អាល្លឺម៉ង់-គ្រោះធម្មជាតិ-អឺរ៉ុប

ស្លាប់​យ៉ាងហោច​៤៨នាក់ ក្នុង​ហេតុការណ៍​ជំនន់​ទឹកភ្លៀង​ដ៏ធ្ងន់​មិនធ្លាប់មាន នៅ​ភាគខាង​លិច​អាល្លឺម៉ង់

ផ្ទះមួយស្ថិតនៅតាមមាត់ទន្លេ នៅឃុំ Erdorf ភាគខាងលិចអាល្លឺម៉ង់ ត្រូវជន់​លិចដោយសារ​ទឹកទន្លេឡើងខ្លាំង ក្រោយភ្លៀង​ធ្លាក់​យ៉ាងគំហុក ថ្ងៃទី ១៥កក្កដា ២០២១
ផ្ទះមួយស្ថិតនៅតាមមាត់ទន្លេ នៅឃុំ Erdorf ភាគខាងលិចអាល្លឺម៉ង់ ត្រូវជន់​លិចដោយសារ​ទឹកទន្លេឡើងខ្លាំង ក្រោយភ្លៀង​ធ្លាក់​យ៉ាងគំហុក ថ្ងៃទី ១៥កក្កដា ២០២១ AP - Harald Tittel

កាលពីយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រសហ្បតិ៍ ប្រទេសអឺរ៉ុបខាងលិចមួយចំនួន បាន​រងនូវគ្រោះ​មហន្តរាយ​​ជំនន់ទឹកភ្លៀង ធ្លាក់យ៉ាងគំហុក។ នៅភាគខាងលិច ប្រទេសអាល្លឺម៉ង់ គឺជាតំបន់រងគ្រោះធ្ងន់ធ្ងរបំផុត ដោយយោងតាមតួលេខចុងក្រោយកាលពី ល្ងាចថ្ងៃព្រហស្បតិ៍ គឺមាន​មនុស្ស​ស្លាប់យ៉ាងហោច ៤៨នាក់ ព្រមទាំងមានបាត់ខ្លួនរាប់សិបនាក់ទៀត។ វា​គឺជាគ្រោះធម្មជាតិទឹកជំនន់ ដ៏កាចសាហាវបំផុត សម្រាប់ប្រទេសក្នុងតំបន់ភាគខាងលិចអឺរ៉ុប គិតត្រឹមរវាង​២០ឆ្នាំចុងក្រោយនេះ។

ផ្សាយពាណិជ្ជកម្ម

ក្នុងយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍ ទឹកភ្លៀងធ្លាក់ជោគជាំ បានធ្វើឲ្យ​ជន់លិចតាមស្ទឹងតាមទន្លេ និងហូរបោក​បំបាក់​ដើមឈើ និងផ្ទះសម្បែងជាច្រើនខ្នង នៅភាគខាងលិចអឺរ៉ុប មានបារាំង អាល្លឺម៉ង់ លុចហ្សំបួរ ប៊ែលហ្ស៊ិក និងហូឡង់។

នៅប៊ែលហ្ស៊ិក មានស្លាប់យ៉ាងហោច ៦នាក់។ នៅក្រុងលីយ៉ែហ្ស ដែលជាទីក្រុងធំទី២របស់ប៊ែលហ្ស៊ិក អាជ្ញាធរ​បានជូន​ដំណឹង ឲ្យ​ប្រជាជនដែលរស់នៅទាំងសងខាង នៃដងទន្លេ មើហ្ស (Meuse) ត្រូវភៀសខ្លួនទៅរក​កន្លែងមានសុវត្ថិភាព។ អាជ្ញាធរហូឡង់ និងលុចហ្សំបួរ ក៏បាន​បញ្ជាក់ អំពីការខូចខាតយ៉ាងដំណំដែរ ដោយសារ​ជំនន់ទឹកភ្លៀង។

ដោយឡែក តំបន់ដែនដី​២ ស្ថិតនៅភាគខាងលិចអាល្លឺម៉ង់ បានរងគ្រោះធ្ងន់ធ្ងរបំផុត គឺតំបន់ Rhénanie-du-Nord-Westphalie និងតំបន់ Rhénanie-Palatinat។ យោងតា​មការបូកសរុប របស់សមត្ថកិច្ចអាល្លឺម៉ង់ នៅរសៀលថ្ងៃព្រហស្បតិ៍ទី​១៥កក្កដា មានមនុស្ស​ស្លាប់ ប្រមាណ​ជាង​៤០នាក់។ ចំនួនមនុស្ស​ស្លាប់អាចមានច្រើនជាងនេះ ដោយសារតែនៅមានអ្នកបាត់ខ្លួន ប្រមាណ​ជា​៥០ ទៅ ៦០នាក់ទៀត។ ជាមួយ​នឹង​ទឹកហូរគួចត្របាញ់ កាត់តាមភូមិ និងទីប្រជុំជន ក្រៅពី​បណ្តាញដឹកជញ្ជូនផ្លូវថ្នល់ និង​​ផ្លូវដែកត្រូវកាត់ផ្តាច់ ផ្ទះសម្បែងចំនួនប្រមាណ​១៣៥០០០ខ្នង នៅភាគខាងលិចអាល្លឺម៉ង់ ពុំមានចរន្តអគ្គិសនីប្រើទេ។ អាជ្ញាធរអាល្លឺម៉ង់ បានបញ្ចេញកម្លាំងទាហានចំនួន​៣០០នាក់ ដើម្បី​ជួយសង្គ្រោះ​ប្រជាជន​។

ជំនន់ទឹកភ្លៀងនៅ​ភាគខាងលិចប្រទេសអាល្លឺម៉ង់ ស្លាប់មនុស្សជាង​៤០នាក់ និងបាត់ខ្លួន​ប្រមាណ​៦០នាក់

លោកស្រីអង់ហ្កេឡា មែរកិល ដែលកំពុងតែទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន បានថ្លែងថាលោកស្រីមាន​ការតក់ស្លុតជាខ្លាំង នៅពេលបានដឹងដំណឹង ព្រមទាំងបានឃើញរូបភាពទាំងឡាយ ស្តីពី​​គ្រោះមហន្តរាយ​​ជំនន់ទឹកភ្លៀង​ដ៏កម្រនេះ។

លោក Horst Seehofer រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​អាល្លឺម៉ង់ បាន​លើកឡើងថា គ្រោះមហន្តរាយជំនន់ទឹកភ្លៀង ដ៏ធ្ងន់ធ្ងរ និងលឿនរហ័សបំផុតនេះ វា​បានស្តែងឲ្យ​ឃើញ​អំពី​ ផលវិបាក​នៃបម្រែបម្រួលអាកាសធាតុ។ លោក Armin Laschet ដែលតាមការរំពឹងទុក គឺអាចជាអ្នកឡើងមកបន្តតំណែង បន្ទាប់​ពី​លោកស្រីមែរកិលនោះ បាន​លើកឡើងថា វាគឺជារឿងចាំបាច់បំផុត ដែលត្រូវតែពន្លឿន​វិធានការ​ ប្រយុទ្ធប្រឆាំងនឹង​ការកើនឡើងកំដៅផែនដី មិនថាក្នុងក្របខណ្ឌជាតិ អឺរ៉ុប ឬពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI