បារាំង-ប៉ាស៊ីហ្វិក

បារាំង៖ លោកម៉ាក្រុង​ ទៅដល់​​​ដែន​កោះ​នាយ​សមុទ្រ​​របស់បារាំង តំបន់​ប៉ូលីណេស៊ី ​ជា​លើក​ទី​មួយ

លោក​ម៉ាក្រុង ត្រូវបានទទួល​ស្វាគមន៍ដោយ​កម្រងផ្កា ជាប្រពៃណីរបស់​ប្រជាជន​តំបន់ប៉ូលីណេស៊ី ពេលទៅដល់​ព្រលានយន្តហោះ កោះតាហ៊ីទី ថ្ងៃទី ២៤ កក្កដា ២០២១
លោក​ម៉ាក្រុង ត្រូវបានទទួល​ស្វាគមន៍ដោយ​កម្រងផ្កា ជាប្រពៃណីរបស់​ប្រជាជន​តំបន់ប៉ូលីណេស៊ី ពេលទៅដល់​ព្រលានយន្តហោះ កោះតាហ៊ីទី ថ្ងៃទី ២៤ កក្កដា ២០២១ AFP - LUDOVIC MARIN

លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានទៅដល់​កោះតាហ៊ីទី ដែលស្ថិតនៅក្នុងប្រជុំកោះប៉ូលីណេស៊ី របស់បារាំង ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ នៅក្នុងដំណើរទស្សនកិច្ចជាលើកទីមួយនេះ លោកម៉ាក្រុង បាន​លើកឡើងអំពីសារៈសំខាន់ នៃយុទ្ធនាការចាក់វ៉ាក់សាំង បង្ការកូវីដ​១៩។ ដោយឡែក ប្រជាជន​តំបន់ប៉ូលីណេស៊ី រងចាំស្តាប់ជាខ្លាំង នូវគោលជំហររបស់​លោក​ប្រធានាធិបតី​បារាំង ទាក់ទិន​នឹង​ សំណុំរឿងប៉ះប៉ូវសងជំងឺចិត្ត ចំពោះផលវិបាក​កើតឡើង ដោយការ​​សាកគ្រាប់បែកនុយក្លេអ៊ែររបស់បារាំង នៅតំបន់នេះ។

ផ្សាយពាណិជ្ជកម្ម

លោក​ម៉ាក្រុង បានចាប់ផ្តើមទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅតំបន់​ប្រជុំកោះប៉ូលីណេស៊ីបារាំង ដោយ​បាន​ធ្វើដំណើរទៅកាន់មន្ទីរពេទ្យ នៅលើកោះតាហ៊ីទី។ ក្រៅពីបាន​ថ្លែងអរគុណ ចំពោះការប្រឹងប្រែង​របស់​ក្រុមគ្រូពេទ្យ ក្នុងការ​ជួយព្យាបាល​អ្នកជំងឺកូវីដ១៩ នាពេលកន្លងមកនេះ លោក​ម៉ាក្រុង បាន​លើកឡើងផងដែរ អំពីសារៈសំខាន់ ក្នុងការចាក់វ៉ាក់សាំងបង្ការ ដើម្បីងើបចេញពីវិបត្តិជំងឺឆ្លងនេះ។

សូមបញ្ជាក់ថា រដ្ឋបារាំង បាន​បញ្ជូន​វ៉ាក់សាំងបង្ការកូវីដ​១៩​ ចំនួន​ប្រមាណ ២២៤០០០ដូស ទៅកាន់​តំបន់ប៉ូលីណេស៊ី។ ក៏ប៉ុន្តែយោងតាម​តួលេខផ្លូវការ គឺមាន​ប្រជាជន​ប្រមាណ​តែ ៨៣២១០នាក់ តែប៉ុណ្ណោះ ដែលបាន​ចាក់វ៉ាក់សាំង បានចំនួន​យ៉ាងហោចមួយដូស គិតត្រឹមថ្ងៃទី​២៣​កក្កដា។ គេសង្ឃឹមថា​​ វត្តមាន និងសម្តី​របស់​លោក​ប្រធានាធិបតីបារាំង អាចនឹងជំរុញប្រជាជន​ប៉ូលីណេស៊ី ដែលនៅរារែក មិនទុកចិត្តវ៉ាក់សាំង ឲ្យ​ពួកគេប្តូរចិត្ត។

ដោយឡែក សំណុំរឿងដ៏សំខាន់មួយទៀត ដែល​ប្រជាជន​តំបន់ប៉ូលីណេស៊ី រំពឹងរងចាំស្តាប់បំផុតនោះ គឺទាក់ទិននឹងការទទួលខុសត្រូវ របស់រដ្ឋបារាំង ស្តីអំពី​ផល​វិបាល​ បណ្តាល​មក​ពី ការ​សាកល្បង​គ្រាប់នុយ​ក្លេអ៊ែរ របស់បារាំង នៅក្នុងតំបន់នេះ ចន្លោះពីឆ្នាំ​១៩៦៦ ដល់ ឆ្នាំ​១៩៩៦។ សកម្មជននិងសមាគមការពារជនរងគ្រោះ បាន​ត្រៀមធ្វើ​បាតុកម្មផងដែរ ដើម្បី​ស្វាគមន៍​លោក​ប្រធានាធិបតីម៉ាក្រុង នៅកោះតាហ៊ីទី។

យោងតាម​តួលេខ នៃ​បេឡាសន្តិសុខសង្គមតំបន់ប៉ូលីណេស៊ី គឺស្ត្រីប៉ូលីណេស៊ី អាយុចន្លោះពី ៤០ឆ្នាំ ទៅ៥០ឆ្នាំ មានកម្រិតជំងឺមហារីក thyroïde ឬហៅថាមហារីកបំពង់ក ខ្ពស់ជាងគេ​បង្អស់ ក្នុងពិភពលោក។ ជំងឺនេះ គឺបណ្តាលមកពី​ធាតុវិទ្យុសកម្ម រសាត់ចេញពីការសាកគ្រាប់នុយក្លេអ៊ែរ​។​ លោក Patrick Galenon អតីតប្រធានក្រុម​ប្រឹក្សាភិបាល នៃបេឡាសន្តិសុខសង្គម តំបន់ប៉ូលីណេស៊ី បានលើកឡើងថា គិតពី​ឆ្នាំ​១៩៨៥មក ស្ថាប័ននេះបាន​ចំណាយ​ប្រាក់ចំនួន ៦៧០លាន​អឺរ៉ូ ទៅលើការព្យាបាលជំងឺ ដែលបណ្តាល​មកពី​ធាតុវិទ្យុសកម្ម។ លោក​បន្ថែមថា រដ្ឋបារាំងត្រូវតែសងប្រាក់នេះ មកឲ្យ​តំបន់ប៉ូលីណេស៊ី។

យ៉ាងណាមិញ លោករដ្ឋមន្ត្រី​សុខាភិបាលបារាំង បាន​លើកឡើងកាលពី​ដើមខែនេះថា ​ការទាមទារឲ្យ​រដ្ឋបារាំង សងជំងឺចិត្តដល់ជនរងគ្រោះដោយ​ធាតុវិទ្យុសកម្ម នៅតំបន់ប៉ូលីណេស៊ី គឺជាការទាមទារ​ដែលសមហេតុផល ព្រោះវាជាការទទួលខុសត្រូវរបស់រដ្ឋបារាំង។ លោករដ្ឋមន្ត្រីបារាំង បានអះអាងផងដែរថា រដ្ឋបារាំងនឹងបន្ថែម​ការប្រឹងប្រែង ជួយវិស័យសុខាភិបាលតំបន់ប៉ូលីណេស៊ី ទាំងផ្នែក​ស្រាវជ្រាវ និង​បណ្តុះបណ្តាល​ពេទ្យជំនាញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI