បារាំង-កូវីដ១៩

កូវីដ១៩៖បារាំងប្តេជ្ញាមិនបន្ធូរដៃប្រឆាំងនឹងមេរោគបំប្លែងខ្លួន « ដែលតា »

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំង លោកអូលីវីយេ វេរ៉ង់
រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំង លោកអូលីវីយេ វេរ៉ង់ REUTERS - POOL

មេរោគបំប្លែងខ្លួន​ឥណ្ឌា​ដែល​ហៅ « ដែលតា » កំពុង​ឆ្លង​រាលដាល​កាន់​តែ​ច្រើន និង​កាន់​តែ​លឿន​នៅ​ក្នុង​ប្រទេស​ជា​ច្រើន ពិសេស​នៅ​ក្នុង​ប្រទេស​អង់គ្លេស រុស្ស៊ី ឬ​មួយ​ក៏​ប្រទេស​អូស្រ្តាលី។ បច្ចុប្បន្ន ចំនួន​ករណី​ឆ្លង​ថ្មី​ភាគ​ច្រើន​ជា​មេរោគបំប្លែងខ្លួន « ដែលតា » ដែល​គេ​ដឹង​ថា មាន​អត្រា​ឆ្លង​លឿន និង​ឆ្លង​ខ្លាំង​ប្រមាណ​ជា ៦០% ធៀប​នឹង​មេរោគបំប្លែងខ្លួន​អង់គ្លេស​ដែល​ហៅ « អាល់ហ្វា »។ ជាក់ស្តែង​ក្នុង​ប្រទេស​បារាំង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក​អូលីវីយេ វេរ៉ង់​បាន​បញ្ជាក់​ថា មេរោគបំប្លែងខ្លួន « ដែលតា » កំពុង​បង្កើន​ល្បឿន​ឆ្លង និង​តំណាង​ឲ្យ ២០% នៃ​ចំនួនករណី​ឆ្លង​ថ្មី។ បើ​ធៀប​នឹង​សប្តាហ៍​កន្លង​ទៅ គឺ​មាន​ទ្វេដង។ តាម​លោក​វេរ៉ង់ វ៉ាក់សាំង​ជា​អាវុធ​ដ៏​មាន​ប្រសិទ្ធិភាព​តែ​មួយ​គត់​ដើម្បី​ទប់​ល្បឿន​របស់​មេរោគបំប្លែងខ្លួន « ដែលតា »។

ផ្សាយពាណិជ្ជកម្ម

« នៅ​ក្នុង​ចំនួន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ដែល​យើង​បាន​រក​ឃើញ​ប្រចាំ​ថ្ងៃ មាន​មេរោគបំប្លែងខ្លួន « ដែលតា » ប្រមាណ​ជា ២០%។ ដូច្នេះ​ឃើញ​ថា មេរោគ​បំប្លែង​ខ្លួន « ដែលតា » កំពុង​កើន​ឡើង តែ​ជា​កំណើន​ដែល​គិត​ជា​ភាគរយ ពោល​មិនមែន​គិត​ជា​ចំនួន​អ្នក​ឆ្លង​ដោយ « ដែលតា » ទេ។ ទោះ​បី​ជា​ករណី​ឆ្លង​ថ្មី​ដោយ​មេរោគបំប្លែងខ្លួន « ដែលតា » គិត​ជា​ភាគរយ​បាន​កើន​ឡើង​ក៏​ដោយ​ក៏​ករណី​ឆ្លង​ថ្មី​ដោយ « ដែលតា »គិត​ជា​ចំនួន​មិន​កើន​ឡើង​ទេដោយសារ​តែ​ចំនួន​ករណី​ឆ្លង​ថ្មី​សរុប​ធ្លាក់​ចុះ។

តែ​បន្តិច​ម្តងៗ ចំណែក​ចម្លង​ដោយ​មេរោគបំប្លែងខ្លួន « ដែលតា » ចូលគ្របដណ្តប់​លើ​មេរោគបំប្លែង​ខ្លួន​ផ្សេង​ទៀត។ ករណី​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​លើ​លោក ព្រោះ « ដែលតា » ឆ្លង​ខ្លាំង និង​ឆ្លង​លឿន។ នៅ​ពេល​ដែល​គេ​មាន​មេរោគបំប្លែងខ្លួន​មួយ​ណា​ឆ្លង​ខ្លាំង និង​ឆ្លង​លឿន មេរោគបំប្លែង​នេះ​ចូល​ទៅ​ជំនួស​កន្លែង​មេរោគបំប្លែងខ្លួន​ផ្សេង​ទៀត។ នេះ​ជា​រឿង​មួយ​ធម្មតា។ ដូច្នេះ​នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​តម្រូវ​ឲ្យ​យើង​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់។ អង់គ្លេស​មាន​ករណី​ឆ្លង​ថ្មី​ដោយ​មេរោគបំប្លែង​ខ្លួន « ដែលតា » ចំនួន ២៣ ០០០ករណី​ក្នុង​ថ្ងៃ​ចន្ទ ទី២៨ មិថុនា។

រុស្ស៊ី​កំពុង​ប្រឈម​នឹង​កំណើន​ករណី​ឆ្លង​ថ្មី​ដោយ​មេរោគបំប្លែងខ្លួន « ដែលតា »។ នៅ​អូស្រា្តលី រដ្ឋាភិបាល​បាន​បិទខ្ទប់​ទីក្រុង​ស៊ីដនី​សម្រាប់​រយៈពេល ២សប្តាហ៍។ សិង្ហបុរី​បាន​បោះបង់​ចោល​នូវ​គោលដៅ​មិន​ឲ្យ​មាន​កូវីដ១៩ សោះ។ មេរោគបំប្លែងខ្លួន « ដែលតា » មួយ​នេះ​នឹង​បង្ក​ឲ្យ​យើង​ជួប​បញ្ហា​ជា​ច្រើន។ តែ​នៅ​ពេល​ដែល​ខ្ញុំ​កំពុង​និយាយ​នេះ មេរោគ​កំពុង​ធ្លាក់​ចុះ រួម​ទាំង​នៅ​ក្នុង​ខេត្ត​ឡង់​ដែល​យើង​បាន​ទៅ​ជា​មួយ​នាយករដ្ឋមន្រ្តី​ហ្សង់ កាស្តិច​កាល​ពី​សប្តាហ៍​មុន។ តែ​ខ្ញុំ​ចង់​បញ្ជាក់​ថា យើង​ធ្លាប់​បាន​ហែល​ឆ្លង​ស្ថានការណ៍​ដូច​គ្នា​នេះ​នា​រដូវក្តៅ​កន្លង​ទៅ​ដែល​ខ្ញុំ​បាន​ទៅ​ខេត្ត​ម៉ៃយែន ដែនដី​បារាំង Guyane នៅ​ឯ​នាយសមុទ្រ ហើយ​បន្ទាប់​មក​នៅ​ខេត្ត Bouches-du-Rhône នា​ដំណាច់​រដូវក្តៅ​កន្លង​ទៅ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI