Titan​ខ្សែភាពយន្តបារាំង​បែបរន្ធត់ហិង្សា ទទួលរង្វាន់តាល់ប័ត្រមាស ក្នុង​មហោស្រពកានទី​៧៤

នៅក្នងុ​ពិធីបិទមហោស្រពភាពយន្តអន្តរជាតិ​កាន ថ្ងៃទី ១៧ កក្កដា អ្នកដឹកនាំបារាំង លោកស្រីJulia Ducournau បានទទួលរង្វាន់​តាល់ប័ត្រមាស​សម្រាប់​ខ្សែភាពយន្ត​រឿង  "Titane"។ លោកស្រី​ឈរជិត​តារាភាពយន្តអាមេរិកាំង Sharon Stone (ឆ្វេង)
នៅក្នងុ​ពិធីបិទមហោស្រពភាពយន្តអន្តរជាតិ​កាន ថ្ងៃទី ១៧ កក្កដា អ្នកដឹកនាំបារាំង លោកស្រីJulia Ducournau បានទទួលរង្វាន់​តាល់ប័ត្រមាស​សម្រាប់​ខ្សែភាពយន្ត​រឿង "Titane"។ លោកស្រី​ឈរជិត​តារាភាពយន្តអាមេរិកាំង Sharon Stone (ឆ្វេង) REUTERS - JOHANNA GERON

មហោស្រពអន្តរជាតិ​កាន លើកទី​៧៤ បាន​បង្កើត​ភាពភ្ញាក់ផ្អើល ដោយបាន​ប្រគល់​រង្វាន់​ធំ​របស់​មហោស្រព ទៅឲ្យ​អ្នកដឹកនាំរឿងកុន​បែបហិង្សា រន្ធត់​ញាប់ញ័រ។ នៅក្នុង​ពិធី​បិទ​មហោស្រពភាពយន្ត កាលពី​យប់​ថ្ងៃ​សៅរ៍ទី ១៧ កក្កដា ២០២១។ គណៈមេប្រយោគ​របស់​មហោស្រពកាន ​ដែលមាន​អ្នកដឹកនាំរឿង​អាមេរិកាំង លោក​Spike Lee ជាប្រធាន បាន​សម្រេច​ប្រគល់​រង្វាន់​តាល់ប័ត្រ មាស ទៅ​ឲ្យ​រឿង Titan ដឹកនាំ​ដោយ​លោកស្រីសមិទ្ធិករបារាំង Julia Ducournau (ហ្សុយលីយ៉ា ឌុយគួរណូ)។ ចំណែក​អ្នកដឹកនាំរឿង​ថៃ លោក​អភិឆាត់ភង់ វរសេដ្ឋាគល់​បាន​ទទួល​រង្វាន់​គណៈមេប្រយោគ សម្រាប់​ខ្សែភាពយន្ត​របស់​លោក​រឿង Memoria។ រឿងHero របស់​អ្នកដឹកនាំរឿង​អ៊ីរ៉ង់វិញ ​បាន​ទទួលរង្វាន់ Grand Prix របស់​មហោស្រព។

ផ្សាយពាណិជ្ជកម្ម

ក្នុង​វ័យ ៣៧ឆ្នាំ លោកស្រី Julia Ducournau ជាអ្នកដឹកនាំរឿង​ក្មេងជាងគេ​បង្អស់ ក្នុង​ចំណោម​អ្នកដឹកនាំរឿង ដែលនាំយក​ខ្សែភាពយន្ត​មកប្រកួតសម្រាប់​ដណ្តើមរង្វាន់​តាល់ប័ត្រមាស។ លោកស្រី​ជា​អ្នកដឹកនាំរឿង ស្រីទី ២ បន្ទាប់ពី​អ្នកដឹកនាំ​អាមេរិកាំង Jane Campion ស្រ្តីដំបូងគេ​ដែលបានទទួលរង្វាន់ តាល់ប័ត្រមាស​ពីមហោស្រពកាន​នៅ​ឆ្នាំ ១៩៩៣ សម្រាប់​រឿង The Piano។

ដោយប្រគល់​តាល់ប័ត្រ​មាស​ទៅ​ឲ្យ​ស្នាដៃកុន ​ប្រភេទ ព្រឺព្រួច ហិង្សា ញាប់ញ័រ​រន្ធត់ គណៈមេប្រយោគ​របស់មហោស្រពកាន បាន​ប្តូរផ្តត់គំនិត​ចាស់របស់​មហោស្រព​ដែលមាន​ទម្លាប់​ផ្តល់រង្វាន់ធំ​សម្រាប់​ខ្សែភាពយន្ត​បែបមនោសញ្ជេតនា រឿង​សង្គម​បែបធម្មតា ដែលមិន​ព្រឺព្រួច ហិង្សា ចាក់សម្លាប់គ្នា​ឆៅៗ ដូចជារឿង Titan នោះទេ។ ​រឿងTitan ​មាន​គ្រប់រសជាតិ ទាំងអស់នេះ។

អ្នកដឹកនាំរឿង បារាំង លោកស្រី Julia Ducournau ក្នុង​សំឡេងអួលដើមក ដោយសារ​ក្តីរំភើបខ្លាំង​បាន​ថ្លែងអំណរគុណ គណៈមេប្រយោគ ជា​ពិសេស លោកប្រធាន Spike Lee សម្រាប់​ការបើកទ្វារ​ឲ្យ​សត្វចម្លែក ចូល ក្នុង​ពិភពមហោស្រពភាពយន្ត​កាន។

នៅពេល​សមិទ្ធិករ និង​តារាភាពយន្ត ដែលបាន​ទទួល​រង្វាន់ របស់​មហោស្រព រំភើប អរ ថ្លែងអំណរគុណ​មិនឈប់ ដល់​គណៈមេប្រយោគ និង​ក្រុមការងារ​ថតកុន​របស់ខ្លួន អ្នកដឹកនាំ​រឿង ជាតិ​ថៃ លោក​អភិឆាតភង់ វីរៈសេដ្ឋាគល់ បាន​ឆ្លៀត រំលឹក​អ្នកមានវត្តមាន​នៅក្នុង​មហោស្រពភាពយន្ត​កាន ពី​ស្ថានភាពកូវីដ នៅ​ប្រទេស​កូឡុំប៊ូ ជាទី​ដែល​លោក​បាន​ថត​រឿង Memoria និង​នៅប្រទេស​ថៃ ប្រទេស​កំណើតរបស់​លោក។ សម្រាប់អ្នកដឹកនាំរឿង ស្ថានភាព​កូវីដ​នៅ​ប្រទេស​ទាំងពីរ កំពុង​ធ្លាក់​ដាបខ្លាំងណាស់។ សមិទ្ធិករថៃ ដែលបាន​ទទួល​រង្វាន់ គណៈមេប្រយោគ សម្រាប់​រឿង Memoria បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​របស់​ប្រទេស​ទាំងអស់ ដែលមាន​ស្ថានភាព​ដូច​ប្រទេស​ថៃ និង​កូឡុំប៊ី  ភា្ញក់ដឹងខ្លួនឡើង និង​ធ្វើការដើម្បី​ប្រជាជនរបស់ខ្លួន នៅពេលនេះ។ សុន្ទរកថា ដ៏រំជួលចិត្ត​របស់​សមិទ្ធិករ​ថៃ​ត្រូវ​បានអ្នកចូលរួម​ទះដៃគាំទ្រ ពេញរោងភាពយន្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI