WHO-កូវីដ១៩

WHO បានស្នើឲ្យបើកការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀតដើម្បីស្វែងរកប្រភពដើមរបស់កូវីដ១៩

WHO ទទួលគំនាបឲ្យបើកការស៊ើបអង្កេតបន្ថែមទៀតដើម្បីស្វែងរកប្រភពដើមរបស់កូវីដ១៩
WHO ទទួលគំនាបឲ្យបើកការស៊ើបអង្កេតបន្ថែមទៀតដើម្បីស្វែងរកប្រភពដើមរបស់កូវីដ១៩ via REUTERS - CHRISTOPHER BLACK/WHO

នៅ​ថ្ងៃ​សុក្រ ទី១៦ កក្កដា អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក WHO លោក​តេដ្រូស​បាន​ដាក់​សំណើ​ថ្មី​មួយ​ចំនួន​ដើម្បី​បន្ត​ស្រាវជ្រាវ​ស្វែង​រក​ប្រភព​ដើម​របស់​កូវីដ១៩។ សំណើ​ថ្មី​ទាំង​នេះ​ត្រូវ​បាន​លោក​តេដ្រូស​បង្ហាញ​ក្រុម​អ្នក​តំណាង​ប្រទេស​សមាជិក WHO នៅ​កិច្ចប្រជុំ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស៊្វីស។ គួរ​រម្លឹក​ថា ជាង ១ឆ្នាំ​ក្រោយ​ការ​ផ្ទុះ​កូវីដ១៩ នៅ​ក្នុង​ទីក្រុង​វូហាន ប្រទេស​ចិន​មក អត្តសញ្ញាណ និង​ប្រភពដើម​ពិត​របស់​កូវីដ១៩ កំពុង​បន្ត​ស្រពិចស្រពិល។ គិត​មក​ដល់​ពេល​នេះ កូវីដ១៩ បាន​សម្លាប់​មនុស្ស​ជាង ៤លាននាក់ និង​មាន​ករណី​វិជ្ជមាន​ជា​ច្រើន​លាននាក់​នៅ​ទូទាំងពិភពលោក។

ផ្សាយពាណិជ្ជកម្ម

វិល​ទៅ វិល​មក ការ​ស្វែង​រក​អត្តសញ្ញាណ និង​ប្រភពដើម​ពិត​របស់​កូវីដ១៩ កំពុង​បន្ត​ក្លាយ​ជា​បច្ចុប្បន្នភាព​យ៉ាង​ក្តៅ​គគុក។ កាល​ពី​ខែ​មករា​ដើម​ឆ្នាំ ២០២១ WHO ធ្លាប់​បាន​បញ្ជូន​ក្រុម​អ្នក​ជំនាញ​របស់​ខ្លួន​ទៅ​កាន់​ទីក្រុង​វូហាន ប្រទេស​ចិន​ដើម្បី​ស្រាវជ្រាវ និង​ស្វែង​យល់​ពី​ការ​ផ្ទុះ​កូវីដ១៩។ តែ​បេសកកម្ម​កាល​ណោះ​នៅ​មិន​ទាន់​អាច​អនុញ្ញាត​ឲ្យ​បំភ្លឺ​ជុំវិញ​រឿង​កូវីដ១៩ នេះ​បាន​នៅ​ឡើយ​ទេ។ តាំង​ពី​ពេល​នោះ​មក WHO បាន​ទទួល​គំនាប​កាន់​តែ​ខ្លាំង​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ថ្មី​ទៀត​ឲ្យ​បាន​ស៊ីជម្រៅ​ជាង​មុន។ បើ​យោង​តាម​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក WHO លោក​តេដ្រូស ការ​ស៊ើបអង្កេត​ថ្មី​នេះ​នឹង​ត្រូវ​បន្ត​ធ្វើ​នៅ​ក្នុង​ទីក្រុង​វូហាន ប្រទេស​ចិន និង​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​ការ​សិក្សា រួម​ទាំង​ការ​វិភាគ​នៅ​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាង​មុន។

យោង​តាម​ព័ត៌មាន​ដែល AFP ទទួល​បាន សម្មតិកម្ម​នៃ​ការ​ធ្លាយ​វីរុស​កូវីដ១៩ ចេញ​ពី​មន្ទីរពិសោធន៍​ចិន​ក្នុង​ក្រុង​វូហាន​ជា​សម្មតិកម្ម​អាទិភាព​ដែល WHO ចង់​ធ្វើ​ការ​សិក្សា វិភាគ​ឲ្យ​បាន​ស៊ីជម្រៅ។ ក្រៅ​ពី​មនី្ទរពិសោធន៍ WHO ក៏​ចង់​ផ្តោត​លើ​អាគារ​ស្រាវជ្រាវ​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្បែរ​មន្ទីរពិសោធន៍​ក្នុង​ក្រុង​វូហាន​ដែរ។ នៅ​ក្នុង​កិច្ចការ​នេះ WHO ចង់​រៀបចំ​ឲ្យ​មាន​នីតិវិធី​វិទ្យាសាស្រ្ត​មួយ​ដើម្បី​ធ្វើ​ការ​សិក្សា វិភាគ និង​វាយតម្លៃ​លើ​សុវត្ថិភាព​បុគ្គលិក សុវត្ថិភាព​សម្ភារៈ​ពេទ្យ សុវត្ថិភាព​សម្ភារៈកុំព្យូទ័រ ប្រភេទ​វីរុស​ដែល​វិភាគ ឬ​មួយ​ក៏​របៀប​គ្រប់គ្រង​កាកសំណល់​នៅ​ក្នុង​មន្ទីរពិសោធន៍ និង​នៅ​តាម​អាគារ​ស្រាវជ្រាវ​ផ្សេង​ទៀត។

បន្ទាប់​មក WHO ចង់​បន្ត​ធ្វើ​ការ​សិក្សា វិភាគ និង​វាយតម្លៃ​ទៅ​កាន់​ទីកន្លែង​ផ្សេង​ទៀត ពិសេស​នៅ​ទីផ្សារ​លក់​សត្វ​មាន​ជីវិត​ក្នុង​ក្រុង​វូហាន និង​ផ្សារ​ផ្សេង​ទៀត​ដែល​ស្ថិត​ក្បែរ​នោះ។ តែ​ដើម្បី​អាច​ឲ្យ​ការ​ស៊ើបអង្កេត​ថ្មី​នេះ​មាន​ដំណើរការ​រលូន លោក​តេដ្រូស​បាន​អំពាវនាវ​ឲ្យ​ចិន​រួម​សហការ​ប្រកប​ដោយ​តម្លាភាព។ ចិន​នៅ​មិន​ទាន់​ឆ្លើយ​តប​យ៉ាង​ណា​ទេ តែ​ក្នុង​ថ្ងៃ​សុក្រ ទី១៦ កក្កដា ចិន​តាម​រយៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​លោក​ហ្សាវ លីជាំង​បាន​ទាត់ចោល​លើ​ការ​រិះគន់​របស់​លោក​តេដ្រូស​ដែល​និយាយ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ កក្កដា​ថា ចិន​ត្រូវ​តែ​រួម​សហការណ៍​ឲ្យ​បាន​គ្រាន់​បើ​ជាង​នេះ​ដើម្បី​យល់​ពី​អ្វី​ដែល​បាន​កើត​ឡើង។ លោក​តេដ្រូស​បាន​លើក​ឡើង​ពី​កង្វះ​នៃ​ការ​ចែកចាយ​ទិន្នន័យដើម​របស់​វីរុស​ពី​សំណាក់​រដ្ឋអំណាច​ក្រុង​ប៉េកាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI