ស្វ៊ីស-អាកាសធាតុ

អាកាសធាតុ​ប្រែប្រួល បង្កើត​បឹងបាន​ជាង​១ពាន់​នៅ​ស្វីស ក្នុងពេល​តែ​២​សតវត្សរ៍

បឹងមួយ នៅ​តំបន់​Tessin ភាគ​ខា​ងត្បូង​តំបន់​ជួរ​ភ្នំAlpes
បឹងមួយ នៅ​តំបន់​Tessin ភាគ​ខា​ងត្បូង​តំបន់​ជួរ​ភ្នំAlpes Roland Zumbühl/wikimedia.org

ក្នុង​រយៈ​ពេល​មិន​ដល់​ពី​សតវត្សរ៍​ផង ដោយ​ហេតុ​តែ​ការ​ប្រែប្រួល​អាកាសធាតុ មាន​​បឹង​ចំនួនជាង​មួយ ១ពាន់​កើត​ថ្មី នៅក្នុង​ប្រទេស​ស្វីស​ ត្រង់​តំបន់​ជួរ​ភ្នំ​ អាល់ភ៍ Alpes។ ​ការ​ឡើង​កម្តៅ​នៃភពផែនដី បាន​ធ្វើ​ឱ្យដោយ​ផ្ទាំង​និង​ភ្នំទឹកកកត្រូវ​រលាយ​​ និង​បាន​ធ្វើឱ្យ​ទិដ្ឋភាព​និង​ទេសភាព​​តំបន់​ភ្នំ​អាល់បាន​ប្តូរ​ផ្លាស់​យ៉ាង​ខ្លាំង។

ផ្សាយពាណិជ្ជកម្ម

គិតចាប់តាំងពីឆ្នាំ១៨៥០មក មានបឹងចំនួនជិត១២០០ បានកើតថ្មី នៅតំបន់ជួរភ្នំអាល់ប៉ែកខាងស្វីស ដែលជាអតីតតំបន់ភ្នំទឹកកក។ ក្នុងចំណោមនោះ មានបឹងយ៉ាងហោច១ពាន់ មាននៅរហូតដល់សព្វថ្ងៃ។នេះបើតាមការសិក្សាចុះបញ្ជីបឹងរបស់វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទឹកនៃសកលវិទ្យាល័យZurich និងការិយាល័យបរិស្ថានសហព័ន្ធ។

 

បឹង​ដែល​កើត​ថ្មី​ជា​លទ្ធផល​នៃ​ផ្ទាំងទឹកកកដែលនៅ​ពេល​ហួត​​រលាយ​អស់​ទៅ ក្លាយ​ជា​ទឹក​ដក់​​លើ​​ដី​ផតក្រហូង ដែល​មាន​​ទំនប់​ធម្មជាតិ។ ​តូចរាប់​​ជាថ្លុក ធំ​ក្លាយ​ជា​បឹង។

ប៉ុន្តែ​ក្រុមអ្នកស្រាវជ្រាវ មានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះ​​ល្បឿន​និង​កំណើននៃចំនួនបឹងដ៏ច្រើន ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ មុនការសិក្សា ពួកគេគិតថា ការឡើងកម្តៅអាកាសធាតុ ដែលធ្វើទឹកកករលាយលឿនអាចបង្កើតបឹងថ្មីប៉ុន្មាន​រយប៉ុណ្ណោះ។ តែដោយពិតទៅ គ្រាន់​តែ​មួយទសវត្សរ៍ចុងក្រោយនេះ គេរាប់ឃើញមានបឹងកើតថ្មីដល់ទៅ១៨០បឹងទៅហើយ។

នៅ​រវាង​ពី ២០០៦ ទៅ២០១៦ មានលេចបឹងច្រើនខ្លាំង​គួរកត់សម្គាល់មែនទែន ក្នុងកំរិត១៨បឹងជាមធ្យម ក្នុងមួយឆ្នាំៗ។ តំបន់មានទឹករីកធំជាង៤០០ម៉ែត្រការ៉េក្នុងមួយឆ្នាំៗ។ ចំណែក​ទំហំបឹងកើតថ្មី ក៏មានផ្ទៃក្រឡាធំ។ បឹងថ្មីធំជាងគេកើតនៅឆ្នាំ២០១៦ មានទំហំ៤០ហិចតារ តែភាគច្រើនជាកូនបឹងតូចក្រោមមួយហិចតារ។ នេះ​បើតាមបញ្ជាក់​បន្ថែម​របស់​ក្រុម​អ្នកស្រាវជ្រាវដដែល ដោយ​រំលឹក​ថា​ នេះជាភស្តុតាងថ្មី និងជាក់ច្បាស់មើល​ឃើញ​នឹង​ភ្នែក​តែ​ម្តង​អំពីការប្រែប្រួលអាកាសធាតុនៅតំបន់ជួរភ្នំអាល់។ ហើយការចុះបញ្ជីរាប់ចំនួន​បឹងជាចំណុចចាប់ផ្តើម នៃការសង្កេត​និង​​វិភាគ​អំពីឥទ្ធិពល​នៃ​ការ​ប្រួល​អាកាសធាតុចំពោះ​ភ្នំទឹកកក។

ដូច​ផ្នែក​ផ្សេង​នៃ​ជួរ​ភ្នំអាល់ភ៍​ដែរ ភ្នំទឹកកក​នៅ​ខាង​ស្វីស​ចាប់​រលាយ​។ កាលពី​ឆ្នាំ​ទៅ​ តែមួយ​ឆ្នាំ​គត់ ភ្នំទឹកកក​បាន​រលាយ​មក​នៅតូច​ជាង​មុនអស់​២%។ អនាគត​ទៅ ទោះ​បី​ពិភពលោក​ទាំង​មូល​គោរព​បាន​ទាំង​ស្រុង​តាម​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស ទប់​កម្តៅ​ផែន​ដី មិន​ឱ្យ​ឡើង​លើស២អង្សារ​បាន​ក៏​ដោយ ក៏​ផ្ទាំង​ទឹក​កក​នៅលើ​ជួរ​ភ្នំ​Alpes នឹង​ត្រូវ​កម្តៅស្រូប​ឱ្យ​រលាយ​បាត់​អស់​២ភាគ​បីនៃ​ទំហំ​បច្ចុប្បន្ន។​

ក្រៅ​អំពីបំភ្លឺ​អំពី​ការ​ប្រែប្រួល​​អាកាសធាតុ ការ​ធ្វើ​បញ្ជីរាប់​ចំនួន​បឹងថ្មី​នេះ​ក៏​មាន​ប្រយោជន៍​សម្រាប់​ផ្នែក​សន្តិសុខ​ស៊ីវិល សម្រាប់​ធ្វើ​ជា​ទី​តាំងទេសចរណ៍​​ថ្មីដ៏ទាក់ទាញផង ព្រមទាំង​ពង្រីក​ទំនប់​សប្បនិម្មិត​​ដើម្បី​សង់​​មជ្ឈមណ្ឌល​វារី​អគ្គីសនី​ផង។ ​

ការ​សិក្សា​​អាច​សម្រេច​បាន ដោយ​មាន​ផែនទី​Dufour នៅ​ឆ្នាំ​១៨៤០-១៨៧០ ជា​សំអាង​ផង និង​រូបភាព​ថត​ពី​លើ​អាកាសកាលពី​ឆ្នាំ​១៩៤៦ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI