អឺរ៉ុប-បរិស្ថាន

សភាអឺរ៉ុបអនុម័តច្បាប់ថ្មីស្តីពីអាកាសធាតុដោយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឲ្យបានយ៉ាងតិច ៥៥% នៅឆ្នាំ ២០៣០

ឧត្តមស្នងការអឺរ៉ុបទទួលបន្ទុកសកម្មភាពអាកាសធាតុលោក Frans Timmermans
ឧត្តមស្នងការអឺរ៉ុបទទួលបន្ទុកសកម្មភាពអាកាសធាតុលោក Frans Timmermans AP - Stephanie Lecocq

នៅ​ក្នុង​សម័យប្រជុំវិសាមញ្ញ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ មិថុនា​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក សភា​អឺរ៉ុប​បាន​អនុម័ត​លើ​ច្បាប់​ថ្មី​ស្តីពី​ការ​កាត់​បន្ថយ​ឧស្ម័នផ្ទះកញ្ចក់។ ជាមួយ​នឹង​ច្បាប់​ថ្មី អឺរ៉ុប​បាន​ប្តេជ្ញា​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ឲ្យ​បាន​យ៉ាង​តិច ៥៥% ពី​ពេល​នេះ​ទៅ​ដល់​ឆ្នាំ ២០៣០។ គួរ​រម្លឹក​ថា​នៅ​ក្នុង​ច្បាប់​ចាស់​សព្វថ្ងៃ កម្មវត្ថុ​នៃ​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​មាន​ត្រឹម ៤០% ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​នេះ​ក្តី សមាជិក​សភា​អឺរ៉ុប​មក​ពី​គណបក្ស​បរិស្ថាន​បារាំង​លោកស្រី​ការ៉ូលីន រ៉ូស​យល់​ឃើញ​ថា ច្បាប់​ថ្មី​នេះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។

ផ្សាយពាណិជ្ជកម្ម

ច្បាប់​ថ្មី​ស្តីពី​អាកាសធាតុ​ដែល​សភា​អឺរ៉ុប​ទើប​អនុម័ត​ទទួល​បាន​ការ​គាំទ្រ​ចំនួន ៤៤២សំឡេង សំឡេង​ប្រឆាំង​ចំនួន ២០៣សំឡេង និង​មាន ៥១អនុបវាទ។ សមាជិក​សភា​អឺរ៉ុប​ដែល​បាន​គាំទ្រ​លើ​ច្បាប់​ថ្មី​នេះ​មាន​ក្រុម​អ្នកស្តាំនិយម អ្នក​សង្គមនិយម​ភាគច្រើន និង​ក្រុម​មក​ពី​គ្រុប Renew។ ចំណែក​អ្នក​ប្រឆាំង គឺ​ក្រុម​ឆ្វេងនិយមជ្រុល ស្តាំនិយមជ្រុល និង​ក្រុម​អ្នកបរិស្ថាន។ ក្រុម​អ្នក​តំណាងរាស្រ្ត​អឺរ៉ុប​បៃតង​យល់​ឃើញ​ថា កម្មវត្ថុ​ថ្មី​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ថ្មី​ស្តីពី​អាកាស​នឹង​កម្រិត​ការ​ឡើង​កម្តៅ​នៅ​ក្នុង​បរិយាកាស​ពី ២ ទៅ ៣ អង្សារ​ធៀប​នឹង​សម័យ​មុន​ឧស្សាហកម្ម។ សម្រាប់​ពួក​គេ ច្បាប់​ថ្មី​នេះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ។

តាម​ក្រុម​អ្នក​តំណាងរាស្រ្ត​អឺរ៉ុប​បៃតង​ដដែល នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ មាន​មនុស្ស​ចំនួន ៤២០លាននាក់​នឹង​ប្រឈម​នឹង​រលកកម្តៅ​បណ្តាល​ឲ្យ​ស្លាប់​ដូច​ក្នុង​ឆ្នាំ ២០១៨។ លោកស្រី​ការ៉ូលីន រ៉ូស សមាជិក​សភា​អឺរ៉ុប​មក​ពី​គណបក្ស​បរិស្ថាន​បារាំង​បាន​សម្តែង​ការ​សោកស្តាយ​ថា កិច្ចខិតខំប្រឹងប្រែង​ពិត​ប្រាកដ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។ « ក្រុម​អ្នក​វិទ្យាសាស្រ្ត​និយាយ​ប្រាប់​យើង​ថា គេ​ត្រូវ​កាត់​បន្ថយ​ឧស្ម័នផ្ទះកញ្ចក់​ឲ្យ​បាន​យ៉ាង​តិច ៦៥% ពី​ពេល​នេះ​ទៅ​ដល់​ឆ្នាំ ២០៣០ ទើប​គេ​អាច​សម្រេច​តាម​កម្មវត្ថុ​របស់​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ​បាន » នេះ​ជា​ការ​រម្លឹក​របស់​លោកស្រី​ការ៉ូលីន។

សមាជិក​សភា​អឺរ៉ុប​មក​ពី​គណបក្ស​បរិស្ថាន​បារាំង​រូប​នេះ​ដដែល​បាន​ព្រមាន​ថា បើ​គ្មាន​ការ​ប្រឹងប្រែង​បន្ថែម​ដូច​ដែល​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ​បាន​ចែង​ទេ ពិភពលោក​នឹង​ស្គាល់​គ្រោះ​ទឹកជំនន់​កាន់​តែ​ច្រើន គ្រោះ​រាំងស្ងួត អសន្តិសុខ​ស្បៀងអាហារ និង​ការ​បាត់បង់​ជីវិត​មនុស្ស។ តែ​ឧត្តមស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​សកម្មភាព​អាកាសធាតុ​លោក Frans Timmermans បាន​ព្យាយាម​ពន្យល់​ថា ការ​ប្រឹងប្រែង​របស់​អឺរ៉ុប​ពេល​នេះ​មិនមែន​ជា​លើក​ចុង​ក្រោយ​ទេ តែ​គ្រាន់​ជា​ការ​ចាប់​ផ្តើម​ដំបូង។ យ៉ាង​ណា​ក៏​ដោយ គណៈកម្មការ​អឺរ៉ុប​នឹង​ប្រែក្លាយ​កម្មវត្ថុ​ថ្មី​ដែល​មាន​លក្ខណៈ​បង្ខិតបង្ខំ​ទៅ​ជា​សំណើ​ច្បាស់លាស់​តាម​រយៈ​កំណែទម្រង់​មួយ​ចំនួន​ដែល​នឹង​លាតត្រដាង​នៅ​ថ្ងៃ​ទី១៤ កក្កដា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI