អ.ស.ប.-បរិស្ថាន

អ.ស.ប.៖គេអាចជួយជីវិតមនុស្សបានជាច្រើនពាន់នាក់តាមរយៈការបង្កើនសេវាកម្មជលឧតុភូតវិទ្យា

អ.ស.ប.ថា គេអាចជួយជីវិតមនុស្សបានជាច្រើនពាន់នាក់តាមរយៈការបង្កើនសេវាកម្មជលឧតុភូតវិទ្យា។
អ.ស.ប.ថា គេអាចជួយជីវិតមនុស្សបានជាច្រើនពាន់នាក់តាមរយៈការបង្កើនសេវាកម្មជលឧតុភូតវិទ្យា។ AP

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៨ កក្កដា របាយការណ៍​ផ្សព្វផ្សាយ​ដោយ​អង្គការ​ឧតុនិយម​ពិភពលោក​ហៅ​កាត់ OMM បាន​យល់​ឃើញ​ថា ការ​បង្កើន​សេវាកម្ម​ជលឧតុភូតវិទ្យា​អាច​ជួយ​ស្រោចស្រង់​ជីវិត​មនុស្ស​​ពី​គ្រោះថ្នាក់​ធម្មជាតិ​បាន​ចំនួន ២៣ ០០០នាក់​ក្នុង​មួយ​ឆ្នាំ។ សេវាកម្ម​ជលឧតុភូតវិទ្យា​ដែល​អង្គការ​ឧតុនិយម​ចង់​និយាយ​មាន ៣ផ្នែក ទី១ ការ​ព្យាករណ៍​អាកាសធាតុ ទី២ ការ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ប្រកាស​អាសន្ន​មុន​ពេល​គ្រោះថ្នាក់​កើត​ឡើង និង​ទី៣ ព័ត៌មាន​ស្តីពី​អាកាសធាតុ។ របាយការណ៍​នេះ​បាន​ធ្លាក់​មក ខណៈ​ដែល​ការ​ឡើង​កម្តៅ​លើ​ភពផែនដី​កំពុង​បន្ត​មាន។

ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​អង្គការ​ឧតុនិយម​ពិភពលោក​ហៅ​កាត់ OMM បាន​អំពាវនាវ​តាម​របាយការណ៍​របស់​ខ្លួន គឺ​ការ​ចូលរួម​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ OMM យល់​ឃើញ​ថា ក្រៅ​ពី​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ដែល​នៅ​ជា​កាតព្វកិច្ច​មូលដ្ឋាន គេ​ត្រូវ​បង្កើន​សេវាកម្ម​ជលឧតុភូតវិទ្យា​ដែល​មាន ៣ផ្នែក៖ការ​ព្យាករណ៍​អាកាសធាតុ ការ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ប្រកាស​អាសន្ន​មុន​ពេល​គ្រោះថ្នាក់​កើត​ឡើង និង​ព័ត៌មាន​ស្តីពី​អាកាសធាតុ។ ការ​គិតគូរ​លើ​សេវាកម្ម​ទាំង ៣ផ្នែក​នេះ​នឹង​អនុញ្ញាត​ឲ្យ​មនុស្ស ពិសេស​ក្រុម​មនុស្ស​ងាយ​រងគ្រោះ​ខ្លាំង​ជាង​គេ​អាច​សម្របខ្លួន និង​អាច​ទប់ទល់​នឹង​ផលវិបាក​នៃ​បាតុភូត​សីតុណ្ហភាព និង​អាកាសធាតុ​ដែល​មិន​អាច​ចៀស​ផុត​នា​ពេល​អានាគត។

របាយការណ៍​របស់ OMM បាន​បញ្ជាក់​ច្បាស់ៗ​ថា បើ​មាន​ការ​ព្យាករណ៍​អាកាសធាតុ​ត្រឹមត្រូវ ប្រព័ន្ធ​ប្រកាស​អាសន្ន​មុន​ពេល​គ្រោះថ្នាក់​កើត​ឡើង​មាន​ប្រសិទ្ធិភាព និង​មាន​ព័ត៌មាន​ស្តីពី​អាកាសធាតុ​ច្បាស់លាស់ គេ​អាច​ជួយ​ស្រោចស្រង់​ជីវិត​មនុស្ស​បាន​ចំនួន ២៣ ០០០នាក់​ក្នុង​មួយ​ឆ្នាំ។ របាយការណ៍​របស់ OMM ដដែល​បាន​កត់សម្គាល់​ឃើញ​ថា​បច្ចុប្បន្ន​នេះ មាន​តែ​ប្រទេសចំនួន ៤០% ប៉ុណ្ណោះ​ក្នុង​លោក​ដែល​មាន​បំពាក់​ដោយ​ប្រព័ន្ធ​ប្រកាស​អាសន្ន​ប្រកប​ដោយ​ប្រសិទ្ធិភាព។ ចំណែក​ប្រទេស​ជា​ច្រើន​ទៀត ពិសេស​ក្រុមប្រទេស​តូចតាច ឬ​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​មិន​ទាន់​មាន ឬ​មាន​ដែរ តែ​មិន​សូវ​មាន​ប្រសិទ្ធិភាព។

លោក​អាឡាសាន វ៉ាត់តារ៉ា ប្រធានាធិបតី​នៃ​ប្រទេស​កូឌីវ័រ​បាន​ធ្វើ​អត្ថាធិប្បាយ​ថា ការ​ព្យាករណ៍​ពី​សីតុណ្ហភាព​ត្រឹមត្រូវ និង​ការ​ព្យាករណ៍​ពី​អាកាសធាតុ​ដែល​អាច​ជឿ​ទុកចិត្ត​បាន​ជា​រឿង​ចាំ​បាច់​ក្នុង​ការ​សម្រេចិត្ត​ផ្នែក​នយោបាយ និង​ការ​អភិវឌ្ឍន៍។ ចំណែក​លោក​ដេវីដ ប៊ីស្លេ នាយកប្រតិបត្តិ​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​គូសបញ្ជាក់​ថា ក្នុង​ចំណោម​មូលហេតុ​នៃ​គ្រោះ​អត់ឃ្លាន​លើ​លោក​សព្វថ្ងៃ មូលហេតុ​ដែល​បង្ក​ឡើង​ដោយ​បាតុភូត​ធម្មជាតិ​ជា​មូលហេតុ​មួយ​ដែល​គេ​មិន​អាច​ទស្សទាយ​មុន​បាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI