បារាំង-អាកាសធាតុ

បារាំង៖ ​ឧត្តមក្រុមប្រឹក្សា​អាកាសធាតុ រិះគន់​​ថា​រដ្ឋបារាំង ប្រឹងប្រែង​មិនគ្រប់​គ្រាន់ ក្នុង​ការ​​កាត់បន្ថយ​​​ឧស្ម័ន​កាបូនិក

ខែកក្កដា​ ឆ្នាំ​២០១៩ សីតុណ្ហភាពនៅទីក្រុងប៉ារីស ឡើងដល់ ៤១.៥ °c
ខែកក្កដា​ ឆ្នាំ​២០១៩ សីតុណ្ហភាពនៅទីក្រុងប៉ារីស ឡើងដល់ ៤១.៥ °c AFP - BERTRAND GUAY

ក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ គឺរដ្ឋាភិបាល​បារាំង មិនបានប្រឹងប្រែង ឲ្យ​បាន​គ្រប់គ្រាន់ទេ។ នេះគឺជាការលើកឡើង របស់ឧត្តមក្រុមប្រឹក្សាបារាំងស្តីពីអាកាសធាតុ។ ការលើកឡើង ដែលត្រូវបាន​រដ្ឋាភិបាល​បារាំង ច្រានចោលភ្លាមៗ ដោយ​អះអាងថា រដ្ឋាភិបាល​មាន​កម្មវត្ថុ និង​បាន​ផ្តល់​មធ្យោបាយ គ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំង និងការ​កើនឡើងកំដៅផែនដី។

ផ្សាយពាណិជ្ជកម្ម

វិធានការបច្ចុប្បន្នរបស់រដ្ឋាភិបាលបារាំង ដើម្បីកាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័នពុល ទៅក្នុង​បរិយាកាស គឺមិនទាន់គ្រប់គ្រាន់ទេ។ នេះគឺជាការលើកឡើង នៅក្នុងរបាយ​ការណ៍​ប្រចាំឆ្នាំ របស់ឧត្តមក្រុម​ប្រឹក្សា​អាកាសធាតុបារាំង។ រដ្ឋាភិបាល​បារាំង បានកំណត់​កម្មវត្ថុថា កាត់បន្ថយ​ការបញ្ចេញឧស្ម័ន​កាបូនិក ឲ្យ​បាន​៤០% ពីនេះដល់ឆ្នាំ​២០៣០ ដោយ​ប្រៀប​ធៀបទៅនឹងឆ្នាំ​១៩៩០។ ក៏ប៉ុន្តែ រដ្ឋាភិបាល បានតំឡើងកម្រិតអតិបរមា សម្រាប់ឆ្នាំ ២០១៩-២០២៣ ដែលធ្វើឲ្យ​ការប្រឹងប្រែង ដែលគួរសម្រេច ត្រូវផ្អាកពន្យាពេលទៅវិញ​។

ឧត្តមក្រុម​ប្រឹក្សា​អាកាសធាតុ បាន​ពន្យល់ថា ការបញ្ចេញចោលឧស្ម័នកាបូនិក គឺបានចុះថយ​មែនហើយ នៅក្នុង​២ឆ្នាំចុងក្រោយនេះ។ តែ​ធាតុ​ពិត វាគឺជាផលវិបាក​បណ្តាល​មកពីកូវីដ​១៩ ដែលធ្វើឲ្យ​សកម្មភាព​សេដ្ឋកិច្ច​បានចុះថយខ្លាំង។ ឆ្នាំ២០២០ កម្រិតចុះថយឧស្ម័នកាបូនិក មានដល់ទៅ​៩% ក៏ប៉ុន្តែ វាមិនបានឆ្លុះបញ្ចាំងពី​ ការផ្លាស់ប្តូរជារៀងដរាបនោះទេ ពោលគឺវាមានតែមួយ​គ្រានេះតែប៉ុណ្ណោះ។

ទន្ទឹមគ្នានេះ របាយការណ៍បានអបអរចំពោះការរីកចម្រើនមួយចំនួន ទាក់ទិននឹង​ការផ្លាស់ប្តូរ ក្នុងវិស័យសំណង់ ឧស្សាហកម្ម និង​ កំណែទម្រង់ថាមពល ដែលចូលរួមបាន​ច្រើន និងមានលក្ខណៈយូរអង្វែង​ ក្នុងការកាត់បន្ថយ​ឧស្ម័នកាបូនិក។ ផ្ទុយទៅវិញ ក្នុងវិស័យដឹកជញ្ជូន​ ដែលជាវិស័យ​បញ្ចេញ​ឧស្ម័នកាបូនិក ច្រើនជាងគេបង្អស់នោះ (31%) របាយការណ៍លើកឡើងថា កម្រិត​បញ្ចេញ​ឧស្ម័ន​កាបូនិក​គឺនៅនឹង មិនព្រមចុះថយសោះ។​

លោកស្រី Corinne Le Quéré ប្រធានឧត្តមក្រុមប្រឹក្សាអាកាសធាតុ បាន​លើកឡើងថា កន្លងមកបារាំងមានការយឺតយ៉ាវរួចទៅហើយ ក្នុងការកាត់បន្ថយ​ឧស្ម័នកាបូនិក។ ដូច្នេះបារាំងត្រូវតែ​ប្រឹងប្រែងឲ្យ​បាន​មួយទ្វេជាពីរ ពោលគឺត្រូវតំឡើងឲ្យ​បាន​រហូត ៣% យ៉ាងហោច ចាប់ពីឆ្នាំ​២០២១នេះ។ លោកស្រីបន្ថែមថា ២ភាគ​៣ នៃប្រជាជនបារាំង កំពុងប្រឈម រងគ្រោះខ្លាំងជាមួយ​នឹងវិបត្តិអាកាសធាតុរួចទៅហើយ។

ដោយឡែករដ្ឋាភិបាលបារាំង បានអះអាងថា គេ​នៅតែមានសង្ឃឹមថា សម្រេចកម្មវត្ថុ​ឆ្នាំ​២០៣០​ឲ្យបាន។ នៅថ្ងៃទី​១៤កក្កដា សហភាពអឺរ៉ុប នឹងអនុម័តផែនការថ្មី​ ដើម្បី​កាត់បន្ថយ​ឧស្ម័នកាបូនិក ដោយ​​ដំឡើងកម្មវត្ថុកាត់បន្ថយ​ពី ៤០% ទៅ​ ៥៥% នៅរវាង​ឆ្នាំ​២០៣០។ រដ្ឋាភិបាលបារាំង លើកឡើងថា គេកំពុងធ្វើការ​ ឈានទៅ​ពង្រឹងបន្ថែមការប្រឹងប្រែង ដើម្បីឆ្លើយ​តបទៅនឹងកម្មវត្ថុ​កាន់តែខ្ពស់ របស់​សហភាពអឺរ៉ុប នៅក្នុងការងារ​កាត់បន្ថយ​កំដៅផែនដី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI