Opep+-ប្រេងកាត

Opep+ បានព្រមព្រៀងបង្កើនផលិតកម្មប្រេងចាប់ពីខែសីហារហូតដល់ខែធ្នូ ឆ្នាំ ២០២១

Opep+ បានព្រមព្រៀងបង្កើនផលិតកម្មប្រេងចាប់ពីខែសីហារហូតដល់ខែធ្នូ ឆ្នាំ ២០២១
Opep+ បានព្រមព្រៀងបង្កើនផលិតកម្មប្រេងចាប់ពីខែសីហារហូតដល់ខែធ្នូ ឆ្នាំ ២០២១ SPA/AFP

នៅ​ថ្ងៃ​អាទិត្យ ទី១៨ កក្កដា អង្គការ Opep+ ដែល​មាន​សមាជិក ២៣ប្រទេស ក្នុង​នោះ​មាន​ក្រុម​ប្រទេស​នាំ​ប្រេងចេញ​ហៅ​កាត់ Opep និង​ក្រុម​ប្រទេស​ដៃគូ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​បង្កើន​ផលិតកម្ម​ប្រេង​ចាប់​ពី​ខែ​សីហា​រហូត​ដល់​ខែ​ធ្នូ ឆ្នាំ ២០២១។ ទន្ទឹម​គ្នា​នេះ Opep+ ក៏​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​កំណត់​កូតា​ផលិតកម្ម​ថ្មី​ចាប់​ពី​ខែ​ឧសភា​ឆ្នាំ ២០២២។ កម្មវត្ថុ​នៃ​ការ​ដំឡើង​ផលិតកម្ម​ប្រេង​នេះ គឺ​ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​តម្រូវ​ការ​ប្រេង​ក្នុង​លោក​ដែល​សេដ្ឋកិច្ច​កំពុង​មាន​សន្ទុះ​ឡើង​វិញ។

ផ្សាយពាណិជ្ជកម្ម

បើ​យោង​តាម​សេចក្តីប្រកាសព័ត៌មាន អង្គការ Opep+ បាន​អនុម័ត​លើ​កិច្ចព្រមព្រៀង​សំខាន់​ចំនួន​ពីរ។ កិច្ចព្រមព្រៀង​ទី១ ស្តីពី​ការ​បង្កើន​ផលិតកម្ម​ប្រេង​ចំនួន ២លានធុងបារីល​ក្នុង​មួយ​ថ្ងៃ​សម្រាប់​រយៈពេល ៤ខែ​ចាប់​ពី​ខែ​សីហា​ដល់​ខែ​ធ្នូ ឆ្នាំ ២០២១។ នៅ​ក្នុង​បរិមាណ​សរុប ២លានធុងបារីល​ក្នុង​មួយ​ថ្ងៃ​នេះ ប្រទេស​សមាជិក​នីមួយៗ​ត្រូវ​បូម​បន្ថែម​ចំនួន ៤០០ ០០០ធុងបារីល​ក្នុង​មួយ​ថ្ងៃ។ ចំណែក​កិច្ចព្រមព្រៀង​ទី២ បាន​ផ្តោត​លើ​ការ​កំណត់​កូតា​ផលិតកម្ម​ថ្មី​ចាប់​ពី​ខែ​ឧសភា ឆ្នាំ ២០២២។ នៅ​ក្នុង​កូតា​ថ្មី​នេះ Opep+ បាន​យល់ព្រម​ឲ្យ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម អ៊ីរ៉ាក់ កូវ៉ែត អារ៉ាប៊ីសាអូឌីត និង​ប្រទេស​រុស្ស៊ី​អាច​បង្កើន​ផលិតកម្ម​ប្រេង​របស់​ខ្លួន។ ជាក់ស្តែង កូតា​ផលិតកម្ម​ប្រេង​របស់​អេមីរ៉ាតអារ៉ាប់រួម​នឹង​ឡើង​ដល់ ៣លាន ៥សែន​ធុង​បារីល​ក្នុង​មួយ​ថ្ងៃ​នៅ​ខែ​ឧសភា ឆ្នាំ ២០២២។

តើ​ការ​កំណត់​កូតា​ផលិតកម្ម​ថ្មី​ត្រូវ​បាន​គិតគូរ​ដោយ​ផ្អែក​លើ​កត្តា​អ្វី​ខ្លះ?។ រដ្ឋមន្រ្តី​ក្រសួង​ថាមពល​អារ៉ាប៊ីសាអូឌីត​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​នេះ​ទេ និង​គ្រាន់​បញ្ជាក់​ថា នេះ​ជា​លទ្ធផល​បាន​មក​ពី​ការ​ស្វែង​រក​កុងសង់ស៊ុស​រួម។ « កិច្ច​ប្រជុំ​ថ្ងៃ​នេះ​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​នូវ​ឆន្ទៈ​របស់​យើង​ក្នុង​ន័យ​ស្ថាបនា និង​ស្វែង​រក​កុងសង់ស៊ុស » នេះ​ជា​ប្រតិកម្ម​របស់​ឧបនាយករដ្ឋមន្រ្តី​រុស្ស៊ី​នៅ​លើ​កាណាល់​ទូរទស្សន៍ Rossia 24។ កម្មវត្ថុ​របស់ Opep+ គឺ​ចង់​ឲ្យ​កម្រិត​ផលិកម្ម​ប្រេង​មាន​កម្រិត​ដូច​នៅ​មុន​ពេល​ផ្ទុះ​វិបត្តិ​កូវីដ១៩។ គួរ​រម្លឹក​ថា ក្នុង​ខែ​មេសា ឆ្នាំ ២០២០ ដែល​ពិភពលោក​កំពុង​ញាំញី​ដោយ​កូវីដ១៩ Opep+ បាន​សម្រេច​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​ចំនួន ១០លាន​ធុងបារីល​ក្នុង​មួយ​ថ្ងៃ និង​បាន​សន្យា​ដំឡើង​វិញ​បន្តិច​ម្តងៗ​ដោយ​ផ្អែក​លើ​ស្ថានភាព​សេដ្ឋកិច្ច និង​ការ​វិវឌ្ឍន៍​ទៅ​នៃ​កូវីដ១៩។

បច្ចុប្បន្ន​នេះ បរិមាណ​ប្រេង​ដែល Opep+ បាន​បូម​ក្នុង​មួយ​ថ្ងៃ​មាន​តិច​ជាង​មុន​ពេល​ផ្ទុះ​កូវីដ១៩​ដល់​ទៅ ៥លាន ៨សែនធុងបារីល។ Opep+ បាន​មើល​ឃើញ​ថា កំណើន​តម្រូវ​ការ​ប្រេង​ក្នុង​លោក​នៅ​មាន​ភាព​ផុយស្រួយ​ខ្លាំង​ដោយសារ​តែ​សន្ទុះ​កំណើន​ករណី​ឆ្លង​ដោយ​មេរោគ​បំប្លែងខ្លួន « ដែលតា »។ តែ Opep+ បាន​សន្យា​ជួប​ប្រជុំ​គ្នា​ជា​ថ្មី​នៅ​ថ្ងៃទី១ កញ្ញា​ខាង​មុខ​ដើម្បី​វាយតម្លៃ​ពី​តម្រូវការ​ប្រេង​ជាក់ស្តែង​នៅ​ក្នុង​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI