បារាំង-កូវីដ១៩

បារាំង៖រដ្ឋមន្រ្តីក្រសួងសុខាភិបាលបញ្ជាក់ពីរលកឆ្លងកូវីដ១៩ លើកទី៤

Covid : Olivier Véran evoca um pico da epidemia "em cerca de 7 a 10 dias.
Covid : Olivier Véran evoca um pico da epidemia "em cerca de 7 a 10 dias. REUTERS - POOL

នៅ​ក្នុង​ប្រទេស​បារាំង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក​អូលីវីយេ វេរ៉ង់​បាន​ទាញសញ្ញា​អាសន្ន​នា​ថ្ងៃ​អង្គារ ទី២០ កក្កដា​ពី​រលកឆ្លង​កូវីដ១៩ លើក​ទី៤។ បើ​យោង​តាម​លោក​វេរ៉ង់ ចំនួន​ករណី​ឆ្លង​ថ្មី​ក្នុង​រយៈពេល ២៤ម៉ោង​ចុង​ក្រោយ​មាន​ដល់​ទៅ ១៨ ០០០ករណី ពោល​កើន​លើស​ឆ្ងាយ​ពី​មួយ​សប្តាហ៍​មុន​ដែល​មាន​មិន​ដល់ ៧ ០០០ករណី​ផង។ តាម​លោក​វេរ៉ង់ សន្ទុះ​កំណើន​ករណី​ឆ្លង​នេះ​បាន​កើត​ឡើង​ដោយ​មេរោគ​បំប្លែងខ្លួន « ដែលតា » ដែល​ឆ្លង​លឿន និង​ថា កម្រិត​ករណី​វិជ្ជមាន​ពេល​នេះ​ជា​កម្រិត​មួយ​ដែល​បារាំង​មិន​ធ្លាប់​មាន​គិត​តាំង​ពី​ពាក់​កណ្តាល​ខែ​ឧសភា។ តែ​លោក​វេរ៉ង់​មិន​ភ្លេច​បញ្ជាក់​ពី​ការ​មាន​អាវុធ​ការពារ​មួយ​ដែល​លោក​ចង់​ផ្តោត​លើ​ថ្នាំវ៉ាក់សាំង​បង្ការ។ យ៉ាង​ណា​ក៏​ដោយ​សម្រាប់​លោក​វេរ៉ង់ បារាំង​ពិត​ជា​កំពុង​ស្គាល់​រលកឆ្លង​កូវីដ១៩ លើក​ទី៤ នៅ​ពេល​នេះ។

ផ្សាយពាណិជ្ជកម្ម

« បាទ មាន​ជាង ១០ ០០០ករណី​កាល​ពី​ម្សិលម្ង៉ៃ ហើយ​នៅ​ពេល​នេះ យើង​មាន​ករណី​វិជ្ជមាន​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃៗ​ប្រមាណ​ជា ៧ ០០០ករណី។ អ្វី​ដែល​ខុស​គ្នា​បើ​ធៀប​នឹង​រលក​ឆ្លង​លើក​ទី១ លើក​ទី២ និង​លើកទី៣ មេរោគបំប្លែងខ្លួន « ដែលតា » ជា​មេរោគ​ដែល​ឆ្លង​លឿន និង​ឆ្លង​ខ្លាំង​ដូច​ដែល​គេ​បាន​ដឹង​ហើយ។ យើង​បាន​កត់សម្គាល់​ឃើញ​កំណើន​ករណី​ឆ្លង​លឿន និង​ឆ្លង​ខ្លាំង​នេះ​ជា​រៀងរាល់​ថ្ងៃ។

បើ​គេ​គិត​ក្នុង​មួយ​សប្តាហ៍ កំណើន​ករណី​ឆ្លង​ថ្មី​មាន​ពី ១០០% ទៅ ១៣០%។ ខ្ញុំ​ធ្លាប់​បាន​និយាយ​កាល​ពី ៣សប្តាហ៍​មុន​រួច​ហើយ​ថា រលកឆ្លង​លើកទី៤ អាច​មាន​នៅ​ក្នុង​ខែ​កក្កដា ពោល​ប្រហែល​មិនមែន​ត្រូវ​រង់ចាំ​ដល់​ខែ​កញ្ញា​ទេ ព្រោះ​ចូរ​កុំ​ភ្លេច មេរោគ « ដែលតា »ដែល​កំពុង​ធ្វើ​ចរាចរណ៍​នេះ​ឆ្លង​ខ្លាំង​ណាស់។ សព្វថ្ងៃ​នេះ អត្រា​អ្នក​ឆ្លង​មេរោគ «ដែលតា »បាន​ឆ្លង​ច្រើន​លើ​ក្រុម​មនុស្ស​វ័យ​ចន្លោះ ១៥ឆ្នាំ ៤០ឆ្នាំ និង ២០ឆ្នាំ ៣០ឆ្នាំ។

យើង​យល់​ហេតុអ្វី?។ គឺ​ដោយសារ​ក្រុម​មនុស្ស​ក្នុង​វ័យ​នេះ​មិន​សូវ​មាន​អ្នក​ចាក់​វ៉ាក់សាំង​ដូច​ក្រុម​មនុស្ស​វ័យចំណាស់។ ដំណឹង​ល្អ​ពេល​នេះ​សម្រាប់​ក្រុម​យុវជន​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង គឺ​ពួក​គេ​មិន​សូវ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​នៅ​ពេល​ឆ្លង​កូវីដ។ អ៊ីចឹង​ហើយ​បាន​ជា​មន្ទីរពេទ្យ​មិន​សូវ​ជោរជន់​ដោយ​អ្នក​ជំងឺ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ខ្ញុំ​នៅ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់។ យើង​បាន​សង្កេត​ឃើញ​ថា ការងារ​នៅ​សេវា​សង្រ្គោះបន្ទាន់ មន្ទីរពេទ្យ ឬ​សេវា​ជំនួយ​អុកស៊ីសែន​ដែល​ពេល​នេះ​មិន​សូវ​មមាញឹក​បាន​ចាប់​ផ្តើម​កើន​ឡើង »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI