ហុងគ្រី-សិទ្ធិសេរីភាព-អឺរ៉ុប

ក្រុម​ប្រទេស​អឺរ៉ុបរួមគ្នា ថ្កោលទោស​ហុងគ្រី ដែល​បាន​ធ្វើច្បាប់​រើសអើង​ លើអ្នក​ស្រលាញ់​ភេទដូចគ្នា

សកម្មជនអ្នកស្រលាញ់ភេទដូចគ្នា លើកគ្រវីទង់ LGBT នៅចំពោះមុខអាគាររដ្ឋសភាហុងគ្រី ទីក្រុងប៊ូដាប៉េស្ត ថ្ងៃទី ១៤ ខែមិថុនា ដើម្បីសំដែងការប្រឆាំងចំពោះការ​អនុម័តច្បាប់ថ្មី ដែលមានខ្លឹមសាររើសអើង មកលើក្រុមអ្នក​ស្រលាញ់ភេទដូចគ្នា។​
សកម្មជនអ្នកស្រលាញ់ភេទដូចគ្នា លើកគ្រវីទង់ LGBT នៅចំពោះមុខអាគាររដ្ឋសភាហុងគ្រី ទីក្រុងប៊ូដាប៉េស្ត ថ្ងៃទី ១៤ ខែមិថុនា ដើម្បីសំដែងការប្រឆាំងចំពោះការ​អនុម័តច្បាប់ថ្មី ដែលមានខ្លឹមសាររើសអើង មកលើក្រុមអ្នក​ស្រលាញ់ភេទដូចគ្នា។​ © AP

រដ្ឋាភិបាលប្រទេស​ហុងគ្រី កំពុងតែរងនូវការ​ចោទប្រកាន់តវ៉ា បន្ទាប់ពីប្រទេសនេះ បានអនុម័តច្បាប់ថ្មីមួយ ដែលមាន​លក្ខណៈរើសអើង​បំផុត មកលើអ្នកស្រលាញ់ភេទដូចគ្នា ឬអ្នកកែភេទ។ ប្រទេសអឺរ៉ុប ចំនួន​១៣ បានរួមគ្នាធ្វើញត្តិ ទាមទារឲ្យ​សហភាពអឺរ៉ុប ត្រូវតែចាត់វិធានការចំពោះប្រទេសហុងគ្រី ដែលបានធ្វើច្បាប់ ដែល​មានលក្ខណៈចាស់គំរិល រើសអើង បំបិទសិទ្ធិសេរីភាព ពោលគឺវាផ្ទុយស្រលះ អំពីគោលការណ៍គ្រិះ និងតម្លៃរបស់សហភាពអឺរ៉ុប។

ផ្សាយពាណិជ្ជកម្ម

ច្បាប់ថ្មីមួយរបស់ប្រទេសហុងគ្រី អនុម័តកាលពីថ្ងៃទី ១៥មិថុនា បានកំណត់ ហាមឃាត់មិនឲ្យ​មនុស្ស​ អាយុក្រោម​១៨ឆ្នាំ អាច​ឃើញឬទទួល​បាន ការផ្សព្វផ្សាយរូបភាព គ្រប់ទំរង់ទាំងអស់ រាប់ទាំង​រូបភាពនិងវីដេអូអាសអាភាសផង ដែលបង្ហាញពីមនុស្ស​ស្រលាញ់ភេទដូចគ្នា ឬអ្នកកែភេទ។ ជាខ្លឹមសារ ឬរូបភាព  ដែលច្បាប់នេះ ចាត់ទុកថា ជា​ការផ្សព្វផ្សាយ​អូសទាញ បង្វែរក្មេងអនីតិជន ឲ្យ​ក្លាយ​ជាមនុស្សស្រលាញ់ភេទដូចគ្នា។

ប្រទេសប៊ែលហ្ស៊ិក បាន​ធ្វើញត្តិមួយ សម្តែងការថ្កោលទោស និងទាមទារឲ្យ​សហប្រភាពអឺរ៉ុបមានវិធានការ ចំពោះរដ្ឋាភិបាលហុងគ្រី​។ ញត្តិរបស់ប៊ែលហ្ស៊ិក ត្រូវបាន​ប្រទេសអឺរ៉ុប​១២ផ្សេងទៀត ចុះហត្ថលេខាគាំទ្រ នៅក្នុងអង្គប្រជុំរដ្ឋមន្ត្រីការបរទេសអឺរ៉ុប​ កាលពីថ្ងៃទី​២២ មិថុនា។ ប៊ែលហ្ស៊ិក ហូឡង់ លុចហ្សំបួរ បារាំង អាល្លឺម៉ង់ អៀរឡង់ អេស្ប៉ាញ ដាណឺម៉ាក ហ្វាំងឡង់ ស៊ុយអែត និងក្រុមប្រទេសបាល់ទិកទាំង៣ បានរួមគ្នា លើកឡើងថា ហុងគ្រី កំពុងតែដើរចាកឆ្ងាយពីតំលៃនៃសិទ្ធិសេរីភាព ដែលជាគោលការណ៍គ្រិះរបស់សហភាពអឺរ៉ុប។

លោក Clément Beaune រដ្ឋលេខាធិការបារាំង ទទួលបន្ទុកកិច្ចការអឺរ៉ុប បានលើកឡើងថា ច្បាប់ថ្មីរបស់ហុងគ្រីនេះ គឺជាគ្រោះថ្នាក់ ព្រោះវាបង្កើតឲ្យ​មានការយល់ច្រលំបូកបល់ រវាងការស្រលាញ់ភេទដូចគ្នា និងរូបភាព​អាសអាភាស។ ប្រការនេះ គឺអាចបង្កើតឲ្យ​មានការស្អប់ ការជេរប្រមាថ រើសអើងនៅក្នុងសង្គម ទៅលើអ្នកស្រលាញ់ភេទដូចគ្នា។

ឆ្លើយតបទៅនឹងការទាមទារ របស់ក្រុមប្រទេសអឺរ៉ុបទាំង១៣ លោកស្រី Vera Jourova អនុប្រធានគណកម្ម​ការអឺរ៉ុប បានលើកឡើងថា ស្ថាប័នលោកស្រី កំពុងតែពិនិត្យលំអិត ទៅលើច្បាប់របស់ប្រទេសហុងគ្រីនេះ ថាតើវាពិតជាមានខ្ទាស់ ទៅ​នឹងគោលការណ៍គ្រិះ និងតម្លៃច្បាប់​​ របស់សហភាពអឺរ៉ុបដែរឬទេ។ លោកស្រីអះអាងថា សហភាពអឺរ៉ុប នឹងប្រើប្រាស់គ្រប់មធ្យោបាយដែលមាន ដើម្បីការពារសិទ្ធិសេរីភាព​របស់ប្រជាពលរដ្ឋអឺរ៉ុប។

គួររំលឹកថា នេះមិនមែនជាលើកទីមួយទេ ដែល​រដ្ឋាភិបាលហុងគ្រី ដឹកនាំដោយ​លោក វិកទ័រ អកបាន បានធ្វើច្បាប់ ឬចេញ​វិធានការ ដែលមានលក្ខណៈរើសអើងមកលើ​អ្នកស្រលាញ់ភេទដូចគ្នា រើសអើងប្រកាន់ពូជសាសន៍ និង​រំលោភសិទ្ធិសេរីភាពបញ្ចេញមតិ។ លោកស្រី Judit Varga រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហុងគ្រី បានអះអាងថា ច្បាប់ថ្មីរបស់ហុងគ្រី​ មិនបានទៅហាមឃាត់ ឬដកហូតសិទ្ធិ​អ្នកស្រលាញ់ភេទដូចគ្នាទេ។ លោកស្រីលើកឡើងទៀតថា ប្រទេសលោកស្រី មានសិទ្ធិលើកកំពស់ និង​ការពារតម្លៃនៃគ្រួសារ តាមបែប​ប្រពៃណី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI