លែងការណ៍​ដដែល​ក៏​បាន​សម្តែង​ក្តីបារម្ភ​ពី​ភាព​រើសអើង​លើ​ជនអន្តោប្រវេសន៍​នៅ​កាណាដា និង​ទង្វើ​អមនុស្សធម៌​លើ​ជនអន្តោប្រវេសន៍​ដែល​កំពុង​ជាប់​ឃុំ​នៅ​កាណាដា។ ដោយឡែក បន្ទាប់​ពី​សេចក្តីថ្លែងការណ៍​វាយប្រហារ​គ្នា​រវាង​កាណាដា និង​ចិន អ្នក​តំណាង​បេឡារុស​បាន​អាន​សេចក្តីថ្លែងការណ៍​មួយ​ទៀត​ចុះ​ហត្ថលេខា​ដោយ ៦៤ប្រទេស​ដែល​គាំទ្រ​ចិន។ សេចក្តីថ្លែងការណ៍​បាន​គូសបញ្ជាក់​ថា បញ្ហា​នៅ​តំបន់​ស៊ីនជាំង នៅ​ហុងកុង និង​នៅ​ទីបេ​ជា​រឿង​ផ្ទៃក្នុង​របស់​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI