សិទ្ធិសេរីភាព-បច្ចេកវិទ្យា

Pegasus៖ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ទាមទារ​ឲ្យ​មាន​​វិធាន​ច្បាប់រួម ដើម្បី​គ្រប់គ្រង​បច្ចេកវិទ្យា​​ស៊ើបការណ៍

សកម្មជនឥណ្ឌា ធ្វើបាតុកម្មបរិហារ រិះគន់រដ្ឋាភិបាល​លោក​ណារិន្ទ្រ ម៉ូឌី ដែលបាន​ប្រើ​បច្ចេកវិទ្យា Pegasus របស់​ក្រុមហ៊ុន NSO Group យលទៅប្រើដើម្បី​ស៊ើប ឈ្លបយកការណ៍ ​លើអ្នក​នយោបាយ​ប្រឆាំង។ ក្រុងញូដេលី ថ្ងៃទី២០ កក្កដា ២០២១
សកម្មជនឥណ្ឌា ធ្វើបាតុកម្មបរិហារ រិះគន់រដ្ឋាភិបាល​លោក​ណារិន្ទ្រ ម៉ូឌី ដែលបាន​ប្រើ​បច្ចេកវិទ្យា Pegasus របស់​ក្រុមហ៊ុន NSO Group យលទៅប្រើដើម្បី​ស៊ើប ឈ្លបយកការណ៍ ​លើអ្នក​នយោបាយ​ប្រឆាំង។ ក្រុងញូដេលី ថ្ងៃទី២០ កក្កដា ២០២១ AP - Manish Swarup

ដំណឹងស្តីអំពី ​ការស៊ើបឈ្លបយកការណ៍ នៅលើទូរស័ព្ទដៃ ដោយ​ប្រើ​បច្ចេកវិទ្យា Pegasus បានធ្វើឲ្យ​មានការថ្កោលទោសជាខ្លាំង។ អ្នកកាសែត អ្នកនយោបាយ ព្រមទាំងសកម្មជនសិទ្ធិមនុស្សជាច្រើននាក់ បានរងគ្រោះដោយ​អំពើនេះ បង្កឡើងរដ្ឋាភិបាលប្រទេសមួយចំនួន។ លោកស្រីឧត្តមស្នងការ​សិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានលើកឡើងថា វាដល់ពេលហើយ ដែលពិភព​លោកយើង ត្រូវតែមាន​វិធានច្បាប់រួមមួយ ដើម្បីគ្រប់គ្រងការផលិត ការលក់ដូរចែកចាយ​ និងការ​ប្រើប្រាស់បច្ចេកវិទ្យា ស៊ើបឈ្លបយកការរបៀបនេះ។

ផ្សាយពាណិជ្ជកម្ម

លោកស្រី មីឈែល បាឆឡេ ឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានមានប្រតិកម្ម ចំពោះដំណឹងស្តីអំពី​ការយកបច្ចេកវិទ្យា Pegasus ផលិតដោយក្រុមហ៊ុនអ៊ីស្រាអែល NSO Group យកទៅប្រើដើម្បីស៊ើបឈ្លបយកការណ៍ លើអ្នកកាសែត សកម្មជនសិទ្ធិមនុស្ស និងអ្នកនយោបាយ។ លោកស្រីលើកឡើងថា ដំណឹងនេះ​វាបានស្តែងបញ្ជាក់ថា ពិភពលោកយើង ត្រូវការ​ជាចាំបាច់ និង​ជាបន្ទាន់បំផុត នូវ​វិធានច្បាប់រួមមួយ​ ដែលគ្រប់គ្រងការផលិត​ ការលក់ដូរ ចែកចាយ និង​ការបើ​ប្រាស់បច្ចេកវិទ្យាឈ្លបយកការណ៍។

លោកស្រីបន្ថែមថា ដរាបណា គ្មានក្រិត្យក្រមវិធានច្បាប់ ដែល​គោរពសិទ្ធិមនុស្សទេនោះ នោះគឺវា​មានហានិភ័យខ្ពស់ណាស់ ព្រោះ​គេអាចបង្វែរ យកបច្ចេកវិទ្យាទាំងនេះ ទៅប្រើប្រាស់ដើម្បីតាមដាន ​គំរាម សំឡុត ទៅលើអ្នកប្រឆាំងតវ៉ា។ ការប្រើបច្ចេកវិទ្យាតាមដានឈ្លបយកការណ៍បែបនេះ គឺវាបាន​ជំរុញ​ផងដែរ ឲ្យ​កើតជាបរិយាកាសភ័យខ្លាច ពោលគឺអ្នកកាសែត អ្នក​នយោបាយ​ ឬ​សកម្មជនសិទ្ធិមនុស្ស​ នឹងលែងហ៊ាន​សរសេរ ឬនិយាយអ្វី ដែល​ប៉ះពាល់ ដល់រដ្ឋាភិបាល និងក្រុមអ្នក​មានអំណាច។

សូមបញ្ជាក់ថា ដំណឹងស្តីអំពីការប្រើកម្មវិធី​បច្ចេកវិទ្យា Pegasus ដើម្បីឈ្លបយកការណ៍នេះ ត្រូវបាន​ទំលាយឲ្យ​ដឹង ដោយ​អង្គការ Forbidden Stories និង Amnesty International ដោយឆ្លងកាត់​ការ​សហការស៊ើបអង្កេតស៊ីជំរៅ ជាមួយ​បណ្តាញសារព័ត៌មាន​ធំៗ ចំនួន​១៧។ ក្នុង​ចំណោម ​លេខទូរស័ព្ទប្រមាណ​៥ម៉ឺនលេខ ដែលត្រូវគេស៊ើបឈ្លបយកការណ៍ គឺមាន​ អ្នកកាសែត ១៨០នាក់ សកម្មជន​សិទ្ធិមនុស្ស​៨៥នាក់ អ្នកនយោបាយ​៦០០នាក់ និងប្រធានក្រុមហ៊ុន​ ៦៥នាក់ផងដែរ។

យោងតាមការចុះផ្សាយ​របស់បណ្តាញ​សារព័ត៌មាន រដ្ឋាភិបាលប្រទេសមួយចំនួន ដូចជាម៉ារ៉ុក ហុងគ្រី មិកស៊ិក ឥណ្ឌា និងអារ៉ាប៊ីសាអូឌីត ជាដើម បានទិញបច្ចេកវិទ្យានេះមកប្រើ ដើម្បីឈ្លបយកការណ៍ លើអ្នកកាសែតប្រឆាំង អ្នកកាសែតបរទេស អ្នកនយោបាយ​ប្រឆាំង និង​សកម្មជនសិទ្ធិមនុស្ស​ផង។ លោកស្រី Agnès Callamard នាយិកា Amnesty International បានលើកឡើងតាមវិទ្យុ BBC ថា បញ្ហានេះ មិនមែនពាក់ព័ន្ធតែ​ប្រទេសមួយក្តាប់តូច ដែលមិនគោរពសិទ្ធិមនុស្សនោះទេ តែ​វាគឺជាការរំលោភ​ជាន់ឈ្លី មក​លើ​សិទ្ធិសេរីភាព​សារព័ត៌មាន ក្នុង​​ទ្រង់ទ្រាយធំ និង​​ជាលក្ខណៈប្រព័ន្ធ នៅតាមប្រទេសយ៉ាងហោចជាង​២០ប្រទេស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI