បារាំង-កូវីដ១៩

កូវីដ​១៩៖ រដ្ឋមន្ត្រី​សុខាភិបាល​បារាំង បារម្ភ​អំពី​រលក​ឆ្លងរាលដាល​ខ្លាំង​ម្តងទៀត ដោយ​ចៀសមិនរួច

លោក Olivier Véran រដ្ឋមន្ត្រីសុខាភិបាល​​បារាំង​
លោក Olivier Véran រដ្ឋមន្ត្រីសុខាភិបាល​​បារាំង​ AP - Ludovic Marin

កូវីដ១៩ ទម្រង់បំប្លែងខ្លួនដែលតា កំពុងធ្វើឲ្យ​បណ្តាប្រទេសនៅអឺរ៉ុប មានការព្រួយបារម្ភណាស់ ខណៈដែលរដូវវិស្សមកាលបានចូលមកដល់ រីឯការឆ្លងរាលដាល បានបោះពួយឡើងជានិច្ច។ រដ្ឋាភិបាល​ព័រទុយហ្កាល់ បានសម្រេច​ ដាក់ត្រលប់មកវិញ នូវវិធានការ​បង្ការ​ យ៉ាងតឹងរឹង នៅតាមទីក្រុងធំៗ។ នៅបារាំងវិញ កាលពីថ្ងៃសុក្រម្សិលមិញនេះ លោក​រដ្ឋមន្រ្តីសុខាភិបាល​បារាំង បាន​លើកឡើងថា លោក​បារម្ភថា រលកឆ្លងរាលដាលខ្លាំង អាចនឹងមកដល់ឆាប់ៗ ដោយ​មិនអាចចៀសផុត ជាមួយ​នឹងកូវីដដែលតា។

ផ្សាយពាណិជ្ជកម្ម

ពិតជាមានការគំរាមកំហែង រលកឆ្លងរាលដាលកូវីដ ជាថ្មីម្តងទៀត នៅរវាងខែកក្កដា និង​ខែសីហា ដោយសារតែល្បឿន​ឆ្លងឆាប់រហ័ស​ នៃកូវីដ​១៩ ទម្រង់បំប្លែងខ្លួនដែលតា។ នេះគឺជាការលើកឡើង រ​បស់លោក អីលីវីយេ វេរ៉ង់ រដ្ឋមន្ត្រីសុខាភិបាល​បារាំង នៅក្នុងពេល​ធ្វើសន្និសីទកាសែត កាលពីរសៀល​ថ្ងៃសុក្រ ទី២កក្កដា។​

លោក​បានបញ្ជាក់ថា សម្រាប់ពេល​នេះ កូវីដ​១៩ ទម្រង់បំប្លែងខ្លួនដែលតា គឺមាន​ប្រមាណ​ជា១ភាគ៣ នៃករណីវិជ្ជមាន​ ដែលគេរកឃើញថ្មី ជារៀងរាល់ថ្ងៃនៅបារាំង។ លោក​រដ្ឋមន្ត្រីបារាំង បានលើកការព្រួយបារម្ភថា ជាមួយ​នឹងល្បឿនយ៉ាងលឿនរហ័សនេះ លោកខ្លាងក្រែងថា រលកឆ្លងរាលដាលខ្លាំង អាចនឹងមកដល់ នៅមុនខែ​កញ្ញា-តុលាទៅទៀត ខណៈដែល​ រដូវកាល​វិស្សមកាល​បានមកពេលនៅពេលនេះ ហើយដែលមនុស្ស​ម្នា ចាប់ផ្តើមចេញដំណើរកំសាន្តជុំៗគ្នាច្រើន។

លោករដ្ឋមន្ត្រីសុខាភិបាល​បារាំង បាន​អំពាវនាវ ឲ្យ​ប្រជាជនបារាំងទាំងអស់ បន្តទៅចាក់វ៉ាក់សាំងឲ្យ​បានគ្រប់ៗគ្នា និងបន្តគោរពវិធានការអនាម័យ សុខាភិបាល។ សាមជិកសភាបារាំង បានចាប់ផ្តើមជជែកពិភាក្សាគ្នា ទាក់ទិននឹងការ​កំណត់កាតព្វកិច្ច ថាបុគ្គលិកពេទ្យ ត្រូវតែ​ចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដោយ​មិនអាចគេចវេសបានទេ។

ដោយឡែក កាលពីរសៀលថ្ងៃសុក្រ ទី​២កក្កដា ឧត្តមក្រុមប្រឹក្សាសុខាភិបាលបារាំង បានចេញអនុសសាន៍ថា រដ្ឋាភិបាលបារាំង ត្រូវតែកំណត់កាតព្វកិច្ច ឲ្យ​ប្រជាជន​អាយុ​ចាប់ពី​១២ឆ្នាំទៅ ត្រូវតែចាក់វ៉ាក់សាំងបង្កាកូវីដ​១៩ ជាកំហិត។ តែយ៉ាងណា លោករដ្ឋមន្ត្រីសុខាភិបាលបារាំង បានអះអាងថា រដ្ឋាភិបាល​គ្មានចេតនា ដាក់កំហិត​ ចាប់បង្ខំប្រជាជនឲ្យទៅចាក់វ៉ាក់សាំងនោះទេ។

គួរកត់សំគាល់ថា កូវីដ​១៩ ទម្រង់បំប្លែងខ្លួនដែលតា​ កំពុងធ្វើ​ឲ្យ​បណ្តាប្រទេសអឺរុប សឹងតែទាំងអស់ព្រួយបារម្ភ។ ប្រទេសខ្លះ ដែលបាន​បើកចំហរសកម្មភាពសេដ្ឋកិច្ចឡើងវិញ ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍រដូវក្តៅ មានខ្លះ បាន​ចាប់ផ្តើម ដកថយវិញហើយ ជាក់ស្តែង ប្រទេសព័រទុយហ្កាល់។ ជាមួយនឹង​ ករណីឆ្លងថ្មីប្រមាណ​២០០០នាក់ សឹងជារៀងរាល់ថ្ងៃ ប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋាភិបាលព័រទុយហ្កាល់ បានសម្រេចចេញបំរាមគោរចរ នៅក្រុងលីសបូន និងក្រុងធំៗមួយចំនួន​ទៀត។

អង្គការសុខភាពពិភពលោក បាន​ទាញសញ្ញាអាសន្នថា កូវីដ១៩ទម្រង់បំប្លែងខ្លួនដែលតា អាច​នឹង​គ្រប់ដណ្តប់​ច្រើនលើសលុប នៅទូទាំងអឺរ៉ុប ក្នុងរវាង​ខែសីហា ប្រសិនបើពុំមានវិធានការ​បង្ការ ឲ្យទាន់ពេលវេលាទេនោះ។ ជាមួយនឹង កម្មវិធីប្រកួត​កីឡាបាល់ទាល់ Euro ក្នុងអំឡុងពេលនេះ ក្រៅពី​មនុស្សម្នាជួបជុំនៅពហុកីលាដ្ឋាន គឺមានការជួបជុំគ្នា នៅតាមហាងកាហ្វេ បារ ភោជនីយដ្ឋាន យ៉ាងណែនណាន់តាន់តាប់បំផុត ដោយ​ពុំសូវខ្វាយខ្វល់ពី​ការរក្សាគំលាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI