សិទ្ធិស្ត្រី

វេទិកា​ដើម្បី​សមភាព​​បុរស-ស្ត្រី ប្រមូល​ថវិកា​​បាន​​៤ម៉ឺន​លានដុល្លារ ដើម្បី​​​លើក​​កំពស់​សិទ្ធិ​ស្ត្រី

លោក​ម៉ាក្រុង កំពុងដឹកនាំការពិភាក្សាគ្នា ជាមួយ​​លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅក្នុង​វេទិកាជំនាន់សមភាព។​ ប៉ារីស ថ្ងៃទី ៣០ មិថុនា ២០២១
លោក​ម៉ាក្រុង កំពុងដឹកនាំការពិភាក្សាគ្នា ជាមួយ​​លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅក្នុង​វេទិកាជំនាន់សមភាព។​ ប៉ារីស ថ្ងៃទី ៣០ មិថុនា ២០២១ AP - Michel Euler

“វេទិកាជំនាន់សមភាព បុរស-ស្ត្រី” ដែលត្រូវបាន​រៀបចំឡើងនៅទីក្រុងប៉ារីស ដោយ​អង្គការសហប្រជាជាតិ បានបិទបញ្ចប់ទៅកាលពី​ល្ងាចថ្ងៃពុធ ទី​៣០មិថុនាម្សិលមិញ។ ជាវេទិកា ដែលត្រូវបាន​ចូលរួម ដោយ​ថ្នាក់ដឹកនាំប្រទេស និង​តំណាងអង្គការ សមាគមជាច្រើន ដែលធ្វើការ ក្នុង​យុទ្ធនាការការពារសិទ្ធិស្ត្រី ប្រឆាំងនឹងអសមភាព អំពើហិង្សា និងការរើសអើងទាំងឡាយ ធ្វើទៅលើស្ត្រីភេទ។ នៅចុងបញ្ចប់ វេទិកានេះបានទទួលការសន្យា ចូលរួមថវិកា ចំនួន​៤ម៉ឺនលានដុល្លារ ពីគ្រប់ភាគីទាំងអស់ ដើម្បី​ចំណាយ ​នៅក្នុង​ការ​ងារ​លើកកំពស់សិទ្ធិស្ត្រី។

ផ្សាយពាណិជ្ជកម្ម

ការរីកចម្រើនទាំងឡាយ ទាក់ទិននឹងសិទ្ធិរបស់ស្ត្រី កំពុងតែរងនូវការគំរាមកំហែង ដោយចរន្តគំនិត​ អភិរក្សនិយមជ្រុល បែបចាស់គំរិស។ នេះគឺជាការលើកឡើង របស់​លោក អង់តូនីញ៉ូ ហ្គូទែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅក្នុង​ឱកាសបើក “វេទិកាជំនាន់​សមភពបុរសស្ត្រី” នៅទីក្រុងប៉ារីស។

ដូចគ្នាដែរ លោកម៉ាក្រុង ប្រធានាធិបតី​បារាំង បានថ្លែងថា ស្ត្រីបានរងនូវការគំរាមកំហែងកាន់តែខ្លាំង ដោយ​គ្រាន់តែពួកគេ ចង់មានសិទ្ធិបើកបរ ចង់មានសិទ្ធិរំលូតកូន ឬមិនចង់​ទទូល​ហ៊ុំក្រណាត់លើ​ក្បាលជាដើម ។ល។ អំណាចផ្តាច់ការ​ នៃទ្រឹស្តី ដែលគិតថាមនុស្សប្រុស មានសិទ្ធិអំណាចធំជាងមនុស្សស្រី គឺវាកំពុងតែមកបំផ្លេចបំផ្លាញ ការរីកចម្រើន នៅទូទាំងពិភពលោក។ ថ្លែងពីចំងាយ តាមប្រព័ន្ធវីស្យូខុនហ្វឺរិនស៍ លោកស្រី កាម៉ាឡា​ ហារីស អនុប្រធានាធិបតីអាមេរិក បានលើកឡើងថា ដើម្បី​ការពារលទ្ធិប្រជាធិបតេយ្យ គឺយើងត្រូវតែប្រយុទ្ធ ដើម្បីសមភាព រវាងបុរស និង​ស្ត្រី។

គួរកត់សំគាល់ថា វាគ្មិនដែលបាន​ចូលរួម វេទិកានេះ​ បានយល់ដូចៗគ្នា ថាវិបត្តិកូវីដ​១៩ បានបង្កផលវិបាកកាន់តែខ្លាំង ទៅលើស្ត្រី ជាក់ស្តែង ដោយ​សារតែវិបត្តិសេដ្ឋកិច្ច ក្មេងស្រីកាន់តែច្រើន ត្រូវបង្ខំចិត្តបោះបង់ចោលការសិក្សា ស្ត្រីកាន់តែច្រើន បានធ្លាក់ទៅក្នុងភាពក្រីក្រតោកយ៉ាក។ វិធានការបិទខ្ទប់ បានធ្វើឲ្យ​ស្ត្រីរងនូវ អំពើហិង្សាក្នុងគ្រួសារកាន់តែច្រើនផងដែរ​។

វេទិកាដែលផ្តូចផ្តើមឡើងដោយអង្គការសហប្រជាជាតិនេះ មានកម្មវត្ថុ ឈានទៅ​គូសវាស “ផែនការពិភពលោក” មួយ សំដៅសម្រេចឲ្យ​បាន​នូវ សមភាព​រវាងបុរស និងស្រ្តី។ ប្រធានបទធំៗមួយចំនួន ត្រូវគេលើកមកពិភាក្សា ដូចជាបញ្ហា​អំពើ​ហិង្សាលើសតិស្មារតី និងរូបរាងកាយស្ត្រី សិទ្ធិជាម្ចាស់ការលើខ្លួនប្រាណរបស់ស្ត្រី សិទ្ធិទទួលបាន​ការ​អប់រំរបស់ក្មេងស្រី ព្រមទាំងសមភាព​ក្នុងវិស័យសេដ្ឋកិច្ចជាដើម។ លោកស្រី Delphine O អគ្គលេខាធិការចាត់ចែង​វេទិកានេះ បានលើកឡើងថា គ្រប់គ្នាត្រូវឈប់ ថ្លែងត្រឹមតែពាក្យ​ពិរោះ តទៅ​ទៀតទៅ។ អ្វីដែលចាំបាច់នៅពេលនេះ គឺ​ត្រូវ​ មានវិធានការជាក់ស្តែង មានតម្លាភាព និងត្រូវផ្តល់មធ្យោបាយ​ថវិកាច្បាស់លាស់ ដើម្បី​លើកកំពស់សិទ្ធិស្ត្រី។

សូមបញ្ជាក់ថា វេទិកានេះ​ បាន​ប្រមូលការសន្យាចំណាយ​ប្រាក់ សរុបចំនួន ៤ម៉ឺនលានដុល្លារ ក្នុងនោះមានជាអាទិ ១៧០០០លានដុល្លារ គឺជាការសន្យារបស់រដ្ឋាភិបាល ១ម៉ឺនលាន គឺជា​ថវិកាផ្តល់ឲ្យដោយ​ធនាគារពិភពលោក និង ប្រមាណជាង​២ពាន់​លាន​ដុល្លារ បានមកពី មូលនិធិ Bill និង Melinda Gates។

អង្គការ Oxfam ដែលចូលរួមយ៉ាងសកម្ម​នៅក្នុងវេទិកានេះ បានលើកឡើងថា បារាំងត្រូវតែមាន​វិធានការ ជាគម្រូដល់ប្រទេសផ្សេងៗ តាមរយៈការលើកកំពស់ គោលនយោបាយសាធារណៈ សម្រាល​បន្ទុកការងារផ្ទះរបស់ស្រ្តី​ លើក​កំពស់​​​សមភាព​​ក្នុងវិស័យ បណ្តុះបណ្តាល និងការងារ ឲ្យ​ស្ត្រីបានទទួលសិទ្ធិស្មើបុរស ទាំងប្រាក់ខែ ទាំងការផ្តល់តម្លៃលើ​សមត្ថភាព​។ លោកស្រី Marie Véron តំណាងអង្គការសិទ្ធិស្ត្រីមួយទៀត បានលើកឡើងថា រដ្ឋាភិបាលគ្រប់ប្រទេស​ទាំងអស់ ត្រូវតែចំណាយ​ប្រាក់យ៉ាងហោច ០,១%នៃចំណូលដុលក្នុងស្រុក ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាធ្វើទៅលើស្ត្រី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI