បារាំង-កូវីដ១៩

បារាំងដាក់វិធានការថ្មីដើម្បីការពារនៅព្រំដែនទប់នឹងការឆ្លងរាលដាលកូវីដ១៩ ពីខាងក្រៅ

បារាំងដាក់វិធានការថ្មីដើម្បីការពារព្រំដែនទប់នឹងការឆ្លងរាលដាលកូវីដ១៩ ពីខាងក្រៅ
បារាំងដាក់វិធានការថ្មីដើម្បីការពារព្រំដែនទប់នឹងការឆ្លងរាលដាលកូវីដ១៩ ពីខាងក្រៅ AFP - TOLGA AKMEN

នៅ​ក្នុង​ប្រទេស​បារាំង រដ្ឋាភិបាល​បាន​ចាត់​វិធានការ​ថ្មី​នៅ​តាម​ព្រំដែន​ដើម្បី​ប្រឈម​ទប់​នឹង​ការ​ឆ្លង​រាលដាល​កូវីដ១៩ ពី​ខាង​ក្រៅ ពិសេស​កូវីដ១៩ បំប្លែងខ្លួន « ដែលតា » ដែល​មាន​លក្ខណៈ​ឆ្លង​លឿន។ វិធានការ​ថ្មី​ដែល​ក្រឹត្យ​ទើប​បាន​ចុះ​ផ្សព្វផ្សាយ​ក្នុង​ថ្ងៃ​សៅរ៍ ទី១៧ កក្កដា​នឹង​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​អាទិត្យ ទី១៨ កក្កដា​នេះ។ តើ​វិធានការ​ថ្មី​នេះ​មាន​ចែង​ពី​អ្វី​ខ្លះ?។

ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ពេល​នេះ​ត ទៅ វ៉ាក់សាំង Covishield ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រដ្ឋអំណាច​សុខាភិបាល​បារាំង នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​នាយករដ្ឋមន្រ្តី​បារាំង​លោក​ហ្សង់ កាស្តិច។ តែ​វ៉ាក់សាំង Covishield នេះ​នៅ​ទាន់​បាន​ទទួល​ស្គាល់​នៅ​ក្នុង​ក្របខណ្ឌ​អឺរ៉ុប​នៅ​ឡើយ​ទេ។ ដូច្នេះ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង Covishield ចំនួន ២ដូស​រួច​ហើយ​អាច​ចូល​ក្នុង​ប្រទេស​បារាំង និង​មាន​សិទ្ធិ​ប្រើ​លិខិតបញ្ជាក់​ចាក់​វ៉ាក់សាំង​សម្រាប់​ចូល​ទីកន្លែង​មួយ​ចំនួន​ដែល​តម្រូវ​ឲ្យ​មាន​លិខិតបញ្ជាក់​ចាក់​វ៉ាក់សាំង។ គួរ​បញ្ជាក់​ថា Covishield ជា​វ៉ាក់សាំង​ផលិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ដោយ​មន្ទីរពិសោធន៍ AstraZeneca និង​ត្រូវ​បាន​ប្រើ​ច្រើន​នៅ​អាហ្រ្វិក និង​នៅ​អាមេរិកឡាទីន។

ដោយឡែក វ៉ាក់សាំង​ចិន Sinopharm និង Sinovac ដែល​អង្គការ​សុខភាពពិភពលោក​បាន​ទទួល​ស្គាល់​មិន​ត្រូវ​បាន​រដ្ឋអំណាច​សុខាភិបាល​បារាំង​ទទួល​ស្គាល់​ទេ។ ទន្ទឹម​គ្នា​នេះ វ៉ាក់សាំង​រុស្ស៊ី Spoutnik V ក៏​បារាំង​មិន​ទទួល​ស្គាល់​ដែរ។ សូម​រម្លឹក​ថា​កន្លង​មក រដ្ឋអំណាច​បារាំង​បាន​ទទួល​ស្គាល់​តែ​វ៉ាក់សាំង​ដែល​ទទួល​ស្គាល់​ដោយ​អឺរ៉ុប​ទេ ក្នុង​នោះ​មាន Pfizer Moderna AstraZeneca ឬ Johnson & Johnson។ ក្រៅ​ពី​បញ្ជាក់​ពី​រឿង​វ៉ាក់សាំង វិធានការ​របស់​បារាំង​ក៏​បាន​ដាក់​ប្រទេស​អឺរ៉ុប​មួយ​ចំនួន មាន​អង់គ្លេស អេស្ប៉ាញ ព័រទុយហ្កាល់ ស៊ីប ហូឡង់ និង​ប្រទេស​ក្រិក​ទៅ​ក្នុង​បញ្ជី​ក្រហម។ អ្នក​ដំណើរ​មក​ពី​ប្រទេស​អឺរ៉ុប​ទាំង​នេះ​ចូល​បារាំង​ត្រូវ​មាន​លិខិត​បញ្ជាក់​តេស្តិ៍​អវិជ្ជមាន​កូវីដ១៩ រយៈពេល​តិច​ជាង ២៤ម៉ោង។

ដោយឡែក សម្រាប់​អ្នក​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង និង​ចង់​ចូល​ប្រទេស​បារាំង​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ប៉ារីស​រឹតបន្តឹង​វិធានការ​កាន់​តែ​ខ្លាំង។ បញ្ជី​ឈ្មោះ​ប្រទេស​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​វិធានការ​រឹតបន្តឹង​នេះ​ត្រូវ​បាន​បារាំង​បូក​បន្ថែម​ប្រទេស​ទុយនីស៊ី ម៉ូសំប៊ិក គុយបា និង​ឥណ្ឌូណេស៊ី។ អ្នក​ដំណើរ​មក​ពី​ប្រទេស​ទាំង​នេះ​ចូល​ប្រទេស​បារាំង​ត្រូវ​មាន​មូលហេតុ​ច្បាស់លាស់ ត្រូវ​មាន​លិខិត​តេស្តិ៍​កូវីដ​ពេល​ចេញ​ដំណើរ និង​ត្រូវ​ធ្វើ​តេស្តិ៍​ម្តង​ទៀត​នៅ​ពេល​មក​ដល់​ទឹកដី​បារាំង ហើយ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ក្រោម​ការ​ឃ្លាំមើល​រយៈពេល ១០ថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI