បារាំង-បច្ចេកវិទ្យា

Pegasus​:ប្រមុខ​រដ្ឋ​បារាំង​លោក​ម៉ាក្រុង​អាច​ជា​គោល​ដៅ​ដែល​គេ​លួច​ឈ្លប​យក​ការណ៍​តាម​ទូរសព្ទ

ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង។
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង។ AP - Michel Euler

ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល​ ម៉ាក្រុង​ គឺជា​មេដឹកនាំ​ម្នាក់​ក្នុង​ចំណោម​មេដឹកនាំ​ពិភព​លោកជាច្រើនផ្សេង​ទៀត​ដែលគេ​ជឿថា​អាច​ជា​គោលដៅ​នៃ​ការ​តាមដាន​យក​ការណ៍​តាមរយៈ​កម្មវិធី​ប៉េហ្កាហ៊្សូស​ (Pegasus)។ នេះ​បើយោង​តាម​ការ​ផ្សព្វផ្សាយ​របស់​សារ​ព័ត៌មាន​ធំៗ​ជាច្រើន​មានដូចជា​កាសែត​បារាំងឡឺ ម៉ុង (Le Monde)ជាដើម​។ តើ​ប្រធានាធិបតី​បារាំង​លោក ម៉ាក្រុង​ ពិត​ជាគោលដៅ​នៃ​ការ​លួច​ឈ្លប​យក​ការណ៍​តាមរយៈ​កម្មវិធី​​ Pegasus មែនឬ​? ហើយថាតើ​អាជ្ញាធរបារាំង​បាន​ចាត់​វិធានការ​អ្វីខ្លះ​ជុំវិញ​បញ្ហានេះ​?

ផ្សាយពាណិជ្ជកម្ម

តើលោក​ម៉ាក្រុង​ពិតជា​គោលដៅ​នៃ​ការ​តាម​លួច​ឈ្លប​យក​ការណ៍​មែនឬ?

ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល​ ម៉ាក្រុង​គឺជា​ប្រមុខរដ្ឋមូយ​រូប​ក្នុង​ចំណោម​ប្រមុខ រដ្ឋជាច្រើន​ផ្សេងទៀត​ដែលគេជឿថា​ជា​គោលដៅមួយ​សម្រាប់​ការតាម​លប​ឈ្លបយការណ៍​តាមទូរសព្ទ​ដោយប្រើប្រាស់​កម្មវិធីបច្ចេកវិទ្យា​ Pegasus ផលិត​ដោយ​ក្រុម​ហ៊ុន​អ៊ីស្រាអែល​មួយ​ឈ្មោះ NSO​។

ការ​អះអាងខាងលើនេះ​ដោយ​ផ្អែកទៅលើ​ឯកសារ​លេចធ្លាយ​មួយ​ដែល​មាន​ចុះផ្សាយ​នៅលើ​បណ្តាញ​សារព័តមានធំៗ​ជាច្រើន​រួមមាន​កាសែតបារាំង​ Le Monde កាសែត​អង់គ្លេស The Guardian និង​កាសែតអាមេរិក The Washington Post ជាដើម​។ តាមការ​ចុះផ្សាយ​ លោកប្រមុខរដ្ឋ​បារាំង​ស្ថិត​នៅ​ក្នុង​បញ្ជី​លេ​ខ​ទូរសព្ទ​ប្រមាណ ៥ ម៉ឺន​លេខ​ដែល​គេ​កំណត់ថា​អាចជា​គោលដៅ​សម្រាប់កម្មវិធី Pegasus នៅចន្លោះឆ្នាំ​ ២០១៦​ និង​ខែ​មិថុនា​ ឆ្នាំ២០២១នេះ​។

កាសែតបារាំង​  Le Monde បានរាយការណ៍កាលពីថ្ងៃអង្គារ ២០ កក្កដាម្សិលមិញថា​ លេខ​ទូរសព្ទដៃ​របស់​លោកម៉ាក្រុង​និង​មន្ត្រីរដ្ឋាភិបាលបារាំង​ ១៥ នាក់​ផ្សេង​ទៀត​ត្រូវបាន​គេ​កំណត់​ជាគោលដៅនៃការ​តាមឈ្លបយកការណ៍​តាមរយៈ​កម្មវិធី​ Pegasus នៅឆ្នាំ​ ២០១៩​។

ចំណែក​ទូរសព្ទ​​ដៃ​មួយ​ដែលប្រមុខរដ្ឋបារាំង​លោកម៉ាក្រុង​បានប្រើតាំងពីឆ្នាំ​ ២០១៧​ ត្រូវ​គេជឿថា​ជាគោលដៅតាមឈ្លបយកការណ៍​ពីសំណាក់​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ម៉ារ៉ុក​។ លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង​ បានមាន​ប្រសាសន៍ថា​ ប្រសិនណា​បើព័ត៌មាន​ដែល​ទម្លាយ​ដោយសារព័ត៌មាននានា​គឺជាការពិតមែននោះ​ បញ្ហានេះ​ពិតជា​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​មិនថាសម្រាប់បារាំង ឬប្រទេសណានោះទេ​។

ម៉ារ៉ុក​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ថា​បាន​លួច​ស្តាប់​ទូរសព្ទ​លោក​ម៉ាក្រុង

ប្រទេសម៉ារ៉ុក​បានចេញមុខ​យ៉ាងលឿន​ បដិសេធ​ថាខ្លួន​មិនមែនជា​អតិថិជន​របស់​ក្រុមហ៊ុន​អ៊ីស្រាអែល NSOដែលជា​ក្រុមហ៊ុន​ផលិតកម្មវិធី​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា Pegasus នោះទេ​។

កម្មវិធី software​ ដែល​គេស្គាល់ឈ្មោះថា​ Pegasus នេះ​អាច​ធ្វើឲ្យ​មេរោគឆ្លង​ចូល​ទៅក្នុង​ទូរសព្ទ​ដៃ​ ហើយ​បន្ទាប់មកទៀត​វា​អនុញ្ញាតឲ្យ​ប្រតិបត្តិករ​អាច​តាមដាន​គោលដៅ​របស់​ពួកគេ​បាន​ តាមរយៈការ​លួច​ចូលទៅទាញ​យកសារ ​រូបភាព ​អ៊ីម៉ែល​ កំណត់ត្រា​ផ្សេងៗ​ និង​អាចធ្វើការ​បញ្ជាជាសម្ងាត់​ពីចម្ងាយ​ឲ្យ​ទូរសព្ទ​ថតសំឡេង​ និង​បើក​កាម៉េរ៉ា​ថត​រូបភាព​បានទៀតផង​។

ប្រទេសម៉ារ៉ុក​ បាន​បដិសេធដាច់​អហង្ការ​តែម្តង​ចំពោះ​រាល់​ពាក្យចោទប្រកាន់ថា​ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​ចារកម្ម​។ ជាក់ស្តែង​ ប្រទេសម៉ារ៉ុក​បានចេញ​សេចក្តីថ្លែង​ការណ៍​ជាផ្លូវការ​មួយដោយច្រាន​ចោលនូវអ្វីដែលម៉ារ៉ុកហៅថា​ជាការចោទប្រកាន់​គ្មានមូលដ្ឋាន​និងមិនពិត​។

រដ្ឋាភិបាលម៉ារ៉ុក​បានគូសបញ្ជាក់ទៀតថា​ខ្លួនមិនដែលបាន​ទិញកម្មវិធី​ Pegasus ដើម្បី​អាច​តាម​ដាន ​ចូល​លួច​ស្តាប់​និង​ទាញយក​ទិន្នន័យ​ក្នុងទូរសព្ទដៃ​ឡើយ​។

នៅត្រង់ចំណុចនេះ​គួរគូសបញ្ជាក់ជូនថា​ មាន​ឈ្មោះ​ឬ​លេខ​ទូរសព្ទ​នៅក្នុង​បញ្ជី​ដែល​លេចធ្លាយ​មិនមែន​មាន​ន័យថា​កម្មវិធី Pegasus ត្រូវបានគេប្រើរួចហើយ​ដើម្បី​តាម​ដាន​ឈ្លប​យការណ៍​នោះទេ​ ប៉ុន្តែវាមានន័យថា​បុគ្គល​នោះ​អាចជា​គោលដៅ​ក្នុងការ​តាមដាន និង​ឈ្លប​យក​ការណ៍​។

ដោយឡែក​រហូតមកទល់នឹងពេលនេះ​ គេនៅមិន​ទាន់ដឹង​ច្បាស់នៅឡើយនោះទេ​ តើថា​កម្មវិធី​ Pegasus ត្រូវបាន​គេដំឡើង​រួចហើយនៅលើ​ទូរសព្ទរបស់​លោ​ក​ប្រធានាធិបតីបារាំង​ឬ​ក៏​អត់​។

ប្រទេស​បារាំង​បើកការ​ស៊ើប​អង្កេតជុំវិញ​ករណី​លួចយកការណ៍​តាម​ Pegasus

ក្រោយ​មាន​ព័ត៌មាន​លេចធ្លាយ​ស្តីអំពី​លទ្ធភាពនៃ​ការ​ចូល​ឈ្លប​យក​ការណ៍លើ​ទូរសព្ទដៃ​របស់​លោក​ប្រធានាធិបតី​ម៉ាក្រុង​ មន្ត្រីរដ្ឋាភិបាលបារាំង​ ព្រមទាំង​អ្នក​សារព័ត៌មាន​បារាំង​ជាច្រើនរូបទៀត​ ការិយាល័យ​រដ្ឋ​អាជ្ញាក្រុង​ប៉ារីស​ បាន​បើក​ការ​ស៊ើបអង្កេត​មួយ​ភ្លាម​កាលពី​ថ្ងៃអង្គារ​ម្សិលមិញ​។

រដ្ឋអាជ្ញាក្រុងប៉ារីស​បាន​និយាយថា​ពួកគេកំពុងពិនិត្យមើលលើការ​ចោទប្រកាន់ផ្សេងៗគ្នា​រួមមានទាំង​ការរំលោភសិទ្ធិឯកជន​ ការ​ប្រើប្រាស់ទិន្នន័យខុសច្បាប់​ និងការ​លក់កម្មវិធី​តាមដាន​ឈ្លបយកការណ៍​ខុសច្បាប់​។

យ៉ាងណាក៏ដោយ​ ការស៊ើបអង្កេតរបស់​រដ្ឋអាជ្ញាបារាំង​នេះ​មិនបាន​បង្ហាញ​ឈ្មោះជន​ល្មើស​ដែលគេ​បានសង្ស័យនោះទេ​។ ក៏ប៉ុន្តែការស៊ើបអង្កេតនេះ​មានគោលបំណង​សំខាន់​ដើម្បី​កំណត់ថាតើ​អ្នកណា​គួរតែ​ទទួលខុស​ត្រូវ​ និង​អាច​ត្រូវគេ​បញ្ជូនទៅ​អង្គជំនុំជម្រះបាន​។

ប្រតិកម្មរបស់ក្រុមហ៊ុន​បច្ចេកវិទ្យា​អ៊ីស្រាអែល​NSO

ក្រុមហ៊ុន​បច្ចេកវិទ្យា​អ៊ីស្រាអែល​ NSO បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​នោះ​ទេ​ និងបាន​បកស្រាយប្រាប់ថា​កម្មវិធី Pegasusត្រូវ​បាន​ផលិត​ឡើង​ដើម្បី​លក់​ទៅឲ្យ​ភ្នាក់ងារស៊ើបការណ៍​សម្ងាត់​ ស្ថាប័នយោធា​ និង​ស្ថាប័ន​អនុវត្ត​ច្បាប់​នានា​ដែល​មាន​កំណត់ត្រា​សិទ្ធិ​មនុស្ស​ល្អ​ ក្នុងគោលដៅ​ប្រយុទ្ធ​ប្រឆាំងទល់នឹង​អពើភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​។

នៅចុងបញ្ចប់នេះ គួររំឭកឡើងវិញដែរថា​ការស៊ើបអង្កេត​ស្តីអំពី​ការលួច​ឈ្លប​យក​ការណ៍​តាម​ទូរសព្ទដោយប្រើ​កម្មវីធី Pegasus​ ត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យដោយ​ប្រព័ន្ធផ្សព្វផ្សាយ​ធំៗចំនួន ១៧​។ ការ​ស៊ើបអង្កេតនេះ​ ដឹកនាំដោយ​ក្រុមវេទិកា​ឯករាជ្យ​មួយ​ឈ្មោះ Forbidden Stories​ ដែលជា​ក្រុមអ្នក​សារព័ត៌មាន​មិនរក​ប្រាក់​ចំណេញមាន​មូលដ្ឋាន​នៅទីក្រុងប៉ារីស​។

យោងតោមការ​ស៊ើបអង្កេតរបស់ស្ថាប័នសារព័ត៌មានធំៗទាំងនោះ​ គេជឿថា​កម្មវិធី​ Pegasus ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​អ៊ីស្រាអែលឈ្មោះ NSO​ ត្រូវ​បានគេ​ប្រើប្រាស់​ដើម្បី​ចូល​តាម​ដាន​ឈ្លបយកការណ៍​លើ​ទូរសព្ទ​របស់​អ្នកកាសែត​ មន្ត្រី​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ជាច្រើន​ និង​សកម្មជន​សិទ្ធិមនុស្ស​។

មាន​មន្ត្រីរដ្ឋាភិបាលនិង​អ្នកនយោបាយជាង​ ៦០០ នាក់មកពី ៣៤ ប្រទេសដែល​មាន​ឈ្មោះក្នុងបញ្ជី​ខាងលើ​។ ក្រៅពី​លោកប្រមុខរដ្ឋបារាំងម៉ាក្រុង​ មេដឹកនាំផ្សេងទៀត​ដែល​មាន​ឈ្មោះ​ក្នុងបញ្ជី​និងដែល​គេជឿ​អាច​ជាគោលដៅ​តាមដាន​រួមមាន​ជាអាទិ៍​នាយករដ្ឋ​មន្ត្រី​ប៉ាគីស្ថាន​លោកអ៊ីមរ៉ាន ខាន់​ ប្រធានាធិបតី​អាហ្វ្រិកខាងត្បូង​លោក ស៊ីរីល​ រ៉ាម៉ាហ្វូហ្សា​ និង​លោក បារ៉ាំ សាលី​ ប្រធានាធិបតី​នៃប្រទេស​អ៊ីរ៉ាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI